មួយ​គ្រួសារ​មាន​សមាជិក​១៦​នាក់​ផ្ទុកមេរោគ​អេ​ដ​ស៏​

ប្រជាពលរដ្ឋ​ដែល​ផ្ទុកមេរោគ​អេ​ដស៍​នៅ​ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ បាន​កើនឡើង​ដល់​ចំនួន​ ២៣៨​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៥​។​ នៅ​ក្នុង​នោះ​ មានគ្រួសារ​ដ៏​ធំ​មួយ​ទៅ​ធ្វើតេស្ដ​ឈាម​ ហើយ​ឃើញ​មាន​មេរោគ​អេ​ដស៍រ​ហូត​ដល់​ ១៦​នាក់​ រួម​មាន​ម្ដាយ​ កូនបង្កើត​ កូនប្រសា​ និង​ចៅ​ ព្រមទាំង​កូន​តូច​អាយុ​ ៦​ខែ​ម្នាក់​ផង​។​ ចាប់​តាំង​តែ​ពី​ដឹង​ថា​មាន​មេរោគ​នេះ​មក​ ធ្វើ​ឲ្យ​ពួក​គេ​គិត​រវើរវាយ​ ហើយ​បោះបង់​ការងារ​ ដោយ​មិន​ខ្វល់​ពី​ស្រែ​ចម្ការ​ដូច​ពេល​មុនៗ​ឡើយ​។​

​ឋិត​នៅ​ក្នុងភូមិ​រកា​ ឃុំ​រកា​ ក្រុម​គ្រួសារ​ដ៏​ធំ​នេះ​មាន​កូនចៅ​ស្ទើរ​ទាំងអស់​រស់នៅ​ផ្ទះ​ក្បែរ​ខាង​ជាប់​គ្នា​ បើ​ទោះជា​មានគ្រួសារ​ហើយ​ក៏​ដោយ​។​ ក្រុម​គ្រួសារ​មួយ​នេះ​មាន​ម្ដាយ​ និង​ឪពុកធំ​នៅ​រស់​ជុំ​គ្នា​ ហើយ​អ្នក​ទាំង​ពីរ​មាន​អាយុប្រមាណ​ជិត​ ៨០​ឆ្នាំទៅ​ហើយ​។​

​នៅ​ពេល​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ ធ្វើ​ដំណើរ​ចូល​ទៅ​ដល់​ផ្ទះ​គ្រួសារ​នេះ​ភ្លាម​ ឪពុក​ និង​ម្ដាយធំ​ ព្រមទាំង​សមាជិកគ្រួសារ​មាន​ចាស់​មាន​ក្មេង​មួយ​ចំនួន​ផង​ ខណៈ​អង្គុយ​ជុំ​គ្នា​នៅ​លើ​គ្រែ​សំយាបផ្ទះ​ដែល​មាន​ដំបូល​ប្រក់​ស័ង្កសី​ ជញ្ជាំង​ធ្វើ​ពី​ឈើ​ស្លេក​ពណ៌​អស់​ទៅ​ហើយ​នោះ​ បាន​ងាក​មក​ស្វាគមន៍​យើង​ក្នុង​ទឹក​ស្រងូតស្រងាត់​៖​ «​ជម្រាបសួ​អ៊ំ​!​ សុខ​សប្បាយ​ទេ​អ៊ំ​ បាទ​!​ សុខ​ជា​ធម្មតា​ទេ​ តែ​មាន​អ្នក​កើត​មេរោគ​ច្រើន​។​ ធ្វើស្រែ​ខ្លះ​ទេ​អ៊ំ​!​ ធ្វើ​តែ​ខូច​អស់ហើយ​»​។​

