មេក្លោងចោរប្លន់ មានដីចាប់ខ្លួនចំនួន៧ រត់គេចខ្លួន មិនដែលជាប់គុក ចុងក្រោយជាប់នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ រយៈពេលប៉ុន្មានថ្ងៃមកនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះ ប្រតិបត្តិការរបស់កម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ អាត់ ខែម និងនគរបាលពាក់ព័ន្ធ លើការ បង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធចំនួន៤នាក់ ជាបន្តបន្ទាប់ ក្នុងនោះមានម្នាក់ជា មេក្លោងធំឈ្មោះ លឹម ទ្រី ហៅទី ហៅឆាយ ក៏ត្រូវបានបង្ក្រាបផងដែរ ក្រោយពីពួកគេ បានធ្វើសកម្មភាពភ្ជង់ប្លន់យកគ្រឿងអលង្ការ ពីអាជីវករលក់មាស នៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។
ជាមួយនឹងការបញ្ចប់ប្រតិបត្តិការ ដ៏ជោគជ័យ ខាងលើនេះមន្រ្តីនគរបាល ខេត្តបន្ទាយមានជ័យ បានលើកយកប្រវត្តិខ្លះៗ អំពីមេក្លោង ចោរប្លន់ឈ្មោះ លឹម ទ្រី ហៅទី ហៅឆាយ ក្រោយពីត្រូវបានចាប់ខ្លួននិងសួរ ចំឡើយ ដោយផ្ទាល់ពីស្នងការនគរបាលខេត្ត។ បើតាមមន្រ្តីនគរបាល មេក្លោងចោរ ប្លន់រួបនេះ បានដីកាចាប់ខ្លួនរបស់ តុលាការរាជធានីភ្នំពេញ ចំនួន៧មកហើយ ដែលរូបគេ និងបក្ខពួក បានធ្វើសកម្មភាពបាញ់ប្លន់នៅពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ ប្លន់បាញ់ត្រូវគ្នាឯង នៅម្តុំទួលទំពុង ខណ្ឌចំការមន នៅចំណុចគរគី ខេត្តបាត់ដំបង ជាដើម។ ប៉ុន្តែចំពោះការឆ្លើយសារភាពបែបនេះ ត្រូវបានមន្រ្តីនគរបាល មិនទាន់ជឿ ទាំងស្រុងនោះទេដោយគិតថា ការឆ្លើយនេះបានប្រមាណតែ៣៥ភាគរយប៉ុណ្ណោះ។សម្រាប់មេក្លោងចោរប្លន់រូបនេះ ត្រូវបាននគរបាលបញ្ជាក់ថា មិនដែលត្រូវបានចាប់ខ្លួន និងជាប់ពន្ធនាគារនោះទេ ពោលតែងតែបានរត់គេចខ្លួនក្រោយពេលធ្វើសកម្មភាព ដោយមន្រ្តីនគរបាលខ្លះ លើកឡើងថា ជននេះមានគ្រូមន្តអាគមន៍ទៀតផង ប៉ុន្តែពេលចូលធ្វើសកម្មភាពនៅខេត្តបន្ទាយមានជ័យ ក៏ត្រូវអស់ល័ក្ខរហូត កម្លាំងនគរបាលបង្ក្រាបតែម្តង។ក្នុងចំណោមជនសង្ស័យទាំង៤នាក់នេះ មានជនសង្ស័យម្នាក់ទៀតឈ្មោះ យ៉េន ចាន់ធូ អាយុ៣៧ឆ្នាំ ក៏ជាមុខសញ្ញាសំខាន់ ផងដែរបន្ទាប់ពីឈ្មោះ លឹម ទ្រី ពីព្រោះយ៉េន ចាន់ធូ នេះធ្លាប់ជាប់ពន្ធនាគារ ជាង៥ឆ្នាំ ហើយធ្លាប់រកស៊ីលក់ក្បាលអ្នកតាផងដែរ។និយាយរួម ជនសង្ស័យទាំងនេះ ជាប់ពាក់ព័ន្ធ និងការប្រើប្រាស់ថ្នាំញៀនទៀតផង។ ជុំវិញការបង្ក្រាប ក្រុមចោរប្លន់ទាំង៤នាក់នេះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានចាត់ទុកថា គឺជោគជ័យយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែង នៃកងកម្លាំងនគរបាលទាំងអស់ សហការជាមួយ នគរបាលជំនាញក្រសួងមហាផ្ទៃ និងតាមបណ្តា ក្រោមការបញ្ជាផ្ទាល់ ពីអគ្គស្នងការនគរបាលជាតិ។
