មន្រ្តីឧទ្យានុរក្សបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីដាក់អន្ទាក់ចាប់សត្វព្រៃខុសច្បាប់

ខេត្តមណ្ឌលគិរី ៖ នៅល្ងាចថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តមណ្ឌលគិរី ពាក់ព័ន្ធករណីដាក់អន្ទាក់ចាប់សត្វព្រៃ តាមបញ្ញត្តិមាត្រា៦១ និងមាត្រា៥៦ បទល្មើសធនធានធម្មជាតិថ្នាក់ទី៣ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

ជនសង្ស័យឈ្មោះសៀង សារឿន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអរបួនលើ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ចាប់ឃាត់ខ្លួនបានកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចដៃអូរជីមៀត ស្ថិតក្នុងភូមិអរបួនលើ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃស្រែពក ដោយដកហូតបានអន្ទាក់ខ្សែកាបចំនួន៣៧ខ្សែ និងម៉ូតូម៉ាកវ៉េវពណ៌ខ្មៅចំនួន១គ្រឿងកំពុងធ្វើសកម្មភាពដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់។

បច្ចុប្បន្នវត្ថុតាងម៉ូតូនិងអន្ទាក់ខ្សែ ត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការដែនជម្រកសត្វព្រៃស្រែពក។ ចំណែកជនសង្ស័យខាងលើត្រូវបានមន្រ្តីឧទ្យានុរក្ស កសាងសំណុំរឿងបទល្មើសធនធានធម្មជាតិបញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការបន្តតាមនីតិវិធី៕

 

Loading...