មិនធម្មតា អ្នក​ចិញ្ចឹម​ត្រី​អណ្ដែង​ដ៏​ធំ​រាប់ម៉ឺន​ក្បាល នៅ​ខេត្តស្ទឹងត្រែង​ថា ក្នុង​មួយថ្ងៃ​លក់​ចេញ​២០០​ទៅ​៣០០​គីឡូក្រាម​

​ស្ទឹងត្រែង​: វារីវប្បកម្ម​ក្នុង​ខេត្តស្ទឹងត្រែង មាន​អ្នក​ចិញ្ចឹម​ត្រី​អណ្តែង​ជា​លក្ខណៈ​គ្រួសារ​ប្រមាណ​ជា​១៥០​កន្លែង​ហើយ ក្នុងនោះ​មាន​មួយ​គ្រួ​សារបាន​ប្រើ​រយៈពេល​១០​ឆ្នាំ​លើ​មុខរបរ​នេះ​។​ សព្វថ្ងៃ​គ្រួសារ​ដែល​មាន​​បទពិសោធន៍ បាន​ពង្រីក​អាង​ស្តុក​រហូតដល់​ទៅជិត​៤០​អាង អាចនិយាយបាន​ថា​ផ្ទុក​កូន​ត្រី​អណ្តែង​បាន​រាប់ម៉ឺន​ក្បាល​។​

​លោកស្រី សៀន ផលិត កសិករ​ចិញ្ចឹម​ត្រី​អណ្ដែង​ដ៏​ធំជាងគេ​ក្នុង​ខេត្តស្ទឹងត្រែង​នៅ​ភូមិ​កាំ​ង​មេម៉ាយ សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង បាន​និយាយ​ឲ្យ​ដឹងថា អ្នកស្រី​បាន​ចិញ្ចឹម​ត្រី​អណ្តែង​ជាមួយនឹង​បងប្អូន​អស់​រយៈពេល ១០​ឆ្នាំ​មកហើយ​។ ដំបូង​ឡើយ ការរៀបចំ​អាង​ស្តុក​ទឹក​ចិញ្ចឹម​ត្រី​អណ្ដែង​មាន​ត្រឹម​១០​អាង​ប៉ុណ្ណោះ​។ លុះ​ដល់ពេល​ចិញ្ចឹម​យូរៗ​ទៅ ឃើញថា​ចំណេញ​ក៏​ចាប់ផ្ដើម​ពង្រីក​មុខរបរ​នេះ​កាន់តែ​ធំ​ឡើង​។ ក្រុមគ្រួសារ​គាត់​ចាប់ផ្ដើម​ចិញ្ចឹម​ត្រី​អណ្ដែង​ដំបូង​នេះ យល់ថា​គ្មាន​មុខរបរ​អ្វី​ផ្សេង ដែល​គាត់​ពេញចិត្ត​ក្រៅពី​ចិញ្ចឹម​ត្រី​អណ្ដែង​លក់​។ ហេតុ​ដូច្នេះហើយ ក្រុមគ្រួសារ​គាត់​ដែល​ធ្លាប់បាន​សិក្សា​នៅ​កន្លែង​ចិញ្ចឹម​ត្រី​ខ្លះ​ក៏​ចាប់ផ្ដើម​ទិញ​ត្រី​កូន​អណ្ដែង​នាំចូល​ពី​ប្រទេស​ឡាវ​មក​ចិញ្ចឹម​ស្រាប់​តែម្ដង​។​

អ្នក​ចិញ្ចឹម​ត្រី​រូបនេះ​ថា កូន​ត្រី​អណ្ដែង​មាន​ប្រភព​នាំចូល​ពី​ឡាវ​ទិញ​ក្នុងតម្លៃ​មួយ​ក្បាល​១៥០​ទៅ​៣០០​រៀល កាល​ចាប់ផ្តើម​មុខរបរ​ដំបូង​កាល​១០​ឆ្នាំមុន​។ ត្រី​អណ្ដែង​នេះ​គេ​ហៅថា​ប្រភេទ​ត្រី​អណ្ដែងទន់​។​ បច្ចុប្បន្ននេះ កូន​ត្រី​អណ្ដែង​ដែល​នាំចូល​ពី​ប្រទេស​ឡាវ​គេ​លក់​គិត​ជា​គីឡូ​វិញ​មិន​រាប់​ចំនួន​ក្បាល​ដូច​មុន​ទេ​។​បើសិនជា​យើង​ទិញ​កូន​ត្រី​អណ្ដែង​ច្រើន​ពី​ប្រទេស​ឡាវ​គេ​លក់​ក្នុងតម្លៃ​មួយ​គីឡូក្រាម​ជាង​៣​ម៉ឺន​រៀល​។​