​លោកយាយ​ដែល​ជា​ម្ដាយធំ​វ័យ​ ៧៨​ឆ្នាំ​ និង​មាន​ផ្ទុកមេរោគ​អេ​ដស៍​ផង​ មាត់​ទំពា​ម្លូ​បណ្ដើរ​ មាន​ប្រសាសន៍​បណ្ដើរ​ខណៈ​អង្គុយ​នៅ​លើ​គ្រែ​សំយាបផ្ទះ​ថា​ សមាជិក​ក្រុម​គ្រួសារ​ដែល​ទៅ​ធ្វើតេស្ដ​ឈាម​នៅ​មណ្ឌល​សុខភាព​រកា​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ មាន​ផ្ទុកមេរោគ​អេ​ដស៍​ចំនួន​ ១៦​នាក់​ ក្នុង​ចំណោម​សមាជិក​ជាង​ ៥០​នាក់​។​ ក្នុង​នោះ​មានកូន​បង្កើត​ កូនប្រសា​ និង​ចៅ​ផង​ រួម​មាន​មនុស្ស​ចាស់​ ១០​នាក់​ និង​កុមារ​ ៦​នាក់​ ក្នុង​ចំណោម​កុមារ​ គឺ​មានកូន​តូច​អាយុ​ ៦​ខែ​ម្នាក់​ដែរ​៖​ «​មានកូន​បង្កើត​ ចៅ​កូន​ហើយ​ប្រសា​អីហ្នឹង​កើត​ទាំងអស់​អេ​ដស៍​ទាំងអស់​ ហើយ​កូន​តូច​អាយុ​កន្លះ​ឆ្នាំ​នោះ​ម្នាក់​ និង​ក្មេង​អាយុ​ ១៥​ឆ្នាំ​នោះ​ផង​»​។​

​ពួក​គាត់​ថ្លែង​ក្នុង​ទឹកមុខ​ស្រពោន​ថា​ កន្លង​មក​ធ្លាប់​មាន​ប្រវត្តិ​ចាក់​ថ្នាំ​ និង​បន្តោង​សេរ៉ូម​ព្យាបាល​ជំងឺ​ជាមួយ​គ្រូពេទ្យ​ប្រចាំ​ភូមិ​ម្នាក់​ឈ្មោះ​ លោក​ យ៉ែ​ម​ ជ្រិ​ន​ តែ​មិន​នឹក​ស្មានថា​បន្ទាប់​ពី​ព្យាបាល​ហើយ​ បែរជា​មាន​មេរោគ​ដែល​មិន​ធ្លាប់​ជួប​ប្រទះ​ដូច្នោះ​ឡើយ​។​ ទោះ​យ៉ាងនេះ​ក្ដី​ ពួក​គាត់​សុទ្ធតែ​អះអាង​ដូច​គ្នា​ថា​ ការ​ចាក់​ថ្នាំ​ជាមួយ​គ្រូពេទ្យ​នោះ​ គឺ​មិន​បាន​ប្រើ​ម្ជុល​ ឬ​ស៊ី​រាំង​ចាក់​ថ្នាំ​រួម​គ្នា​នោះ​ទេ​៖​ «​កូន​ខ្ញុំ​ចាក់​ដំបូង​ចំនួន​មួយ​ម្ជុល​ ក្រោយមក​ទៀត​ចាក់​២​ និង​ ៤​ម្ជុល​ ហើយ​ពេល​ទៅ​ធ្វើតេស្ដ​ឈាម​ ស្រាប់តែ​មាន​មេរោគ​អេ​ដស៍​។​ ខ្ញុំ​ចាក់​ម្ជុល​ថ្មី​ស៊ី​រាំង​ថ្មី​ទាំងអស់​ គឺ​តាំង​តែ​ពី​ខែកក្កដា​ និង​ខែកញ្ញា​ ឆ្នាំ​២០១៤​ មក​ម្ល៉េះ​។​ ខ្ញុំ​ចាក់​ដៃ​មួយ​ម្ជុល​ និង​ត្រគាក​មួយ​ម្ជុល​ ហើយ​ម្ជុល​សុទ្ធតែ​ហែក​ពី​ស្រោម​ទាំងអស់​។​ គ្រួសារ​ខ្ញុំ​កើត​ជំងឺគ្រុនឈាម​ និង​គ្រុនពោះវៀន​។​ ចំណែកឯ​ប្រពន្ធ​ខ្ញុំ​ចាក់​ពេល​គាត់​សម្រាលកូន​ ដោយ​ម្ដាយ​ចាក់​ចំនួន​ ៦០​ម្ជុល​ និង​កូន​ បន្តោង​សេរ៉ូម​ចំនួន​ ៨​កំប្លោក​។​ គ្រួសារ​ខ្ញុំ​ចាក់​ថ្នាំ​ថ្ងៃ​ផ្សេងៗ​គ្នា​ទាំងអស់​។​ ចំណែកឯ​ម្ជុល​ និង​ស៊ី​រាំង​ចាក់​ថ្នាំ​នោះ​ ក៏​សុទ្ធតែ​ថ្មីៗ​ដែរ​។​ ខ្ញុំ​កើត​ជំងឺ​គ្រុនពោះវៀន​ និង​គ្រុនឈាម​ ចាក់​ថ្នាំ​ជាង​ ១០​ម្ជុល​ និង​បន្តោង​សេរ៉ូម​ ៨​កំប្លោក​ ហើយ​ម្ជុល​សុទ្ធតែ​ថ្មី​ទាំងអស់​។​ បាទ​!​ ខ្ញុំ​ក៏​បន្តោង​សេរ៉ូម​គ្រូពេទ្យ​ហ្នឹង​ដែរ​ គឺ​ពេល​នោះ​ខ្ញុំ​មាន​ជំងឺ​គ្រុនពោះវៀន​ តែ​គាត់​ប្រើ​ម្ជុល​ថ្មី​ហែក​ពី​ស្រោម​ទាំងអស់​»​។​

