មន្រ្តីអភិរក្សសត្វព្រៃលែងសត្វពស់ថ្លាន់១ក្បាល និងអណ្ដើក១ក្បាល ឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ

ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃសុក្រ ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារអនុវត្តច្បាប់ចល័ត នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមគាំទ្រពីគម្រោងរបស់អង្គការ WWF ក្រុមការងារបានលែងសត្វពស់ថ្លាន់១ក្បាល និងសត្វអណ្ដើក១ក្បាល ឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃស្រែពក។

សូមជម្រាបជូនថា សត្វពស់ថ្លាន់១ក្បាលខាងលើនេះត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ចាប់ប្រគល់និងសំណូមពរឲ្យមន្រ្តីបរិស្ថានយកទៅលែងក្នុងព្រៃធម្មជាតិក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។ ចំណែកសត្វអណ្ដើក១ក្បាល ត្រូវបានក្រុមការងារអភិរក្សសត្វព្រៃជួយសង្រ្គោះ និងដកហូតបានពីអាជីវករក្នុងផ្សារសែនមនោរម្យ រួចបានយកទៅលែងនៅក្នុងដែនជម្រកសត្វព្រៃស្រែពក។

ការជួញដូរសត្វព្រៃគ្រប់ប្រភេទ ជាទង្វើប្រាសចាកពីច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ, ច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិដែលកំពុងគ្រោះថ្នាក់ (CITED) ៕

 

Loading...