មហាសោកនាដកម្មខេត្តព្រះសីហនុ៖ លិចទូកស្លាប់កុមារ៧នាក់ ក្នុងចំណោម១០នាក់

ខេត្តព្រះសីហនុ៖ កុមារីយ៉ាងតិច៧នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មជាទីបំផុត ខណៈពួកគេមានគ្នា១០នាក់ ក្នុងនោះមានកុមារាផងដែរ បានបបួលគីគ្នាជិះកូនទូកតូចមួយទៅបេះផ្លែឈូក ហើយអកុសល ដោយសារទូកតូចនោះមិនអាចទ្រនឹងទម្ងន់របួសពួកគេបាន ក៏បណ្តាលឲ្យលិចទូកតែម្តង ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងដៃបឹងព្រែកទប់ ដែលមានទីតាំងស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

របាយការណ៍របស់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់៣ បានឲ្យដឹងថា កុមារីរងគ្រោះបាត់បង់ជីវិត៖

១-មឿង ស្រីគា ភេទស្រី អាយុ ១០ឆ្នាំ, ២-មឿង ស្រីគីម អាយុ ១១ឆ្នាំ, ៣-មឿង បូស្រីកា អាយុ ១២ឆ្នាំ, ម៉េង ស្រីណុច អាយុ៦ឆ្នាំ, ៥- ហៅ ស្រីឃ្មឹប អាយុ១០ឆ្នាំ, ជា សុខនឿន អាយុ ៧ឆ្នាំ, ៧- ជ្រាន់ សុីអ៊ុី អាយុ ១៣ឆ្នាំ ទាំង៧នាក់ខាងលើមានទីលំនៅក្រុម៩ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

កុមារា ឈ្មោះ ថន ចាន់នី អាយុ១០ឆ្នាំ ដែលរួចផុតពីស្លាប់ក្នុងករណីលង់ទឹកខាងលើបានឲ្យដឹងថា មុនកើតហេតុ ក្រុមកុមារីបានបបួលគ្នីគ្នាចំនួន១០នាក់ទៅបេះផ្លែឈូកនៅក្នុងដៃបឹងព្រែកទប់ខាងលើនោះ ។ ពេលមកដល់ចំណុចកើតហេតុ ពួកគេនាំគ្នាចុះជិះកូនទូកឈើ ដែលចតចោលនៅកន្លែងកើតហេតុ លុះនាំគ្នាអុំទូកទៅដល់ចំណុចកណ្តាល ដោយសារតែទូកតូចពេកទ្រទៅនឹងទម្ងន់ជិះមិនបាន ក៏បណ្តាលឲ្យលិច ហើយរូបគេបានខំប្រឹងហែលមកគោកវិញ ហើយរត់ទៅហៅគេឲ្យមកជួយតែអកុសល ពេលមកដល់ កុមារី៧នាក់បានបាត់បង់ជីវិតអស់ទៅហើយ។

សាកសពកុមារីទាំង៧នាក់ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ៕

Loading...