មានអីសង្ឃឹមទៀត បើប៉ូលិស និងមេបនល្បែងត្រូវរ៉ូវគ្នាហើយបើកល្បែងស៊ីសងក្នុងមូលដ្ឋាន បាននរណាចុះបង្ក្រាប?

ខេត្តបន្ទាយមានជ័យ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា ល្បែងអាប៉ោង នៅក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត លោកអនុសេនីយ៍ឯក កែវ បូរ៉ា នាយប៉ុស្តិ៍ព្រៃគប់ នៃនគរបាលវរការពារព្រំដែនគោក ៩១១ មិនបង្ក្រាប សង្ស័យត្រូវរ៉ូវគ្នា ឬទាស់ទាល់ ដោយបានទទួលប្រយោជន៍ពីក្រុមបើកល្បែង។

ពលរដ្ឋបានបន្ថែមថា មេល្បែងត្រូវបានគេហៅថា លោក ខ្លី (តូច) និងមានភាគហ៊ុនជាមួយអ្នកផ្សេងទៀត បើកលេងទាំងយប់ថ្ងៃ មិនទាន់ឃើញសមត្ថកិច្ច ឬអាជ្ញាធរ ធ្វើការបង្ក្រាបឡើយ។ ពលរដ្ឋបានបន្ថែមថា ល្បែងអាប៉ោងនេះគឺមានទីតាំងនៅទល់មុខវត្តព្រៃគប់តែម្តង ដែលលេងចាក់ភ្នាល់ជាទឹកប្រាក់ រាប់សែនរៀល រហូតដល់ទៅរាប់លានរៀលផងដែរ។

ពលរដ្ឋបានសំណូមពរថា បើសិនលោកវរសេនីយ៍ឯក កែវ បូរ៉ា នាយប៉ុស្តិ៍ព្រៃគប់ អត់សមត្ថភាពបង្ក្រាប ឬទាស់ទាល់មិនបង្ក្រាប ដែលគេសង្ស័យថា ទទួលប្រយោជន៍នោះ សូមលោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបផង បើសិនជាអស់លោកនៅតែបណ្តែតបណ្តោយទៀតនោះ ពួកគាត់ពិតជាមានការភ័យខ្លាចពីសុវត្ថភាពគាត់ខ្លាំងណាស់ ព្រោះថាល្បែងពិតជាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខក្នុងភូមិ.ឃុំ បង្កឲ្យមានអំពើហឹង្សា និងបង្កឲ្យមានចោរលួច ឆក់ ប្លន់ ជាដើម ៕

Loading...