​ពួក​គាត់​ថ្លែង​ក្នុង​ទឹកមុខ​ក្រៀមក្រំ​ទៀត​ថា​ បន្ទាប់​ពី​ដឹង​ថា​សមាជិកគ្រួសារ​មាន​ផ្ទុកមេរោគ​អេ​ដស៍​ក្នុង​ខ្លួន​ភ្លាម​ គឺ​ម្នាក់ៗ​ដែល​ជា​ឪពុក​ម្ដាយ​រវើរវាយ​បាត់បង់​អស់​ស្មារតី​ ហើយ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អនាគត​របស់​កូនចៅ​ មិនដឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ​៖​ «​ខ្ញុំ​ដល់​ដឹង​ថា​មាន​មេរោគ​អេ​ដស៍​ហ្នឹង​មក​អស់​អារម្មណ៍​ពី​ខ្លួន​រលីង​ ប្រឹងរ​ស់ទាំង​ត្រដរ​។​ សព្វថ្ងៃ​ពេល​លេបថ្នាំ​ម្ដងៗ​ យប់​ឡើង​រវើរវាយ​គ្មាន​ដឹង​អ្វី​ទេ​ ហើយ​ពិបាក​ក្នុង​ចិត្តរក​អ្វី​ថ្លែង​មិន​បាន​ទេ​ មិនដឹង​ពេល​ចាស់​ទៅ​អនាគត​ទៅ​ជា​យ៉ាងណា​?​ កូន​ខ្ញុំ​មួយ​ចំនួន​ខូចចិត្ត​យំ​ហើម​ភ្នែក​រក​អ្វី​ប្រៀប​មិន​បាន​ទេ​។​ ទាំង​កូន​ទាំង​ខ្ញុំ​ ដល់​ពេល​កូន​មាន​មេរោគ​អេ​ដស៍​អ៊ីចឹង​ទៅ​ ចេះ​តែ​ភ័យ​ព្រួយ​មិនដឹង​ថា​ស្លាប់​ ឬ​រស់​ទេ​ បើ​កើត​ច្រើន​គ្នា​យ៉ាងនេះ​»​។​

​គ្រួសារ​នេះ​ជា​ប្រជា​កសិករ​ក្រីក្រ​រស់នៅ​ពឹងផ្អែក​ទៅ​លើ​របរ​ធ្វើស្រែ​ធ្វើ​ចម្ការ​នៅ​ទី​ជនបទ​ដាច់​ស្រយាល​។​ ក្រោយ​ពី​ធ្វើតេស្ដ​ឈាម​ដឹង​ថា​មាន​ផ្ទុកមេរោគ​អេ​ដស៍​ ពួក​គាត់​ធ្លាក់​ទឹកចិត្ត​យ៉ាង​ខ្លាំង​ គ្មាន​ស្មារតី​រឹងប៉ឹង​ដូច​មុន​ ហើយ​អះអាង​ថា​ បាន​បោះបង់​ការងារ​ធ្វើស្រែ​រាប់​ហិ​កតារ​ បណ្ដាល​ឲ្យ​ខូច​អស់​គ្មាន​សល់​។​ ពួក​គាត់​បញ្ជាក់​ថា​ ក្នុង​ចំណោម​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ទាំង​ ១៦​នាក់​នោះ​ ពុំ​មាន​នរណា​ម្នាក់​ធ្លាប់​មាន​ប្រវត្តិ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ ឡើយ​។​

