ខេត្តកំពង់ស្ពឺ៖ ប្រភពបានឲ្យដឹងថា មន្ត្រីយោធាពាក់សក្តិ៤ដែលពាក់ព័ន្ធមុខជំនួញរកស៊ីឈើល្មើសច្បាប់ដ៍ធំប្រចាំស្រុកឱរ៉ាល់កំពុងគេចខ្លួន បន្ទាប់កំលាំងសមត្ថកិច្ចចម្រុះកងកម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើ នៃកងរាជាអាវុធហត្ថលើផ្ទៃប្រទេស ជំនាញរដ្ឋបាលព្រៃឈើក្រោមការសម្របសម្រួលពីតំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺបានបង្ក្រាបឃ្លាំងស្តុបឈើរកឃើញឈើជាច្រើនម៉ែតគូប ។
មន្ត្រីរដ្ឋបាលព្រៃឈើផ្នែកឱរ៉ាល់បានប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៦ថា ការបង្ក្រាបឃ្លាំងស្តុបឈើរបស់លោកជឿង ថេង មន្ត្រីយោធាភូមិភាគ៣នោះ កំលាំងចម្រុះកំពុងតែធ្វើវាស់វែងហើយលទ្ធផលចំនួនឈើប្រមាណម៉ែតគូបមិនទាន់បូកសរុបនៅឡើយទេ ។ ប្រភពបន្តថា ម្ចាស់ទីតាំងស្តុបឈើខុសច្បាប់ជាមន្ត្រីយោធាមិនត្រូវបានចាប់ខ្លួនទេ ពេលនេះកំពុងរត់គេចខ្លួនបាត់ស្រមោលហើយ ។
កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ កន្លងមកនេះ កំលាំងកងរាជអាវុធត្ថ លើផ្ទៃប្រទេសសហការជាមួយអាវុធហត្ថខេត្ត មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ អាជ្ញាធរដែនដី និងមានការសម្របសម្រួលពីតំណាងអយ្យការសាលាដំបូង ខេត្តកំពង់ស្ពឺ ចុះបង្ក្រាបទីតាំងស្តុកឈើដ៏ធំមួយជ្រកក្រោមស្លាកវីង ស្ថិតនៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានម្ចាស់ឈ្មោះ ជឿង ថេង ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបររកស៊ីឈើ និងជាមន្ត្រីយោធាពាក់សក្តិ៤ បំរើការងារក្នុងការិយាល័យទី២ នៃបញ្ជាការដ្ឋាន យោធភូមិភាគ៣ រកឃើញទីតាំងលាក់ឈើ ៩កន្លែងនៅក្នុងឃ្លាំងដ៏ធំនោះគឺ៖ដាក់នៅក្នុងឃ្លាំង នៅក្នុងរោង ទីវាល ក្នុងស្រះទឹក បង្កប់ក្រោមអុសដាក់គរពីលើ លើរថយន្តកូរ៉េ ក្នុងរថយន្តឃ្លប់បិទស្លាកយីហោផលិតផលភេសជ្ជៈកូរ៉េ។
ឈ្មោះ ជឿង ថេង នេះ កាលពីពីអំឡុងខែមិថុនា ឆ្នាំ២០១៦កន្លងមករថយន្តយីឌុបយក្ស ១គ្រឿង របស់លោកបានដឹកឈើរាជកុល (ម្រិញ)ប្រមាណជាង ៧០តោន បង្ករឱ្យបាក់ស្ពានបាឡេមួយកន្លែង ក្នុងភូមិជ័យសេនា ឃុំកោះស្លា ស្រុកឈូក ខេត្តកំពតមានការល្បីល្បាញទូទាំងប្រទេស ។ ក្រោយពីមានបទបញ្ជាពីថ្នាក់លើ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ លោកជឿង ថេង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្តកំពតដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់យស៊ើបសួរតាមដីការ២ហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្ន បន្ទាប់មកលោក ជឿង ថេង សងថ្លៃបាក់ស្ពានចំនួន ២០០លានរៀល និងបង់ប្រាក់ពិន័យចំនួន២២២.២២០.០០០រៀល លុះដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ តុលាការបានសម្រេចដោះលេង ជឿង ថេង ឱ្យក្រៅឃុំបណ្តោះអាសន្នបានស្ងប់ស្ងាត់មួយរយ:ស្រាប់តែចាប់ផ្តើមមុខរកស៊ីឈើខុសច្បាប់ឡើងវិញដើម្បីស្រង់ដើម ប៉ុន្តែត្រូវបានសមត្ថកិច្ចបង្ក្រាប ។
កាប់បំផ្លាញព្រៃឈើក្នុងតំបន់ហាមឃាត់ជួរភ្នំក្រវាញ ជួរឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និង ខេត្តកោះកុងហើយមេឈ្មួញឈ្មោះ ជឿង ថេង បានប្រមូលទិញ ស្តុបទុកស្រុកឱរ៉ាល់ ក្នុងទឹកដីខេត្តកំពង់ស្ពឺ រួចដឹកបន្តទៅលក់នៅព្រំដែនវៀតណាមតាមច្រកតន់ហន់ ខេត្តកំពត ។ ក្រៅពីលោកជឿង ថេងមានមេឈ្មួញរកស៊ីឈើធំម្នាក់ទៀតឈ្មោះ ស ជាកូនប្រសារលោកឆេង ឡុងមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺ មិនដែលសមត្ថកិច្ចចាប់ ៕