លោកបានបញ្ជាក់ថា អ្វីដែលជាមោទភាពមួយទៀតនោះ គឺរឹបអូសគ្រឿង អលង្ការរាប់សិបតម្លឹងពីក្រុមចោរជូនជនរងគ្រោះវិញ។ បើតាម លោកឧត្តមសេនីយ៍ស្នងការ ក្រោយបញ្ចប់ប្រតិបត្តិការ ដ៏ជោគជ័យនេះ ប្រជាពលរដ្ឋជាច្រើននាក់ នៅក្រុងប៉ោយប៉ែត ជាពិសេសបងប្អូន ក្រុមអាជីវករ រកស៊ីលក់មាសផ្សេងៗទៀត ក្រៅពីជនរងគ្រោះ បានចូលរួមឧបត្ថម្ភដល់ កងកម្លាំង នគរបាលរបស់យើងយ៉ាងច្រើន ចំពោះស្នាដៃមួយនេះ។ ទោះជាបែបនេះក្តី បងប្អូនអាជីវករមួយចំនួន នៅតែមានការព្រួយបារម្ភចំពោះ បញ្ហាសន្តិសុខដូច្នេះពួកគាត់ បានសំណូមពរ ឲ្យនគរបាលដាក់បន្ថែមកម្លាំងទៀតនៅតាមគោលដៅទាំងនេះ។
លោកស្នងការ ក៏បានយល់ព្រមហើយដាក់ផែនការឲ្យនគរបាលរបស់លោកបង្កើនកម្លាំង និងសហការជាមួយផ្សារអគ្គ ធ្វើប៉ុស្តិ៍ត្រួតពិនិត្យបន្ថែមទៀត សម្រាប់ពង្រឹងបញ្ហាសន្តិសុខ កាន់តែប្រសើរឡើង។ កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៦ លោក ឧត្តមសេនីយ៍ អាត់ ខែម បានប្រគល់ទ្រព្យសម្បតិ្តជាគ្រឿង អលង្ការ ទៅឲ្យជនរងគ្រោះ ក្នុងអំពើប្លន់ គឺអ្នកស្រី សយ សុផាន់ណា អាយុ៤៥ឆ្នាំ និងប្តីរបស់ខ្លួន។ប្រភពបានរាយការណ៍ថា គ្រឿងអលង្ការដែលលោកស្នងការ និងមន្រ្តីរបស់ខ្លួនប្រគល់ជូនជនរងគ្រោះវិញនោះរួមមាន៖ ក្រវិលផ្លាកទីនចំនួន៥៣គូ ខ្សែកផ្លាកទីនចំនួន៨៣ខ្សែ របស់បញ្ចាំចំនួន២០ថង់ ខ្សែដៃផ្លាកទីន ចំនួន៣៧ខ្សែ ខ្សែជើងផ្លាកទីន ចំនួន៤៩ខ្សែ កងដៃផ្លាកទីនចំនួន៨២គូ ចិញ្ជៀន ផ្លាកទីនចំនួន១៩០វង់។ នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ក៏បានប្រគល់ ជូនថវិកាឧបត្ថម្ភ លើកទឹកចិត្តជូនមន្រ្តីនគរបាលរបស់ខ្លួនចំនួន១,០០០ដុល្លារផងដែរ។
សូមបញ្ជាក់ថា ក្រោយមានករណីភ្ជង់ប្លន់ស្រ្តីអាជីវករលក់មាស នៅផ្សារយួន ក្រុងប៉ោយប៉ែតនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦មកនោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ អាត់ ខែម បានដឹកនាំកម្លាំងនគរបាលជំនាញ សហការជាមួយនគរបាលជំនាញសន្តិសុខផ្ទៃ ក្នុងក្រសួងមហាផ្ទៃ បើការស្រាវជ្រាវរហូតតាមចាប់ក្រុមចោរប្លន់ចំនួន៤នាក់ ជាបន្តបន្ទាប់ ដោយ៣នាក់ចាប់ខ្លួននៅក្រុងប៉ោយប៉ែត និងម្នាក់ទៀតត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបង៕

IMG-1 (1)

IMG-1 (2)

IMG-1

IMG-16

IMG-17

IMG-18

WAT-25025

Loading...

Leave a Reply

Your email address will not be published. Required fields are marked *