មិនបានបាញ់នៅក្នុងទឹកដីចិនឡើយ ហេតុអ្វីត្រូវបន្ទោសក្រុងប៉េកាំង?

ប្រទេសចិនបានវាយប្រហារដោយសម្តីតបតវិញកាលពីថ្ងៃចន្ទ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងថា “ខកចិត្តយ៉ាងខ្លាំង” ចំពោះចិន បន្ទាប់ពីការសាកល្បងមីស៊ីលចុងក្រោយរបស់ទីក្រុងព្យុងយ៉ាង ។ ភាគីចិនបានលើកឡើងថា បញ្ហានេះមិនបានកើតឡើងនៅក្នុងប្រទេសចិនទេ គ្រប់ភាគីទាំងអស់ ត្រូវតែរួមគ្នារកដំណោះស្រាយ។

ចិនកាន់តែមានការខឹងសម្បាខ្លាំងឡើងចំពោះការរិះគន់របស់អាមេរិក និងជប៉ុនដែលថា ខ្លួនគួរតែខិតខំឱ្យកាន់តែច្រើនថែមទៀតដើម្បីទប់ទល់ក្រុងព្យុងយ៉ាងនោះ។

ចិនជាសម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើង ប៉ុន្តែក្រុងប៉េកាំងខឹងនឹងការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលជាបន្តបន្ទាប់របស់ក្រុងព្យុងយ៉ាងផងដែរ។

កូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃសៅរ៍កន្លងមកនេះថា បានសាកល្បងប្រកបដោយជោគជ័យមួយទៀត នូវប្រភេទមីស៊ីលឆ្លងទ្វីប ហើយនោះសមត្ថភាពវាយប្រហារដល់ដីគោកអាមេរិក ។ ដោយមូលហេតុនេះហើយ ធ្វើឲ្យលោក Trump ប្រធានាធិបតីអាមេរិកក្តៅស្លឹកត្រចៀក ចេញមុខព្រមាន និងស្តីបន្ទោសប្រទេសចិនយ៉ាងខ្លាំងទៅវិញ។

នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ បានសន្ទនាជាមួយលោក Trump កាលពីថ្ងៃចន្ទ ទី៣១ ខែកក្កដា និងបានយល់ស្របថា ត្រូវតែមូលមីគ្នាធ្វើសកម្មភាពបន្ថែមទៀត ទៅលើកូរ៉េខាងជើង តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយឯកអគ្គរដ្ឋទូតរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិបានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនបានលើកនិយាយរួចហើយអំពីបញ្ហាកូរ៉េខាងជើង ។

សេចក្តីថ្លែងការណ៍របស់សេតវិមានមួយច្បាប់ ក្រោយការសន្ទនាតាមទូរស័ព្ទរបស់មេដឹកនាំអាមេរិក និងជប៉ុនថា ថ្នាក់ដឹកនាំប្រទេសទាំងពីរយល់ស្របគ្នាថា កូរ៉េខាងជើងបង្កការគំរាមកំហែងដោយផ្ទាល់ និងធ្ងន់ធ្ងរ ដល់សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងទៀតដែលនៅជិតៗ និងនៅឆ្ងាយ។

សេចក្តីថ្លែងការបន្តថា លោក Trump បានបញ្ជាក់ជាថ្មីការប្តេជ្ញាចិត្តការពារជប៉ុន និងកូរ៉េខាងត្បូង មិនឲ្យរងនូវការវាយប្រហារណាមួយឡើយ ដោយប្រើប្រាស់សមត្ថភាពពេញលេញរបស់អាមេរិក។

លោក Trump បានសរសេរនៅលើ Twitter កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងថា លោកមានការខកចិត្តយ៉ាងខ្លាំងចំពោះប្រទេសចិន ហើយថា ទីក្រុងប៉េកាំងទទួលបានប្រាក់ចំណេញពីការធ្វើពាណិជ្ជកម្មរបស់អាមេរិក ប៉ុន្តែមិនបានធ្វើអ្វីសោះសម្រាប់អាមេរិកទាក់ទងនឹងប្រទេសកូរ៉េខាងជើង ជាអ្វីដែលលោក នឹងមិនអនុញ្ញាតឱ្យបន្តទៀតឡើយ។

