មន្រ្តីជំនាញកាំកុងត្រូលខេត្តប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័តលើកដំបូងត្រួតពិនិត្យគុណភាពម្ហូបអាហារនៅក្នុងផ្សារពីររកឃើញសរសៃមីលឿងនិងសរសៃបាញ់កាញ់មានផ្ទុកសារធាតុគីមីសរុប៥គីឡួក្រាមកន្លះ

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យដឹកនាំដោយលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត បានដឹកនាំមន្រ្តីជំនាញក្រោមឱវាទ និងប្រើបាស់រថយន្តមន្ទីរពិសោធន៍ចល័តលើកដំបូង នៅខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យសុវត្ថិភាពគុណភាព ម្ហូបអាហារ ក្នុងការធានាឱ្យបាននូវការទិញទំនិញម្ហូបអាហាររបស់ប្រជាពលរដ្ឋយកទៅទទួលទាន ប្រកបដោយសុវត្ថិភាព ខ្ពស់ ។ ការប្រើប្ររថយន្តមន្ទីរពិសោធន៍ចល័តមន្រ្តីជំនាញ បានចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារនៅក្នុងផ្សារចំនួន២ គឺផ្សារត្រីស្ថិតនៅក្រុងប៉ោយប៉ែត និងផ្សារសិរីសោភ័ណ ក្រុងសិរីសោភ័ណ មន្រ្តីជំនាញ ធ្វើតេស្ថពិនិត្យទៅលើបន្លែ ផ្លែឈើ ត្រី សាច់ ផ្អក ប្រហុក ត្រី ងៀត ស្ពៃជ្រួក គ្រឿងសមុទ្រ សរសៃគុយទាវ ប្រេងឆា សរុបចំនួនជាង៥០គំរូ ចំណាយពេលវេលាជាច្រើនម៉ោងចាប់ផ្តើមពីព្រឹករហូតដល់ រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងនោះមន្រ្តីជំនាញ រកឃើញទំនិញម្ហូបអាហារ២គំរូគឺ សរសៃមី ពណ៌លឿង ផលិតផលក្នុងស្រុក និងសរសៃបាញ់កាញ់ សរបុចំនួន៥គីឡូក្រាម កន្លះ រកឃើញមានផ្ទុកសារធាតុគីមីបូរ៉ាក់ បង្កឱ្យប៉ះពាល់សុខភាព អ្នកទិញទទួលទាន ដែលអាជីវករដាក់លក់នៅក្នុងផ្សារសិរីសោភ័ណ។ចំណែកមុខទំនិញម្ហូបអាហារមួយចំនួនទៀតរកឃើញថាគ្មានផ្ទុកសារធាតុគីមីអ្វីនោះឡើយ។សរសៃមីពណ៌លឿង និងសរសៃបាញ់កាញ់ ក្រោយពីមន្រ្តីជំនាញរកឃើញមានការផលិតផ្សំសារធាតុគីមី មន្រ្តីជំនាញបានដកហូតយកមករក្សាទុក និងរងចាំទុកដុតកំទេចចោល។

​លោក សៀន ស៊ីណាត ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យបា្រប់ឱ្យដឹងថា នៅខេត្តបន្ទាយមានជ័យជាលើកដំបូងហើយដែលក្រសួងពាណិជ្ជកម្មបានផ្តល់រថយន្តមន្ទីរចល័ត ក្នុងការប្រើប្រាស់ត្រួតពិនិត្យគុណភាពទំនិញម្ហូបអាហាររកសារធាតុគីមីនៅក្នុងម្ហូបអាហារ និងបន្លែផ្លែឈើ ដែលជាភាពងាយស្រួលដល់មន្ត្រីជំនាញធ្វើតេស្ថត្រួតពិនិត្យជាក់ស្តែងនៅនិងកន្លែង ហើយរកឃើញលទ្ធផលភ្លាមតែម្តង។

​លោកបា្រប់ឱ្យដឹងទៀតថា ចំពោះករណីដែលមន្រ្តីជំនាញ ធ្វើតេស្ថរកឃើញសារធាតុគីមីនៅក្នុងសរសៃមីពណ៌លឿង និងសរសៃបាញ់កាញ់សរុប៥គីឡូក្រាមកន្លះ តាមការចង្អុលបង្ហាញពីអ្នកលក់សរសៃគុយទាវ និងសរសៃបាញ់កាញ់នោះ មន្រ្តីជំនាញក៏ចុះ មកត្រួតពិនិត្យសិប្បកម្មផលិតសរសៃគុយទាវ មួយកន្លែងស្ថិតនៅជិតផ្សារចំការគ ហៅផ្សារថ្មី ប៉ុន្តែនៅពេលនោះ មន្រ្តីជំនាញពិនិត្យធ្វើតេស្ថរកឃើញសិប្បកម្មនោះផលិតសរសៃគុយទាវ គ្មានផ្ទុកសារធាតុគីមីនោះទេ។

​លោកបានប្រាប់ឱ្យដឹងទៀតថា អ្នកផលិតសរសៃមីពណ៌លឿង និងសរសៃបាញ់កាញ់ ផ្ទុកសារធាតុគីមី គឺគ្មានទីតាំងនិងយីហាច្បាស់លាស់ មន្រ្តីជំនាញកំពុងតែចាត់វិធានការ តាមស្វែងរកទីតាំងដែលផលិតសរសៃមីលឿង និងសរសៃបាញ់កាញ់ នោះ ដើម្បីមានវិធានការចំពោះម្ចាស់អ្នកផលិតនោះតែម្តង។

​សូមរំលឹកថា ខេត្តបន្ទាយមានជ័យ កន្លងមកមន្រ្តីជនាញកាំកុងត្រូល បានធ្វើការត្រួតពិនិត្យរកឃើញសារធាតុគីមីមួយចំនួនត្រូវបានគេប្រើប្រាស់ផលិតដាក់ក្នុងសរសៃគុយទាវ ដែលអាជីវករទិញដាក់លក់នៅលើទីផ្សារ ។ សិប្បកម្មផលិតសរសៃគុយទាវដែលមន្រ្តីជំនាញរកឃើញថាផលិតលាយផ្សំផ្ទុកសារធាតុគីមី រងការបង្រ្កាប និងចាប់ខ្លួនម្ចាស់សិប្បកម្មយកទៅផ្តន្ទាទោសតាម ផ្លូវច្បាប់រួចហើយផងដែរ។ ចំណែកអ្នកលក់សរសៃគុយទាវមាផ្ទុកសារធាតុគីមីនៅលើទីផ្សារ មន្រ្តីជំនាញគ្រាន់តែធ្វើការអប់រំប៉ុណ្ណោះ៕ ពាយព្យ

Loading...