​សព្វថ្ងៃនេះ​អាង​ចិញ្ចឹម​ត្រី​របស់គាត់​បែងចែក​ត​ជាប់​គ្នា​មាន​រហូតដល់​ទៅជិត​៤០ អាង​។ បើ​គិត​កូន​ត្រី​អណ្ដែង​ដាក់​ចិញ្ចឹម​មាន​រហូតដល់​ទៅជា​ង ៣០០ គីឡូក្រាម​នឹង​ថា​ដល់​ទៅ​ចំនួន​ជាង​៣​ម៉ឺន​ក្បាល​ទៅ ៥​ក្បាល​។​អាង​ចិញ្ចឹម​និ​មួយៗ អាចដាក់​ត្រី​បាន ជាង​១.៥០០ ក្បាល​។​យើង​ត្រូវ​ចាប់ផ្តើម​មើលថែ​ចិញ្ចឹម​កូន​លូតលាស់​រហូតដល់​ធំ​ពេញវ័យ​ទទួលផល​ក្នុង​រយៈពេល ៣​ខែ​។​

​ម្ចាស់​លក់​ត្រី​អណ្តែង​ថា​តម្លៃ​លក់រាយ​ក្នុង​មួយ​គីឡូក្រាម ៩.០០០​រៀល​។ បោះ​ដុំ​តម្លៃ​លក់​ចេញ​ត្រី​អណ្ដែង ៨.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ចំពោះ​ការលក់​សព្វថ្ងៃនេះ​ក្នុង​រដូវ​កាល​ជំងឺ​កូ​វីដ​-១៩ រាតត្បាត​គាត់​បាន​បញ្ចុះតម្លៃ​ត្រឹម ៧.០០០ រៀល​ក្នុង​មួយ​គីឡូក្រាម​។​

​ម៉ូយ​ទិញ​ត្រី​អណ្ដែង​របស់​គ្រួសារ​អ្នកស្រី សៀន ផលិត គឺជា​ប្រជាពលរដ្ឋនៅក្នុង​ភូមិ និង​អ្នក​ទៅ​ពី​ផ្សារ​ទិញ​ដល់ផ្ទះ​តែម្ដង​។ រាល់ថ្ងៃ​គាត់​មាន​ម៉ូយ​ទៅ​ប្រមូល​ទិញ​លក់​បន្ត​ជាប្រចាំ​។​

​ការចិញ្ចឹម​ត្រី​នេះ គឺ​មិនមាន​ភ្ញាស់​កូន​ដោយ​ខ្លួនឯង​ទេ គឺ​ទិញ​កូន​មាន​ប្រភព​មកពី​ប្រទេស​ឡាវ​តែម្ដង​។ រីឯ​ចំណី​អ្នកស្រី​អះអាងថា ទិញ​មកពី​ក្រុមហ៊ុន​ដែល​គេ​លក់​នៅ​ផ្សារ​ខេត្តស្ទឹងត្រែង​។​

របៀប​ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​មួយថ្ងៃ​ដាក់​ឲ្យ​ចំណី​ពីរ​ពេល​គឺ​ពេលព្រឹក​និង​ពេល​ល្ងាច​។​រយៈពេល​ចិញ្ចឹម​បាន​៣​ខែ​ត្រី​អាចមាន​ទម្ងន់​ដល់​ទៅមួយ​ក្បាល​៣​គីឡូក្រាម​ក៏មាន​។​តែ​អ្នក​មក​ទិញយក​ទៅធ្វើ​ម្ហូប​មិនសូវ​ចាប់អារម្មណ៍​ទេ​គឺ​គេ​ទិញ​តែ​ត្រី​ណា​ធំ​ល្មមៗ​តូច​ជាង​កដៃ​មនុស្ស​ធំ​ប៉ុណ្ណោះ​។​

​អ្នកស្រី​និយាយថា​ម៉ូយ​ទៅ​ទិញ​ក្នុង​មួយថ្ងៃ​គាត់​លក់​ចេញ បាន​ដល់​ទៅ ២០០​ទៅ ៣០០​គីឡូក្រាម​ក៏មាន​។ កំឡុងពេល​ជំងឺ​កូ​វីដ​-១៩​រាតត្បាត​ក្នុងប្រទេស យ៉ាងហោច ណាស់​ក៏​លក់​ចេញ​ចាប់ពី​១០​ទៅ ២០​គីឡូ ក្រាម​ដែរ​។​

