មហាវិថីថ្មី១ខ្សែទទឹង៣០ម៉ែត្រ និងបណ្តោ ជាង៥គីឡូម៉ែត្រ នឹងបើកការដ្ឋាស្ថាបនាដើមសប្តាហ៍នេះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបើកការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែដែលមានទទឹង៣០ម៉ែត្រ និងបណ្តោយផ្លូវជាង៥គីឡូម៉ែត្រដោយចាប់ពីផ្លូវលេខ១០០៣ ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ ស្របប្រឡាយមេខាងជើង រាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅខណ្ឌព្រែកព្នៅ ។ នេះបើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការ របស់មន្ទីរសាធារណៈការនិងដឹកជញ្ជូន រាជធានីភ្នំពេញ បង្ហោះនាព្រឹកថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២០នេះ ។

បើតាមប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញមានគម្រោង នឹងបើកការដ្ឋានស្ថាបនា មហាវិថីមួយខ្សែនេះ នៅដើមសប្តាហ៍ក្រោយ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោកប្រធានមន្ទីរបន្តថា មហាវិថីនេះមានប្រវែង ៥,៨៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាល២ម៉ែត្រ ផ្លូវ១២ម៉ែត្រសងខាង ដែលអាចអោយរថយន្តធ្វើចរាចរណ៍ បាន៣គន្លងទៅ ៣គន្លងមក មាន១គន្លងទៅមក សម្រាប់ម៉ូតូ មានចិញ្ចើមផ្លូវសងខាង២ម៉ែត្រសម្រាប់អ្នកថ្មើជើង ជាមួយនឹងការដាក់លូសងខាងផ្លូវទំហំ៨តឹកផងដែរ ។

លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា បើមិនមានការប្រែប្រួលទេ នៅដើមសប្តាហ៍ក្រោយនេះ លោក ឃួង ស្រេង នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋាន ហើយការដ្ឋាននេះនឹងស្ថាបនារួចរាល់ក្នុងរយៈពេល៦ខែទៀត ។

លោកថា កំណាត់មហាវិថីនេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ ៕

Loading...