ក្រសួងការបរទេសចិន នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅភ្នាក់ងារកាសែតរ៉យទ័រ បានឆ្លើយតបទៅនឹង tweets របស់លោក Trump នោះថា បញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង មិនបានកើតឡើងដោយសារប្រទេសចិនឡើយ ហើយថា គ្រប់គ្នាត្រូវតែធ្វើការជាមួយគ្នាដើម្បីស្វែងរកដំណោះស្រាយ ។

ប្រភពបន្តថា ភាគីទាំងអស់គួរតែមានការយល់ដឹងដោយត្រឹមត្រូវអំពីរឿងនេះ។ សហគមន៍អន្តរជាតិបានទទួលស្គាល់យ៉ាងពេញទំហឹងកិច្ចខិតខំប្រឹងប្រែងរបស់ចិនដើម្បីរកដំណោះស្រាយ។

សេចក្តីថ្លែងការណ៍បន្តថា ខ្លឹមសារនៃពាណិជ្ជកម្មចិន – អាមេរិក គឺផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ ឈ្នះ ដែលការពិតបង្ហាញថា ការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្មរីកចម្រើន និងទំនាក់ទំនងពាណិជ្ជកម្មល្អប្រសើរនោះគឺជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរដូចគ្នា។

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Qian Keming ក៏បានថ្លឹងថ្លែងផងដែរ ដោយប្រាប់សន្និសីទសារព័ត៌មានមួយថា មិនទាក់ទងគ្នារវាងបញ្ហាកូរ៉េខាងជើង នឹងពាណិជ្ជកម្មចិន អាមេរិកទេ។

លោកបន្តថា “យើងគិតថា បញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងពាណិជ្ជកម្មរវាងចិន នឹងអាម៉េរិក ជាបញ្ហាដែលស្ថិតនៅក្នុងដែនពីរខុសគ្នាទាំងស្រុង។ មិនទាក់ទងគ្នាទេ និងមិនគួរលើកមកពិភាក្សាលាយឡំជាមួយគ្នាឡើយ” ។

ចិនជាប្រទេសដែលកូរ៉េខាងជើងធ្វើពាណិជ្ជកម្មជាមួយច្រើនជាងគេនោះ ប្រកាសម្តងហើយម្តងទៀតថា បានគោរពតាមយ៉ាងតឹងរឹងទៅតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ លើបញ្ហាកូរ៉េខាងជើង និងបានថ្កោលទោសការទណ្ឌកម្មជាឯកតោភាគីរបស់សហរដ្ឋអាមេរិកនោះថា មិនមានប្រយោជន៍អសារឥតការ។

លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិថ្លែងការណ៍ថា ចិនត្រូវតែសម្រេចចិត្តថា តើមានឆន្ទៈដាក់ទណ្ឌកម្មនុយក្លេអ៊ែរខ្លាំងជាងមុនទៅលើកូរ៉េខាងជើង ដែលបានសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយកាលពីថ្ងៃសុក្រ ហើយជាការសាកល្បងលើកទីពីរនៅក្នុងខែតែមួយរបស់កូរ៉េខាងជើងនោះដែរឬទេ?

លោកស្រី Haley បានបន្តថា ដំណោះស្រាយថ្មីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើមិនបង្កើនសម្ពាធជាអន្តរជាតិទៅលើប្រទេសកូរ៉េខាងជើងនោះទេ គឺវាគ្មានតម្លៃអ្វីឡើយ ។ លោកស្រីបន្ថែមថា ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ក៏ត្រូវបន្ថែមសកម្មភាពទៀតដែរ។

លោក អាបេ បានថ្លែងប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីការសន្ទនាជាមួយលោក Trump ថា កិច្ចខិតខំប្រឹងប្រែងម្តងហើយម្តងទៀតរបស់សហគមន៍អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាកូរ៉េខាងជើង មិនទាន់ទទួលបានផលផ្លែផ្កា នៅចំពោះមុខទីក្រុងព្យុងយ៉ាងដែលបង្កើនសកម្មភាពគំរាមកំហែងបង្ករឿង។

