មន្រ្តីអភិរក្សសត្វព្រៃខេត្តមណ្ឌលគិរីទទួលយកសត្វត្រដក់២ក្បាលពីប្រជាពលរដ្ឋនៅកោះម្យើល

ខេត្តមណ្ឌលគិរី ៖ សត្វត្រដក់ចំនួន២ក្បាល ដែលត្រូវបានប្រជាពលរដ្ឋនៅភូមិកោះម្យើល ប្រគល់មកឲ្យមន្រ្តីជំនាញអភិរក្សសត្វព្រៃរបស់ក្រុមការងារបង្រ្កាបបទល្មើសសត្វព្រៃចល័ត នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីស្នងការដ្ឋាននគរបាលខេត្ត និងអង្គការ WWF ជាក្រុមការងារដើម្បីយកទៅលែងក្នុងព្រៃធម្មជាតិវិញ។

ការទទួលយកសត្វត្រដក់២ក្បាលពីប្រជាពលរដ្ឋខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចលំនៅឋានមួយកន្លែង ឋិតក្នុងភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី បន្ទាប់ពីប្រជាពលរដ្ឋចិញ្ចឹម និងផ្ដល់អាហារដោយពុំដូចគ្នានឹងលក្ខណៈវដ្តជីវិតដែលសត្វស្លាបដ៏កម្រប្រភេទនេះរស់នៅក្នុងព្រៃធម្មជាតិឡើយ។

សត្វត្រដក់ទាំង២ក្បាល ដែលឋិតក្នុងសភាពញ័រៗហាក់ខ្សោយកម្លាំងត្រូវបានមន្រ្តីជំនាញអភិរក្សសត្វព្រៃទទួលយកទៅថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់ ហើយរង់ចាំមានសុខភាពល្អប្រសើរ ទើបក្រុមការងារយកសត្វត្រដក់ទាំង២ក្បាលនេះទៅលែងក្នុងព្រៃធម្មជាតិវិញ។

គួររម្លឹកជូនថា សត្វត្រដក់ធំ គឺជាប្រភេទសត្វស្លាបដែលជិតផុតពូជ កំណត់ដោយប្រកាសស្ដីពីចំណាត់ថ្នាក់ប្រភេទសត្វព្រៃ ហើយសត្វ​ស្លាប​ប្រភេទ​នេះក៏ស្ថិត​ក្នុង​បញ្ជី​របស់អង្គការ IUCN ដែលជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សកល​លោកផងដែរ។

មន្រ្តីជំនាញសូមអំពាវនាវ​ដល់ប្រជាសហគមន៍ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុង និងនៅក្បែរតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី សូម​បន្ត​កិច្ចសហការនិងគាំទ្រ​ដល់​សកម្មភាព​អភិរក្ស​ ដើម្បី​ការពារ​សត្វ​ស្លាប​សំខាន់ៗ​និង​កម្រៗ ព្រមទាំង​ជម្រក​ពួក​វា​កុំ​ឲ្យ​បាត់​ប​ង់៕

Loading...