មន្រ្តីនគរបាលសេដ្ឋកិច្ច ឈ្មោះ យឹម សុជាតិ ត្រូវប្រជាពលរដ្ឋចោទប្រកាន់ថា ប្រព្រឹត្តបទល្មើស

លោក យឹម សុជាតិ អតីតអធិការនគរបាលខណ្ឌដង្កោ បច្ចុប្បន្នជានាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញត្រូវបានឈ្មួញប្រកបអាជីវកម្មនៅរាជធានីភ្នំពេញចោទប្រកាន់ថា បានគាបសង្កត់ពួកគាត់យកលុយខុសគោលការណ៍ច្បាប់ ដែលនោះគឺជារូបភាពបទល្មើសសេដ្ឋកិច្ច។

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ ត្រូវបានឈ្មួញចោទប្រកាន់ថា នៅតែធ្វើសកម្មភាពយ៉ាងគឃ្លើនក្នុងការកោសរូសឲ្យក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញ ទាំងតូចទាំងធំ បង់លុយ ដោយគ្មានការយោគយល់អ្វីទាំងអស់។ ក្រុមឈ្មួញបានបញ្ជាក់ថា ខណៈការធ្វើជំនួញកំពុងទទួលបានប្រាក់ចំណេញតិចផងនោះ តែបែរជាមន្រ្តីនគរបាលមកគាបយកលុយឆៅៗបន្ថែមទៀតទៅវិញ។

បច្ចុប្បន្នមន្រ្តីនគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញ និងមន្រ្តីគយ ត្រូវបានក្រុមឈ្មួញចោទប្រកាន់ជារឿយៗពាក់ព័ន្ធនឹងករណីគាបយកលុយពីក្រុមឈ្មួញ ហើយមានមន្រ្តីមួយចំនួនសល់ប្រាប់រាប់សែនដុល្លារទិញផ្ទះនៅក្នុងបុរី។ ប្រភពដដែលបានបញ្ជាក់ថា មន្រ្តីជំនាញគ្មានការយោគយល់អ្វីឡើយ គឺពួកគេគិតតែរឿងប្រាក់ប៉ុណ្ណោះ ពោលទាំងទំនិញស្របច្បាប់ និងទំនិញខុសច្បាប់ឲ្យតែគាបយកលុយបានគឹយកហើយ។

ក្រុមឈ្មួញបានរិះគន់ថា បច្ចុប្បន្ននៅរាជធានីភ្នំពេញមានបទល្មើសសេដ្ឋកិច្ចច្រើនករណីណាស់ ហើយក៏មានឈ្មួញច្រើនបក្ខច្រើនពួកផងដែរ តែបញ្ហានៅត្រង់ថាឈ្មួញមួយចំនួនដែលមានខ្នងធំៗមន្រ្តីជំនាញមិនហ៊ានប៉ះពាល់ឡើយ តែបើឈ្មួញអត់ខ្នងត្រូវគេចាប់គ្មានការយោគយល់ឡើយ លើកលែងតែបានបង់ថ្លៃទឹកតែប៉ុណ្ណោះ។

លោក យឹម សុជាតិ អតីតអធិការនគរបាលខណ្ឌដង្កោ បច្ចុប្បន្នជានាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ ត្រូវបានក្រុមឈ្មួញបង្ហើបថា ជាមន្រ្តីខិលខូចពុករលួយមួយក្រុម ព្រោះនៅរាជធានីភ្នំពេញមានមន្រ្តីជំនាញច្រើនទៀតដែលប្រព្រឹត្តបទល្មើសសេដ្ឋកិច្ច ហើយមានមន្រ្តីខ្លះមិនមែនប្រមូលលុយពីឈ្មួញធ្វើមានបានតែម្នាក់ឯងនោះទេ គឺបានចែកភាគរយជាមួយបក្ខពួក និងថ្នាក់លើខ្លួនផងដែរ៕

Loading...