មេឈ្មួញដីភឺន​ ផល្លា និងលោកផ្កាយ២ សៅ សុខ ប្រើអំណាចបំពានកាន់កាប់ដីធ្លីប្រជាពលរដ្ឋ?

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរងគ្រោះនៅក្នុងស្រុកព្រៃនប់ អំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិក៏ដូចជាអគ្គមេបញ្ជាការ​នៃកងយោធពលខេមរភូមិន្ទ ចាត់វិធានការទៅលើបុគ្គលទាំង២នាក់នេះជាបន្ទាន់ ដោយហេតុថាមេឈ្មួញ ភឺន​ ផល្លា និងលោកផ្កាយ២ សៅ សុខ អាងមានខ្នងបង្អែករឹងមាំទើបហ៊ានធ្វើសកម្មភាពឆក់ប្លន់ដីធ្លីប្រជាពលរដ្ឋច្រើនកន្លែងក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខវេទនាគ្មានទីបញ្ចប់។

ប្រជាពលរដ្ឋនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ បានឲ្យដឹងថា​ មេឈ្មួញ ភឺន​ ផល្លា និងលោកផ្កាយ២ សៅ សុខ ប្រើអំណាចទន្ទ្រានកាន់កាប់ដីធ្លីពួកគាត់យ៉ាងកំរោលដោយគ្មានញញើតអ្វីទាំងអស់ ហើយនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ក៏បុគ្គល២នាក់នេះបំពានលើដីធ្លីប្រជាពលរដ្ឋយ៉ាងកំរោលដែរ។

ប្រភពស្និទ្ធនឹងមេឈ្មួញ ភឺន ផល្លា បានឲ្យដឹងថា ឈ្មួញម្នាក់នេះជាឧត្តមសេនីយ៍យោធាក្នុងអង្គភាពកងពលតូចលេខ៧០ ហើយដែលធ្វើសកម្មភាពទន្ទ្រានកាន់កាប់ឆក់ប្លន់ដីធ្លីប្រជាពលរដ្ឋជាច្រើនកន្លែងនិងជាច្រើនខេត្ត។​ ឥឡូវនេះក៏លិចមុខមន្ត្រីយោធាពាក់ផ្កាយ២​ ឈ្មោះ សៅ សុខ​ ក៏ធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីធ្លីប្រជាពលរដ្ឋនៅក្នុងព្រៃនប់ យ៉ាងកំរោលផងដែរដូចដែលបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ក្នុងរយៈពេលប្រមាណ១សប្តាហ៍ចុងក្រោយនេះ។ ដូច្នេះថ្នាក់ដឹកនាំក្រសួងការពារជាតិនិងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មិនគួរបណ្តែតបណ្តោយឲ្យឧត្តមសេនីយ៍យោធាឈ្មោះ ភឺន ផល្លា និងឧត្តមសេនីយ៍យោធាឈ្មោះ សៅ សុខ ប្រើអំណាចឆក់ប្លន់ដីធ្លីប្រជាពលរដ្ឋស្រេចតែអំពើចិត្តទៀតឡើយ។

មជ្ឈដ្ឋាននានាបានកត់សម្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះមេឈ្មួញ ភឺន ផល្លា ដើរធ្វើសកម្មភាពបំពានលើដីធ្លី​របស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងនៅស្រុកលើកដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ផងដែរ។ ជាក់ស្តែងប៉ុន្មានថ្ងៃមុននេះមេឈ្មួញ ភឺន​ ផល្លា និងលោកផ្កាយ២ សៅ សុខ ធ្វើបានប្រជាពលរដ្ឋចោទប្រកាន់ថាបានធ្វើសកម្មភាពឆក់ប្លន់ដីធ្លីប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ យ៉ាងកំរោលធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះយ៉ាងអយុត្តិធម៌។ ប៉ុន្តែមេឈ្មួញ ភឺន​ ផល្លា និងលោកផ្កាយ២ សៅ សុខ មិនទាន់ត្រូវបានថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់អំពើសាហាវឃោរឃៅរបស់ពួកគេនៅឡើយទេបើទោះបីពួកគេប្រើអំពើហិង្សាលើប្រជាពលរដ្ឋយ៉ាងណាក៏​ដោយ។

ពាក់ព័ន្ធករណីនេះ ភ្នាក់ងារព័ត៌មានមិនអាចទាក់ទងសុំការបំភ្លឺបន្ថែមបានទេពីឈ្មួញ ភឺន​ ផល្លា និងលោកផ្កាយ២ សៅ សុខ ដោយសារពុំមានលេខទូរស័ព្ទ៕

Loading...