​លោកយាយ​មាន​ប្រសាសន៍​ទៀត​ថា​ សមាជិក​ក្នុង​ក្រុម​គ្រួសារ​ទាំងអស់​ជា​មនុស្ស​ស្អាតស្អំ​ មិន​ធ្លាប់​មាន​ប្រវត្តិ​ទៅ​ប៉ះពាល់​អ្នក​ដែល​ផ្ទុកមេរោគ​អេ​ដស៍​ពី​មុន​មក​នោះ​ទេ​៖​ «​កូន​ខ្ញុំ​គ្រប់​គ្នា​ដូច​សំពត់​ក្នុង​ផ្នត់​អ៊ីចឹង​ គឺ​ម្នាក់ៗ​ធ្វើ​តែ​ស្រែ​ចម្ការ​ ហើយ​ក្រៅពី​ប្ដី​ប្រពន្ធ​ខ្លួនឯង​ គឺ​មិន​ដែល​ទៅ​ខូចខិល​ជាមួយ​អ្នក​ណា​ឡើយ​»​។​

​សព្វថ្ងៃ​ គ្រួសារ​នេះ​មាន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ចំនួន​ ៩​នាក់​ហើយ​ ដែល​កំពុង​លេបថ្នាំ​ពន្យារ​ជីវិត​នោះ​។​ ពួក​គាត់​បញ្ជាក់​ថា​ គ្រូពេទ្យ​ឲ្យ​ពួក​គេ​ទៅ​ទទួល​ថ្នាំ​ពន្យារ​ជីវិត​ជា​ប្រចាំ​រៀង​រាល់​ពី​រស​ប្ដា​ហ៍​ម្ដង​៖​ «​ថ្នាំ​ពន្យារ​ហ្នឹង​ពេទ្យ​ឲ្យ​លេប​រហូត​អស់​មួយ​ជីវិត​ ដោយ​គ្រូពេទ្យ​និយាយ​ថា​ ពេល​អស់​ថ្នាំ​ត្រូវ​ទៅ​ជួប​ពេទ្យ​បើក​ថ្នាំ​មក​លេប​ទៀត​។​ ខ្ញុំ​បាន​ថ្នាំ​ពន្យារ​លេប​ហើយ​ គ្រូពេទ្យ​គាត់​ប្រាប់​ខ្ញុំ​ពេល​នៅ​សល់ថ្នាំ​មួយ​គ្រាប់​ ឲ្យ​ទៅ​បើក​មក​លេប​ទៀត​»​។​

​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ទាំង​ ១៦​នាក់​នោះ​មាន​មនុស្ស​ ២​នាក់​ធ្លាក់ខ្លួន​ឈឺ​ ក្នុង​នោះ​មាន​លោកយាយ​ជា​ម្ដាយធំ​ម្នាក់​ និង​កូន​តូច​អាយុ​ ៦​ខែ​ម្នាក់​ ហើយ​កូន​តូច​កំពុង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។​

​ជំទប់​ទី​២​ ឃុំ​រកា​ លោក​ សឿ​ម​ ឆ​ម​ មាន​ប្រសាសន៍​បញ្ជាក់​ថា​ គ្រួសារ​ដ៏​ធំ​មួយ​នេះ​មាន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ចំនួន​ ១៦​នាក់​ ក្នុង​នោះ​មាន​ម្នាក់​ធ្វើតេស្ដ​ឈាម​ ហើយ​មាន​មេរោគ​តាំងពី​ពីរ​ខែ​មុន​ឆ្លង​មេរោគ​អេ​ដស៍​នៅ​ឃុំ​រកា​ មក​ម្ល៉េះ​៖​ «​គ្រួសារ​ធំ​នេះ​ អ្នក​ដែល​មានកូន​សៀវភៅ​ ហើយ​ធ្វើតេស្ដ​ឈាម​នៅ​មណ្ឌល​សុខភាព​រកា​ មាន​មេរោគ​អេ​ដស៍​ ១៦​នាក់​ តែ​ម្នាក់​ត្រូវ​គេ​ដក​ចេញ​វិញ​ ដោយសារ​មេរោគ​អេ​ដស៍​មុន​ពេល​អ្នក​ភូមិ​រកា​ ធ្វើតេស្ត​ឈាម​»​។​

