មេឈ្មួញឈ្មោះស្រួចដឹកឈើចេញពីព្រៃឡង់ខេត្តកំពង់ធំមកលក់នៅស្រុកចំការលើខេត្តកំពង់ចាម

ខេត្តកំពង់ធំ៖ បទល្មើសព្រៃឈើចេញពីតំបន់ព្រៃឡង់ខេត្តកំពង់ធំនៅតែបន្តកើតមានជារៀងរាល់ថ្ងៃក្រោមក្រសែភ្នែកមន្ត្រីបរិស្ថានជាពិសេសកូនចៅលោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំនោះតែម្ដង។ប្រភពបានឱ្យដឹងថាគ្រាន់តែមេឈ្មួញម្នាក់ឈ្មោះស្រួចដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ស្ថិតក្នុងស្រុកសន្ទុកខេត្តកំពង់ធំមួយថ្ងៃៗរាប់សិបគោយន្ត។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថាមេឈ្មួញល្បីឈ្មោះគឺលោកស្រួចបានឈរចាំទិញឈើពីប្រជាពលរដ្ឋដឹកតាមរទេះគោចេញពីតំបន់ព្រៃឡង់នៅចំណុចភូមិអូរក្រពើឃុំបឹងល្វាស្រុកសន្ទុកទើបឈ្មួញបន្តដឹកតាមគោយន្តជាច្រើនគ្រឿងឆ្ពោះតាមគោលដៅរៀងខ្លួន។ក្នុងនោះគ្រាន់តែឈ្មួញឈ្មោះស្រួចដឹកឈើដែលអាររួចឆ្លងកាត់ស្រុកសន្ទុកសំដៅទៅឃុំសំរោងស្រុកចំការលើខេត្តកំពង់ចាមមានរាប់សិបគោយន្តឯណោះ។

ករណីបទល្មើសព្រៃឈើដែលដឹកជញ្ជូនចេញពីតំបន់ព្រៃឡង់គឺប្រាកដណាស់ពិតជាមានការឃុបឃិតពីនាយកដែនជម្រកព្រៃឡង់ទើបអាចពួកឈ្មួញធ្វើសកម្មភាពបានជាចំហដូចពេលនេះ។ជាងនេះទៅទៀតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំពិតជាបានដឹងថាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនកំពុងមានរឿងអ្វីកើតឡើង។ពីព្រោះថាប្រជាពលរដ្ឋនៅស្រុកសន្ទុកខេត្តកំពង់ធំជាពិសេសឈ្មួញឈ្មោះស្រួចពិតជាដឹងថាមានរឿងអ្វីកើតឡើងនៅតំបន់ព្រៃឡង់ខេត្តកំពង់ធំ។

លោកតុប កក្កដាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំមិនអាចសុំការបំភ្លឺបានទេ។

គេរំពឹងថាអភិបាលខេត្តកំពង់ធំក៏ដូចជាថ្នាក់ដឹកនាំក្រសួងបរិស្ថានពិនិត្យមើលអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់ព្រៃឡង់ខេត្តកំពង់ធំនោះផង។ភាពស្ងៀមស្ងាត់របស់ថ្នាក់ដឹកនាំខេត្តកំពង់ធំនិងថ្នាក់ដឹកនាំក្រសួងបរិស្ថានគឺជាឱកាសឲ្យឈ្មួញឈ្មោះស្រួចកាន់តែបានចិត្តក្នុងការកសាងបទល្មើស៕

Loading...