មីយ៉ាន់ម៉ាចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោត

ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ មីយ៉ាន់ម៉ាបានចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោត ។ មេដឹកនាំគណបក្សប្រឆាំងដ៏ល្បីល្បាញនៅក្នុងប្រទេសនេះ លោកស្រី អ៊ុង សានស៊ូជី ត្រូវគេមើលឃើញថា ជាដៃគូប្រកួតប្រជែងយ៉ាងស្រួចស្រាវ ជាមួយក្រុមសម្ពន្ធមិត្តជិតស្និទ្ធប្រធានាធិបតី។ នេះជាការការបោះឆ្នោតសាកលលើកដំបូងបំផុតដែលកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយបញ្ចប់របបដឹកនាំដោយកម្លាំងយោធា ។

លោកស្រីស៊ូជី បានជួបជុំជាមួយអ្នកគាំទ្ររបស់ខ្លួននៅក្នុងតំបន់ ដែលរដ្ឋមន្ត្រីដ៏មានអំណាចនៃគណបក្សប្រធានាធិបតីកាន់អំណាចទទួលអាសនៈ និងដឹកនាំនៅទីនោះ ព្រមទាំងជាអ្នកដែលកែទម្រង់សេដ្ឋកិច្ចដល់គោលនយោបាយរបស់ប្រធានាធិបតី Thein Sein ។ ការបោះឆ្នោតលើកនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

វត្តមានរបស់លោកស្រីស៊ូជី ម្ចាស់ពានរង្វានណូបែលសន្តិភាពពិភពលោក មកពីគណបក្សសម្ពន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ(NLD) នេះផ្តល់ទំនុកចិត្តយ៉ាងខ្លាំងទៅលើអ្នកគាំទ្ររបស់លោកស្រីថា អាចនឹងទទួលជំនះឈ្នះទៅលើគូប្រជែងមកពីគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍(USDP)ដែលជាគណបក្សកាន់អំណាច គាំទ្រដោយក្រុមយោធានោះ ។

គណបក្សប្រឆាំងនៅក្នុងប្រទេសនេះបានរំពឹងថាទទួលជ័យជម្នះការបោះឆ្នោតជាប្រវត្តិសាស្រ្តនេះ។ គណបក្សប្រឆាំងរបស់លោកស្រី ស៊ូជី ជានិមិត្តរូបមួយយ៉ាងសំខាន់នៅក្នុងរបត់ប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា ។ លោកស្រី ត្រូវរបបយោធាគាបសង្កត់ ធ្វើទុក្ខបុកម្នេញ ប៉ុន្តែគ្មានការបោះបង់ចោលនោះឡើយគោលជំហររបស់លោកស្រី ហើយ ទីបំផុតរបបយោធាដែលដឹកនាំប្រទេសជិតកន្លះសតវត្សរ៍នោះបានរលាយទៅវិញនៅក្នុងឆ្នាំ២០១១ ។

ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលពាក់កណ្តាលស៊ីវិលរបស់ប្រទេសនេះ បានចាប់ផ្តើមអនុវត្តគោលនយោបាយកែទម្រង់ ។ គេបានដោះលែងអ្នកទោសនយោបាយជាច្រើនរយនាក់ ព្រមទាំងបើកទូលាយឲ្យមានការវិនិយោគពីបរទេសចូលទៅក្នុងប្រទេសនេះថែមទៀតផង ។

អតីតមន្ត្រីអង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងជាអ្នកវិភាគនយោបាយឯករាជ្យ លោក Richard Horsey បានមានប្រសាសន៍ថា ការបោះឆ្នោតកើតឡើងដោយមានការត្រៀមខ្លួនរួចជាស្រេច ដែលជាការបោះឆ្នោតអាចទទួលយកបាន និងមិនធ្លាប់កើតមានតាំងពីឆ្នាំ១៩៥០រៀងមក ។ ប្រសិនគណបក្សប្រឆាំងក្លាយជាគណបក្សធំ នោះ គេលំបាកខ្លាំងណាស់ក្នុងការរកគណបក្សណាមួយមកប្រជែងបំបែកសំឡេងប្រឆាំង ។

យុទ្ធនាការបោះឆ្នោតបានកើតឡើង ខណៈមិនទាន់បានមួយខែផងដែលគូប្រជែងនយោបាយ និងជាអ្នកប្រឆាំងរបស់លោក Thein Sein និងជាប្រធានសភាដ៏មានអំណាចគឺលោក Shwe Mann នោះត្រូវដកហូតពីតួនាទីជាប្រធានគណបក្សកាន់អំណាច ដែលធ្វើឲ្យរំជើបរំជួលរង្គោះរង្គើរដល់ថ្នាក់ដឹកនាំក្នុងជួរគណបក្សកាន់អំណាច ។

តាមការលើកឡើងរបស់ក្រុមយោធាថា លោក Shwe Mann មានទំនាក់ទំនងជិតសិ្នទ្ធជាមួយមេបក្សប្រឆាំងលោកស្រីអ៊ុង សានស៊ូជី ដែលជាក្តីព្រួយបារម្ភសម្រាប់គណបក្សកាន់អំណាច ។ ដោយមូលហេតុនេះហើយទើបមានការដកហូតតួនាទីជាប្រធានបក្សនោះ ។

គណបក្សដែលចូលរួមឃោសនារកសំឡេងឆ្នោតនៅក្នុងប្រទេសមីយ៉ាន់ម៉ានាពេលនេះ មិនត្រូវបានអនុញ្ញាតឲ្យឃោសនា តិះទៀន ឬបរិហាររិះគន់ទៅលើរបបយោធា ឬរដ្ឋធម្មនុញ្ញដែលតាក់តែងឡើងដោយរបបយោធានោះឡើយ ៕

file-photo-of-myanmar-pro

Loading...

Leave a Reply

Your email address will not be published. Required fields are marked *