មិនទាន់ដឹងមូលហេតុច្បាស់លាស់ករណីពលករខ្មែរ២នាក់ត្រូវគេអះអាងថារអិលជើងធ្លាក់ពីអគារជាន់ទី៣៩ស្លាប់

ប្រទេសថៃ៖ កម្មករខ្មែរ២នាក់ធ្វើការងារជាកម្មសំណង់ នៅក្នុងដ្ឋានសាងសង់អគារជាន់ខ្ពស់មួយនៃប្រទេសថៃបានរអិលជើងធ្លាក់ពីជាន់ទី៣៩ មកក្រោមដី ព្រមគ្នា បណ្តាលឱ្យស្លាប់មួយរំពេចនៅកន្លែងកើតហេតុកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងស្រុកប៉ាង យ៉ៃ ខេត្តណុនថៈបុរី ។នេះបើយោងតាមការដកស្រង់នៃការផ្សព្វផ្សាយតាមបណ្តាញសារព័័ត៌មានក្នុងស្រុកមួយនៅក្នុងប្រទេសថៃ។

បើតាមប្រភពព័ត៌មានបានផ្សព្វផ្សាយឱ្យដឹងទៀតថា មូលហេតុនៃការធ្លាក់ស្លាប់ពលករខ្មែរទាំង២នាក់មិនទាន់មានប្រភពណាមួយអះអាងជាក់លាក់ពិតប្រាកដនៅឡើយនោះទេ។

គេមិនទាន់ដឹងថាការស្លាប់របស់ពលករខ្មែត២នាក់នោះជាអំពើឃាតកម្ម រឺជាការបំពេញកិច្ចការងារធ្វេសប្រហែសរបស់ពួកគេ។

សមត្ថកិច្ចថៃកំពុងបើកការស្រាវជ្រាវស៊ើបអង្កេតទៅលើករណីនោះហើយ។ ការស្លាប់របស់ពលកខ្មែរទាំង២នាក់នោះត្រូវគេនាំគ្នានិយាយថាស្ថិតក្នុងរឿងអាថ៌កំបាំងជាពិសេសពលករខ្មែរដែលធ្វើការងារនៅក្នុងការដ្ឋានជាមួយជាជនរងគ្រោះបាននាំគ្នាងឿងឆ្ងល់ថា តើជនរងគ្រោះបំពេញកិច្ចការងារយ៉ាងដូចម្តេចបានជាធ្លាក់ពីលើអគារជាន់ទី៣៩ព្រមគ្នាបែបនោះ។

បើយោងតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថាពលករខ្មែរទាំង២នាក់មុនពេលកើតហេតុកំពុងធ្វើការងារបោសសំអាតតុបតែងនៅក្នុងបន្ទប់អគារជាន់ទី៣៩ ។

អគារនោះជាសំណង់ខុនដូដែលបានចាប់ផ្តើមកសាងអស់រយៈពេលច្រើនខែមកហើយ ក្នុងនោះមានពលករខ្មែរមួយចំនួនបានកំពុងធ្វើការងារនៅទីនោះផងដែរ។ជនរងគ្រោះដែលបាត់បង់ជីវិតត្រូវបានគេស្គាល់ឈ្មោះ១,ភឿន ស៊ិន ភេទប្រុសអាយុ២២ឆ្នាំ ២,មូល កុសល ភេទប្រុស អាយុ២២ឆ្នាំ ស្រុកកំណើតពលករខ្មែររងគ្រោះទាំង២នាក់គេមិនទាន់ដឹងនៅទីណាច្បាស់លាស់នៅឡើយនោះទេ។

ពាក់ព័ន្ធនិងពលករខ្មែរបំពេញកិច្ចការងារនៅក្នុងប្រទេសថៃជាពិសេស ធ្វើការងារជាកម្មករសំណង់ កន្លងមកមានពលករខ្មែរមួយចំនួន ត្រូវគេរាយការណ៍ឱ្យដឹថថាបានរងគ្រោះថ្នាក់កំពុងបំពេញកិច្ចការងារធ្លាក់ពីលើអគារថ្មបណ្តាលឱ្យស្លាប់និងរងរបួសជាបន្តបន្ទាប់ នេះសបញ្ជាក់ឱ្យឃើញថា ការធ្វើការងារនៅក្នុងប្រទេសថៃរបស់ពលករខ្មែរត្រូវគេមើលឃើញថាមានបញ្ហាប្រឈមគ្រោះថ្នាក់ដែលគ្មានសុវត្ថិភាពនៃបំពេញកិច្ចការងារដែលគ្មានទទួលខុសត្រូវខ្ពស់ពីផ្នែកបច្ចេកទេសសុវត្ថិភាពការងាររបស់ក្រុមហ៊ុនសាងសង់នៅក្នុងប្រទេសថៃនោះ៕ ពាយព្យ

 

 

Loading...