លក្ខណៈពិសេស​ប្រភពទឹក​ចិញ្ចឹម​ត្រី​គ្រួសារ​អ្នកស្រី​បូមទឹក​ពី​ទន្លេមេគង្គ​។​មាន​ទីតាំង​ល្អ​ក្បែរមាត់ច្រាំង​ទន្លេ​។​នៅក្បែរ​ប្រភពទឹក​ងាយស្រួល​ណាស់​ក្នុងការ​ចិញ្ចឹម​ត្រី​យើង​អាច​ប្ដូរ​ទឹកបាន​គ្រប់ពេលវេលា​មើលថែ​បាន​យ៉ាង​ល្អ​។​ ការបូមទឹក​ទន្លេ​យកមក​ចិញ្ចឹម​ត្រី​នេះ​គឺជា​រឿង​ល្អ​ពីព្រោះថា​ទឹកទន្លេ​គឺជា​ទឹកធម្មជាតិ​ស្រួល​ក្នុងការ​ចិញ្ចឹម​ខុសពី​ការប្រើប្រាស់​ទឹក​អណ្ដូង​ដែលមាន​សារធាតុ​រ៉ែ​ពិបាក​ក្នុង​ការថែទាំ​ទឹកនឹង​អាច​បណ្តាល​ឲ​ត្រី​ងាប់​ខាតបង់​ប្រាក់​។​

អ្នកស្រី​ក៏បាន​លើកឡើង​ផងដែរ​ថា​ការប្រើប្រាស់​ទឹកទន្លេ​ប្រឡាយ​អូរ​គឺជា​ប្រភពទឹក​មាន​លក្ខណៈ​ងាយស្រួល​ក្នុងការ​ចិញ្ចឹម​ខុសពី​ប្រើប្រាស់​ទឹក​អណ្ដូង​(​មាន​ជាតិ​កំបោរ​)​។​ មុខរបរ​ចិញ្ចឹម​ត្រី​អណ្ដែង ពេលខ្លះ​អាចមាន​ហានិភ័យ​ត្រូវ​ខាតបង់​ក៏មាន​។​តែ​ការចិញ្ចឹម​បែបនេះ​វា​ធ្វើឱ្យ​ផលចំណេញ​ច្រើនជាង​ខាត​។​ចាប់​តាំង​ពង្រីក​មិ​ខរ​បរ​ចិញ្ចឹម​ត្រី​ធ្វើឱ្យ​គ្រួសារ​អ្នកស្រី​អាច​ផ្គត់ផ្គង់​ប្រចាំ​គ្រួ​សារបាន​ប្រាក់ចំណូល​រៀងរាល់ថ្ងៃ​។​

អ្នកស្រី​ សៀន ​ផលិត​ យល់ថា​ តម្រូវការ​ទីផ្សារ​ទិញ​ត្រី​អណ្ដែង​ក្នុង​ខេត្តស្ទឹងត្រែង​យើង​ចិញ្ចឹម​មិនអាច​ផ្គត់ផ្គង់​ពេញ​តម្រូវការ​បានទេ​។​អ្នកស្រី​ជំរុញ​ឲ្យ​ប្រជាកសិករ​នាំគ្នា​ផុលផុស​ចិញ្ចឹម​ត្រី​អណ្ដែង​អោយ​កាន់តែច្រើន​ដើម្បី​បំពេញតម្រូវការ​ម្ហូបអាហា​រ​ប្រចាំថ្ងៃ​។​

លោក​យាម​សាវុន​នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ស្ទឹងត្រែង​បានបញ្ជាក់​ថា​ការចិញ្ចឹម​ត្រី​តាម​ភាសា​បច្ចេកទេស​គេ​ហៅថា​វ៉ា​រី​វប្បកម្ម​សម្រាប់​ការចិញ្ចឹម​ត្រី​នៅក្នុង​ខេត្តស្ទឹងត្រែង​មាន​ប្រមាណ​ជា ១៥០​គ្រួសារ​ដោយ​ការចិញ្ចឹម​ត្រី​ទាំងនោះ​គឺជា​លក្ខណៈ​គ្រួសារ​។​

