មន្រ្តីជំនាញចុះពិនិត្យហាងលក់ស្រាថ្នាំយីហោ «តាំងកួយ» នៅក្រុងប៉ោយប៉ែត ក្រោយមានមនុស្សពុលស្លាប់ និងរឹបអូសបានស្រា៣៩៩៩ដប

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត, វរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត, លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទ និងកម្លាំងសមត្ថកិច្ច បានចុះពិនិត្យហាងលក់ស្រាថ្នាំយីហោ «តាំងកួយ» ក្រោយមានមនុស្សពុលស្លាប់ ព្រមទាំងបានរឹបអូសបានស្រា ៣៩៩៩ដប។

អាជ្ញាធរ និងមន្រ្តីជំនាញ បានចុះផ្សព្វផ្សាយអប់រំ និងទប់ស្កាត់ចរាចរ ព្រមទាំងស្នើសុំដល់បងប្អូនអាជីវករបញ្ឈប់ការលក់ស្រាថ្នាំចិនសែ «តាំងគួយ» និងប្រភេទស្រាស្រដៀងគ្នា ដល់អតិថិជនជាបណ្តោះអាសន្ន ក្នុងផ្សារត្រី ផ្សារថ្មី ក្រុងប៉ោយប៉ែត និងតាមដេប៉ូលក់ស្រាជុំវិញផ្សារ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជាមូលហេតុបណ្ដាលឲ្យអាជ្ញាធរ ហាមឃាត់ ដោយស្រាប្រភេទនេះបានបំពុលមនុស្សចំនួន៧នាក់ ក្នុងស្រុកមង្គលបូរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អាជ្ញាធរសង្កាត់ប៉ោយប៉ែត បានអំពាវនាវដល់បងប្អូនអាជីវករ ចូលរួមសហការជាមួយអាជ្ញាធរ បញ្ឈប់ការលក់យីហោស្រាប្រភេទខាងលើជាបណ្តោះអាសន្ន និងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ទទួលទានស្រាប្រភេទនេះ ត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតខ្លួន និងក្រុមគ្រួសារ ដោយរង់ចាំមន្ត្រីជំនាញ ក្រសួង និងស្ថានប័នធ្វើការពិសោធន៍ ឲ្យបានត្រឹមត្រូវសិន មុននឹងលក់ឬទិញយកទៅពិសា។

សូមបញ្ជាក់ថា ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។ ក្រោយពីការចុះពិនិត្យមន្ត្រីជំនាញរឹបអូស បានស្រាចិនសែសរុបចំនួន៣៩៩៩ដបស្មើ១៩៩៩៥លីត្រ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រសួងសុខាភិបាល បានដាស់តឿនជាថ្មីដល់ប្រជាពលរដ្ឋនិយមផឹកស្រា ត្រូវប្រុងប្រយ័ត្នក្នុងការជាវស្រាមកពិសារ ហើយត្រូវជាវស្រាសមានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញ និងពិសារក្នុងកម្រិតតិចបំផុត។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ស្នើស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានមេត្តាពង្រឹងការត្រួតពិនិត្យសិប្បកម្ម និងទីតាំងផលិតស្រា ។ ជាពិសេសលប់បំបាត់ទីតាំងផលិតស្រា ដែលមិនមានច្បាប់អនុញ្ញាត ពីស្ថាប័នជំនាញ។ ដើម្បីរួមចំណែកទប់ស្កាត់ការពុលស្រានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអះអាងថា ក្រសួងសុខាភិបាល បានប្រឹងប្រែងសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីហានិភ័យ ដែលបណ្តាលមកពីការទទួលទានស្រា។

ករណីពុលស្រានាពេលកន្លងទៅ ត្រូវបានមន្ត្រីជំនាញអះអាងថា បណ្តាលមកពីការបិទស្រានោះប្រើសារធាតុមេតាណុលខ្ពស់៕

Loading...