មាន​ករណី​បាញ់​ត​គ្នា​រវាង​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន ជាមួយ​ក្រុម​ជនល្មើស​ជាច្រើន​នាក់

ភ្នំពេញ​៖ មាន​ករណី​បាញ់​ត​គ្នា​រវាង​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន ជាមួយ​ក្រុម​ជនល្មើស​ជាច្រើន​នាក់ បន្ទាប់ពី​សមត្ថកិច្ច​ប​ង្ក្រា​ប​គ្រឿងញៀន ចាប់ខ្លួន​ជនល្មើស​ចំនួន​នាក់ កាលពី​យប់​ថ្ងៃទី១២ ខែសីហា ឆ្នាំ​២០២០ នៅ​កោះ​ពេជ្រ​។​

​បើតាម​សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ បាន​ឲ្យ​ដឹងថា ជនល្មើស​ប្រដាប់​ដោយ​កាំភ្លើងខ្លី និង​វែង បាន​បាញ់​មកលើ​ក្រុម​សមត្ថកិច្ច​ចំនួន​៥​គ្រាប់ ហើយ​បាន​គេចខ្លួនបាត់ ចំណែកក្រុមសមត្ថកិច្ច បានបាញ់ចំនួន៣គ្រាប់ ដើម្បីដោះខ្លួន ខណៈ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​យ៉ាង​ក្តៅគគុក ពេញ​កោះ​ពេជ្រ បាន​បណ្តាល​ឲ្យ​ធ្វើ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​កោះ​ពេជ្រ មានការ​ភ្ញាក់ផ្អើល និង​ភ័យខ្លាច​ផងដែរ​។​

​បន្ទាប់ពី​ហេតុការណ៍​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួមជាមួយ​លោក​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះមក​បញ្ជា​ផ្ទាល់​ផងដែរ​។ លោក​ឃួ​ង ស្រេង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ទីតាំង​កើតហេតុ​នោះ​ថា តើ​មន្ទីរ​គ្រឿងញៀន​ត្រូវការ​បញ្ហា​អ្វីខ្លះ​? ដើម្បី​ឲ្យ​ខ្ញុំ​ជួយ ដូចជា​យើង​ត្រូវ​បិទផ្លូវ ក្នុង​តំបន់​កោះ​ពេជ្រ ដើម្បី​ពូន​ស្ទាក់ចាប់​ជនល្មើស និង​ធ្វើយ៉ាងណា​រក្សា​សន្តិសុខ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​កិច្ចការងារ​នេះ​មានការ​ផ្អើល​ដល់បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​កោះ​ពេជ្រ តែ​កិច្ចការងារ​នេះ​សូម​បងប្អូន​កុំ​មានការ​ភ័យព្រួយ​បារម្ភ ព្រោះ​ការងារ​នេះ ជាការ​ងារ​របស់​មន្ទី​រ​គ្រឿងញៀន​នៃ​អគ្គស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចុះបង្ក្រាប​គ្រឿងញៀន ក៏មាន​ការផ្ទុះអាវុធ តែ​បងប្អូន​កុំ​មានការ​ភ័យខ្លាច វាជា​ជំនាញ​របស់​មន្ទីរ​គ្រឿង​ញៀន​ចុះ​ធ្វើ​ប្រតិបត្តិការ​។

លោក​បន្តថា ក្នុងនាម​រដ្ឋបាល​រាជធានី​ភ្នំពេញ យើង​បាន​ចុះមក​ទាន់ពេលវេលា​ដើម្បី​ជួយ​អន្តរាគមន៍​ដល់​មន្ទីរ​គ្រឿងញៀន ក្នុងការ​បង្ក្រាប​បទល្មើស​នេះ​។ លោក​បាន​បញ្ជាក់ថា នៅពេលនេះ​ក្រុម​ជនល្មើស​បាន​រត់​ភៀសខ្លួន​ទៅ​បាត់ ហើយ​កំពុង​ស្រាវជ្រាវ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព និង​តាម​ជំនាញ​បន្តទៀត ហើយ​យើង​ធ្វើយ៉ាងណា ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យមាន​សុវត្ថិភាព​ក្នុងការ​រស់នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​សូម​អធ្យាស្រ័យ​ដល់​បងប្អូន​ដែល​កំពុង​រស់នៅក្នុង​តំបន់​កោះ​ពេជ្រ ដោយសារ​មាន​បញ្ហា​នេះ​កើតឡើង មិនមែនជា​បំណងប្រាថ្នា​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​មិនមែនជា​បង្កដោយ​មន្ទីរ​គ្រឿងញៀន​ដែរ ប៉ុន្តែ​គឺជា​ការបង្ក្រាប​បទល្មើស ដោយ​ជនល្មើស​មាន​កាំភ្លើង បាញ់​មកលើ​ពួកយើង​មុន ហើយ​ក្នុងនាម​សមត្ថកិច្ច​ត្រូវតែ​តដៃ​ដើម្បី​បង្ក្រាប​បទល្មើស​នេះ​ឲ្យ​បាន ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​៕

Loading...