មានលុយ ប្រើតុលាការ ស្រុកយើង រាំស្រាត ឲ្យមើលក៏បាន

ភ្នំពេញ ៖ ម្ចាស់ហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» និងអ្នកគ្រូពេទ្យវះកាត់ម្នាក់ទៀត កាលពីព្រលប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យមានសេរីភាពចេញពីពន្ធនាគារ (PJ) វិញហើយ បង្កឲ្យមានភាពសង្ស័យ នឹងការទទួលប្រយោជន៍ណាមួយជាក់ជាពុំខាន ។ ពីព្រោះថា ឲ្យតែយើងមានលុយ ចង់ប្រើតុលាការ ស្រុកយើង​រាំស្រាតឲ្យមើលក៏បាន ។

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ គឺលោក ម៉ុង មុន្នីសោភា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» និងអ្នកគ្រូពេទ្យវះកាត់ម្នាក់ទៀត ឲ្យមានសេរីភាពចេញពីពន្ធនាគារ (PJ)។ បន្ទាប់ពីអ្នកទាំងពីរ ត្រូវ បានបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ PJ បណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ។

ជនត្រូវចោទទាំង២នាក់នេះមានឈ្មោះ ហូវ ដាណេ ជាថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» និងឈ្មោះ ពៅ ស៉ីណាត ជាគ្រូពេទ្យវះកាត់។ កាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ អ្នកទាំងពីរត្រូវបានលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាធានីភ្នំពេញ ចោទប្រកាន់ពីបទ «ប៉ះពាល់ដល់សិទ្ធខាងរូបភាពនៃបុគ្គល» តាមមាត្រា៣០២នៃក្រមព្រហ្មទណ្ឌ, «បទកំហែងយក» តាមមាត្រ៣៦៣ និងមាត្រា៣៦៤នៃក្រមព្រហ្មទណ្ឌ និង «បទការគំរាមកំហែងហែកកេរ្តិ៍» តាមមាត្រា២៧២ និងមាត្រា២៧៣នៃក្រមព្រហ្ម។

កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាម្ចាស់ករណីកសាងសំណុំរឿងសំយោគបទល្មើសទៅសាលាដំបូងរាជធានី ខណៈនៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ បានចុះឃាត់ខ្លួនកូនប្រសារសេដ្ឋីថៃ ដែលជាម្ចាស់ហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ទើបរៀបការថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ​ក្រោយមានបណ្ដឹងរឿងជំរិតទារប្រាក់ ពីអតិថិជនដែលចូលទៅទទួលសេវាកែសម្ផស្ស ។ ករណីនេះក៏បានធ្វើឲ្យមានកក្រើកពេញ បណ្តាញសង្គម Facebook ។

ពាក្យបណ្ដឹងជនរងគ្រោះ ចូលទៅកែសម្ផស្ស​នៅក្នុងគ្លីនិកខាងលើថា ម្ចាស់គ្លីនិក រៀបចំបង្កប់កាមេរ៉ាថតសកម្មភាពកែសម្ផស្ស ដែលក្នុងនោះ រួមមានទាំងការកែរកេរ្ដិ៍ភេទ​ផងដែរ ។ ទីតាំងហាងនេះ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕

Loading...