​លោក​សង្កេតឃើញថា​ការចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ​នៅ​ខេត្តស្ទឹងត្រែង​លូតលាស់​បានល្អ​ពុំ​សូវ​បរាជ័យ​ឡើយ​។​ការយល់ឃើញ​របស់​ម​ន្ត្រី​ជលផល​ថា​ការចិញ្ចឹម​ត្រី​គឺ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​។​ការចិញ្ចឹម​ត្រី​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​កាត់បន្ថយ​ទៅរក​ទិញ​ត្រី​នៅលើ​ទីផ្សារ​។​កាត់បន្ថយ​ការចំណាយ​ក្នុង​គ្រួសារ​។​កាត់បន្ថយ​ការទទួល​ទាន​សាច់​ជាដើម​។​ត្រី​ដែល​ចិញ្ចឹម​នោះ​អាច​កែច្នៃ​បាន​ទៅជា​ម្ហូប​ផ្សេងៗ​រក្សាទុក​ឲ​បានយូរ​ដូចជា​ធ្វើ​ប្រហុក​ផ្អក​។​ម្យ៉ាងទៀត​មានមុខ​របរ​ចិញ្ចឹម​ត្រី​នៅផ្ទះ​ក៏​អាច​កាត់បន្ថយ​ចំណាកស្រុក​ចេញទៅ​ធ្វើការ​នៅ​ខេត្ត​ផ្សេង​ឬ​ទីក្រុង​។​

ការចិញ្ចឹម​ត្រី​តាមបែប​ធម្មជាតិ​នេះ​វា​បានផ្ដល់​ប្រូតេអ៊ីន​សម្រាប់​រាងកាយ​មនុស្ស​ដែល​ទទួលទាន​ត្រី​។​ស្រប​ពេលដែល​ប្រទេស​កំពុង​តែមាន​វិបត្តិ​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​ជំងឺ​កូ​វី​-១៩ ការចិញ្ចឹម​ត្រី​កំពុង​ជួយ​ផ្គត់ផ្គង់​ដល់​ជីវភាព​គ្រួសារ​ក្នុង​សហគមន៍​បាន​ភ្លាមៗ​។​

ចំណុច​ដ៏​សំខាន់​ទៀត​នោះ​គឺ​ការចិញ្ចឹម​ត្រី​កាត់បន្ថយ​ការនេសាទ​នៅតាម​ដង​ទន្លេ​។​ជួយ​បង្កើន​បរិមាណ​ត្រី​មេ​ពូជ​ក្នុង​ទន្លេ​កាន់តែ​កើនឡើង​។​

មន្ត្រី​ជំនាញ​ជលផល​ខេត្ត​បានលើកឡើង​ទៀតថា​គ្រួសារ​ខាងលើនេះ​ចិញ្ចឹម​ត្រី​អាច​ផ្គត់ផ្គង់​ពេញ​បរិបូណ៌​នៅក្នុង​ក្រុមគ្រួសារ​គាត់​នឹង​បន្ត​លក់​នៅលើ​ទីផ្សារ​ទៀតផង​ដើម្បី​បំពេញតម្រូវការ​។ បន្ថែម​ពីនេះ បានផ្ដល់​បទពិសោធន៍​ដល់​អ្នក​មក​ទិញ​កូន​ត្រី​ពី​គាត់​យកទៅ​ចិញ្ចឹម​បន្ត​។​

មានការ​លើកឡើងថា សព្វថ្ងៃនេះ​ការទិញ​កូន​ត្រី​មក​ចិញ្ចឹម គឺ​ខ្លះ​ទិញ​នៅក្នុង​ប្រទេស និង​ខ្លះទៀត​ទិញ​មកពី​ក្រៅប្រទេស​ដូចជា​ប្រទេស​ឡាវ ដែល​ជាប់​ព្រំដែន​ជាមួយ​ខេត្តស្ទឹងត្រែង​។​

ដំណឹង​ល្អ​ខេត្តស្ទឹងត្រែង​កំពុងតែ​សាងសង់​ស្ថានីយ​ដ៏​ធំ​មួយ​មានតម្លៃ​ខ្ទង់លាន​ដុល្លារ​គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​នៅពេល​ឆាប់ៗ​ខាងមុខ​។ ស្ថានីយ​បង្កាត់​ត្រី​មេ​ពូជ ចម្រុះ​ទាំងនោះ​នឹង​អាច​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ស្ទឹងត្រែង​និង​ក្នុងប្រទេស​កម្ពុជា​។ អ្នក​ចិញ្ចឹម​ត្រី​អាច​ទទួល​ទិញ​កូន​ត្រី​ដែល​ខាង​ជំនាញ​លក់​តំលៃ​ទាប​ជាង​ទីផ្សារ​បាន​ដោយ​ងាយស្រួល​បំផុត​៕

Loading...