មួយគ្រួសារជាង១០នាក់នៅឥណ្ឌាប្រទះឃើញស្លាប់ដោយព្យួរកពីពិដាន

សមាជិកក្រុមគ្រួសារមួយមានគ្នា១១នាក់ត្រូវគេរកឃើញស្លាប់ នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងរដ្ឋធានី ញូវដេលី ប្រទេសឥណ្ឌា ក្នុងនោះ១០នាក់ត្រូវគេព្យួរកពីពិដាន ។

ស្ត្រីអាយុ៧០ឆ្នាំ ជាមនុស្សតែម្នាក់ដែលដេកស្លាប់នៅលើឥដ្ឋ ។ ភាគច្រើននៃអ្នកស្លាប់ត្រូវគេបិទមុខ និងចងដៃមកខាងក្រោយខ្នង ។

វាំងននខ្មៅនៅពីក្រោយការស្លាប់មួយគ្រួសារខាងលើនេះមិនទាន់ច្បាស់លាស់នៅឡើយ ប៉ូលីសមិនទាន់ចាត់ទុកថាជាអំពើឃាតកម្មនោះទេ ។ ប៉ូលិសបានចេញសេចក្តីថ្លែងការណ៍ថា បានរកឃើញភស្តុតាងខ្លះៗ ជាការអនុវត្តន៍ដ៏អាថ៌កំបាំង ដោយក្រុមគ្រួសារនេះតែម្តង ។

សេចក្តីថ្លែងការណ៍ប៉ូលីសសំអាងលើកំណត់ហេតុសរសេរដៃ ដែលបានរកឃើញនៅក្នុងផ្ទះ សម្គាល់បានថាជា “ការអនុវត្តន៍ទាក់ទងនឹងរឿងផ្លូវងងឹតអាថ៌កំបាំង” ។ ប៉ុន្តែទោះយ៉ាងណា នៅរង់ចាំចាំលទ្ធផលស៊ើបអង្កេតតាមបែបទំនើប ការសាកសួរអ្នកជិតខាង និងពិនិត្យមើលវីដេអូនៅក្នុងតំបន់នោះ ។ មន្ត្រីប៉ូលីសម្នាក់ថា វា”ឆាប់ពេក” ដែលដឹងថា អ្វីបានកើតឡើងចំពោះការស្លាប់នេះ ។ លោកថា “ការស៊ើបអង្កេតកំពុងបន្ត ហើយយើងមិនបានសម្រេចអ្វីឡើយ” ។

ក្រុមគ្រួសារនេះ បានមករស់នៅក្នុងសង្កាត់ Burari ក្រុងញូវដេលី អស់រយៈពេលជាង 20 ឆ្នាំមកហើយ ។ ពួកគេមានដើមកំណើតមកពី Rajasthan ។ ក្រុមគ្រួសារនេះបានបើកហាងពីរនៅជាន់ផ្ទាល់ដី នៃអាគារកម្ពស់បីជាន់ ។ សាកសពទាំងនោះត្រូវបានរកឃើញដោយអ្នកជិតខាងនៅពេលគាត់ទៅទិញទឹកដោះគោ កាលពីព្រឹកថ្ងៃអាទិត្យ។

លោក Gurcharan Singh បានប្រាប់ភ្នាក់ងារព័ត៌មានថា “នៅពេលខ្ញុំចូលទៅក្នុងហាងទ្វារទាំងអស់បានបើកចំហរ ហើយសាកសពរបស់មនុស្សទាំងអស់បានព្យួរពីពិដានដោយដៃរបស់ពួកគេចងជាប់ចំណង” ។

អ្នកដែលស្លាប់ទាំំងអស់នេះ គឺត្រូវជាបងប្អូនប្រុសពីរនាក់, ប្រពន្ធ និងកូន ៗ ព្រមទាំងស្ត្រីវ័យចំណាស់ ។ សត្វឆ្កែចិញ្ចឹមរបស់គ្រួសាររងគ្រោះ មិនត្រូវបានសម្លាប់នោះទេ ។

ការរកឃើញសាកសពនេះបានធ្វើឱ្យអ្នកជិតខាងភ្ញាក់ផ្អើលយ៉ាងខ្លាំង។

អ្នកស្រុកក្នុងតំបន់ និងសាច់ញាតិបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា គ្រួសារនេះតែងតែបង្កភាពសប្បាយរីករាយ និងជាផ្នែកមួយក្នុងសហគមន៍មូលដ្ឋានផងដែរ ៕

 

Loading...