លោកអាបេ បានបន្តថា សង្គមអន្ដរជាតិ រួមទាំងប្រទេសរុស្ស៊ី និងប្រទេសចិន ចាំបាច់ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់នេះ និងបង្កើនសម្ពាធ ។ លោកថា ប្រទេសជប៉ុន និងអាមេរិក នឹងចាត់វិធានការឆ្ពោះទៅរកសកម្មភាពជាក់ស្តែង ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ ។

អ្នកនាំពាក្យអនុគណៈរដ្ឋមន្ត្រី លោក Koichi Hagiuda បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក អាបេ និងលោក ត្រាំ មិនបានពិភាក្សាអំពីសកម្មភាពយោធាប្រឆាំងកូរ៉េខាងជើងទេ ហើយក៏មិនមែនជាអ្វីដែលអាចបង្កើតឱ្យមានការឆ្លងកាត់ខ្សែបន្ទាត់ក្រហមពីទីព្យុងយ៉ាងផងដែរ ។

ការចេញផ្សាយរបស់កាសែត Pyongyang ហើយត្រូវបានដកស្រង់ដោយកាសែត Global Times របស់ចិន ចុះផ្សាយកាលពីថ្ងៃទី៣១ ខែកក្កដាថា “ទីក្រុងព្យុងយ៉ាងបានសម្រេចចិត្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន មិនខ្វល់ចំពោះការគំរាមកំហែងយោធាពីអាមេរិក ឬកូរ៉េខាងត្បូងនោះឡើយ” ។

សារព័ត៌មាន People’s Daily ផ្លូវការរបស់គណបក្សកុម្មុយនីស្តកាន់អំណាចនៅចិនផ្សាយថា តើការដាក់ទណ្ឌកម្មរបស់ចិនអាចផ្លាស់ប្តូរស្ថានភាពបានដោយរបៀបណា? ។ រីឯកាសែតស៊ីនហួវិញ អត្ថាធិប្បាយថា ចិនចង់ឱ្យមានតុល្យភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងសន្តិភាពយូរអង្វែងលើឧបទ្វីបកូរ៉េ។

ស៊ីនហួបន្តថា ទោះយ៉ាងណា ដើម្បីសម្រេចគោលបំណងទាំងនេះ ទីក្រុងប៉េកាំងត្រូវការដៃគូសហការបន្ថែមទៀតពីសេតវិមាន មិនមែនជាអ្នកដែលចាំស្តីបន្ទោសប្រទេសចិនចំពោះការបរាជ័យរបស់អាមេរិកនោះឡើយ ។

មន្ទីរបញ្ចកោណបានអះអាងថា អាមេរិកបានហោះហើរយន្តហោះទម្លាក់គ្រាប់បែក B-1B ល្បឿនលឿនជាងសំឡេង ពីរគ្រឿងនៅលើឧបទ្វីបកូរ៉េ ជាការបង្ហាញកម្លាំងកាលពីថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្លើយតបទៅនឹងការសាកល្បងមីស៊ីល និងការបាញ់រ៉ុក្កែត Hwasong-14 កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧របស់កូរ៉េខាងជើង ។ យន្តហោះទម្លាក់គ្រាប់បែកនេះ បានហោះចេញពីមូលដ្ឋានទ័ពអាកាសអាមេរិកនៅ ហ្គាំម (Guam)ដែលចូលរួមផងដែរពីយន្ដហោះចម្បាំងជប៉ុន និងកូរ៉េខាងត្បូងអំឡុងពេលធ្វើសមយុទ្ធ។

មេបញ្ជាការកងទ័ពជើងទឹកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក លោក Terrence J. O’Shaughnessy បានថ្លែងការណ៍ថា “កូរ៉េខាងជើងនៅតែជាការគំរាមកំហែងដ៏ទន់ហន់ចំពោះស្ថេរភាពក្នុងតំបន់” ។ «ប្រសិនបើមានការអំពាវនាវ យើងត្រៀមខ្លួនឆ្លើយតបភ្លាមៗ ជាមួយកម្លាំងយ៉ាងសាហាវ និងខ្លាំងក្លា ក្នុងពេលវេលា និងទីកន្លែងដែលយើងបានជ្រើសរើស» ៕ សុមេធ

Loading...