​នៅ​ក្នុង​គ្រួសារ​នេះ​ យើង​ឃើញ​មាន​សៀវភៅ​បញ្ជាក់​ពី​គ្រូពេទ្យ​ចំនួន​ ១១​នាក់​ ជា​សៀវភៅ​សម្រាប់​យក​ទៅ​បើក​ថ្នាំ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។​ ពួក​គាត់​ថ្លែង​ថា​ ចំណែកឯ​សមាជិក​ចំនួន​ ៥​នាក់​ទៀត​ អ្នកខ្លះ​មិន​នៅផ្ទះ​ ហើយ​ដាក់​សៀវភៅ​ជាប់​ខ្លួន​ និង​ខ្លះ​ទៀត​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។​

​ជំទប់​ទី​២​ ឃុំ​រកា​ លោក​ សឿ​ម​ ឆ​ម​ មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​ដែល​ធ្វើតេស្ដ​ឈាម​នៅ​មណ្ឌល​សុខភាព​រកា​ មាន​មេរោគ​អេ​ដស៍​កើនឡើង​ដល់​ចំនួន​ ២៣៨​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៥​ ដែល​រស់នៅ​ក្នុងភូមិ​ចំនួន​៣​ រួម​មាន​ភូមិ​រកា​ អំបែងថ្ងៃ​ និង​ភូមិ​តា​ហែ​ន​ ឃុំ​រកា​ ស្រុក​សង្កែ​ខេត្តបាត់ដំបង​៖​ «​ចាប់ពី​មណ្ឌល​សុខភាព​រកា​ ធ្វើ​យុទ្ធនាការ​ពិនិត្យ​ឈាម​មក​ មាន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ចំនួន​ ២៣៨​នាក់​ហើយ​។​ ក្នុងភូមិ​រកា​ នេះ​ អ្នកមាន​រោគ​អេ​ដស៍​ ពួក​គេ​មួយ​ចំនួន​មាន​អាកា​រៈ​ទ្រុឌទ្រោម​រាង​កាយ​ ដោយ​អ្នកខ្លះ​មុខជាំ​ ដែល​កើតឡើង​ដោយសារ​គិត​ច្រើន​ ហើយ​គ្មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​នោះ​ទេ​»​។​

​បច្ចុប្បន្ន​ គ្រូពេទ្យ​ដែល​អ្នក​ភូមិ​សង្ស័យ​នេះ​ ត្រូវ​តុលាការខេត្ត​បាត់ដំបង​ ធ្វើការ​ចោទប្រកាន់​ចំនួន​ ៣​ករណី​ គឺ​ទី​១​ ប្រព្រឹត្ត​ដោយ​ចេតនា​ និង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឆ្លង​មេរោគ​អេ​ដស៍​។​ ទី​២​ អំពើ​ឃោរឃៅ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ និង​ទី​បី​ បទ​បើក​កន្លែង​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។​

​សេចក្ដី​ប្រកាស​របស់​ក្រសួងសុខាភិបាល​ កាលពី​ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១៥​ អះអាង​ថា​ ការ​ឆ្លង​មេរោគ​អេ​ដស៍​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ដោយសារ​ការ​ចាក់​ថ្នាំ​ និង​ចាក់​សេរ៉ូម​ពី​គ្រូពេទ្យ​ខ្វះ​វិជ្ជាជីវៈ​។​ ទោះជា​យ៉ាងណា​ មន្ត្រី​ជំនាញ​ខាង​ជំងឺឆ្លង​មេរោគ​អេ​ដស៍​ឲ្យ​ដឹង​ថា​ គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា​ ការ​ចាក់​ថ្នាំ​មិន​ត្រឹមត្រូវ​ដោយ​គ្រូពេទ្យ​ខ្វះ​វិជ្ជាជីវៈ​រូប​នោះ​ គឺជា​ប្រភព​ចម្លង​មេរោគ​អេ​ដស៍​តែ​មួយ​មុខ​គត់​នោះ​ទេ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *