មេឈ្មួញឧក្រិដ្ឋកម្មព្រៃឈើស្រីល្បី ឈ្មោះឌីណាកំពុងតែបំផ្លិចបំផ្លាញព្រៃឈើនៅក្នុងខេត្តកំពង់ស្ពឺជិតរលាយហើយ អាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្ក្រាប

ខេត្តកំពង់ស្ពឺ៖អាជ្ញាធរជំនាញ ស្រុកឱរ៉ាល់ និង ស្រុកភ្នំស្រួច ក្នុងខេត្ត ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធហាក់បីដូចជា ផ្គើននឹងប្រសាសន៍សម្តេចតេជោសែនបណ្តោយអោយមេឈ្មួញស្រីល្បី ឈ្មោះ(ឌីណា)រកស៊ីបំផ្លិចបំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យ មិនបង្ក្រាបទាល់តែសោះ សង្ស័យអស់លោកទទួលលាភសក្ការៈពីថៅកែស្រីហើយមើលទៅទើបមិនហ៊ានបង្ក្រាបរថយន្តដឹកឈើបែបនេះ។

កន្លងមកប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ ទៅកាន់មន្ត្រីជំនាញពាក់ពន្ធ័ ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិទាំងអស់អោយទប់ស្កាត់រាល់ការបំផ្លិចបំផ្លាញធនធានធម្មជាតិ។ជាពិសេសសម្តេចបានចាត់តាំងអោយ ឯកឧត្តម នាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានបង្ក្រាបបទល្មើសធនធានធម្មជាតិ រុករានទន្ទ្រានយកដីព្រៃដែលជាសម្បត្តិរបស់រដ្ឋនិងបទល្មើសព្រៃឈើជាដើម។ ប៉ុន្តែ នៅក្នុងខេត្តកំពង់ស្ពឺវិញ អាជ្ញាធរនិងមន្ត្រីជំនាញហាក់មិនអនុវត្តតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន បែរជាបណ្តែតបណ្តោយអោយ មេឈ្មួញស្រីល្បីឈ្មោះ(ឌីណា)អាយុជាង៣០ឆ្នាំមានទីលំនៅក្នុងភូមិផ្សារកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺធ្វើសកម្មភាពដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃ យ៉ាងគឃ្លើន មិនខ្លាចញញើតច្បាប់សូម្បីតែបន្តិច ។

សកម្មភាពដឹកជញ្ជូនឈើមេឈ្មួញស្រីរូបនេះបានប្រើរថយន្តធុនធំៗយីឌុប (V1)ដឹកឈើមុខកាត់ធំៗបានយ៉ាងរលូន កាត់មុខស្នាក់ការ សមត្ថកិច្ច និងជំនាញពាក់ព័ន្ធជាច្រើន ប៉ុន្តែមិនមានឧបសគ្គអ្វី ទៅរារាំង មេឈ្មួញនោះឡើយ។

ប្រជាពលរដ្ឋម្នាក់ឈ្មោះ វ៉ុន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបានអោយដឹងថា មេឈ្មួញស្រីល្បីឈ្មោះ(ឌីណា)នេះរកស៊ីដឹកឈើយូរណាស់មកហើយ ល្បីដំបូងឡើយនៅស្រុកឱរ៉ាល់ ហើយបច្ចុប្បន្ននេះល្បីឈ្មោះរហូតដល់ស្រុកភ្នំស្រួចទៀតហើយ ដែលរាល់ពេលដឹកជញ្ជូនឈើម្តងៗគឺប្រើប្រាស់រថយន្តយីឌុប(ឬហៅថារថយន្ត(V1)ពណ៌ត្រេអុី គ្មានពាក់ស្លាកលេខនោះឡើយ។

មេឈ្មួញស្រីល្បីឈ្មោះរូបនេះបានប្រើល្បិចបញ្ជាអោយកូនចៅរបស់ខ្លួនដឹកឈើចុះពីលើភ្នំតាមគោយន្តកន្ត្រៃទាំងយប់ប្រមូលដាក់លើរថយន្តធុនធំយីឌុប(V1)ដឹកចេញទៅលក់បន្តនៅប្រទេសវៀតណាម។

តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចតូចតាចមួយចំនួននៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបានអោយដឹងថា មេឈ្មួញស្រីល្បីឈ្មោះ(ឌីណា)រូបនេះបានរកស៊ីដឹកជញ្ជនឈើទៅលក់នៅប្រទេសវៀតណាមយូរឆ្នាំមកហើយ។ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកឱរ៉ាល់ និង ស្រុកភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺ ហាក់ធ្វើមិនដឹងមិនឮ មិនតែប៉ុណ្ណោះសូម្បីតែ មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស និងនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មកឈរជើង ប្រចាំការ ខេត្តកំពង់ស្ពឺ ក៏គ្មានឆន្ទៈក្នុងការបង្ក្រាបទល្មើសព្រៃឈើនេះដែរ ។

ប្រភពដដែលបានអោយដឹងទៀតថាកន្លងមកកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសបានបង្ក្រាបរថយន្តដឹកឈើ១គ្រឿងដោយឈ្មួញបានបាញ់តដៃផងនោះ ឃាត់ខ្លួនមន្ត្រីអាវុធហត្ថខេត្តតាកែវបានម្នាក់ ប៉ុន្តែមេឈ្មួញស្រីល្បីឈ្មោះ(ឌីណា)រូបនេះ មិនត្រូវបានបង្ក្រាបដោយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសនោះទេ នៅមានសកម្មភាពដដែល។

តាមប្រភពពីសមត្ថកិច្ចស្រុកភ្នំស្រួចបង្ហើបអោយដឹងថា កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រថយន្តយីឌុប(ឬV1)ចំនួន០២ គ្រឿងរបស់ថៅកែស្រី ជាមេឈ្មួញល្បីល្បាញ ឈ្មោះប្រចាំខេត្ត ដឹកឈើប្រភេទម្រេញ ក្នុង១រថយន្ត០៨ដុំ មុខកាត់ធំៗ មិនក្រោម៣០ម៉ែត្រគូបនោះឡើយ គ្មានសមត្ថកិច្ចណាបង្ក្រាបឡើយ ចេញទៅយ៉ាងរលូន។

ប្រជាពលរដ្ឋ និងសមត្ថកិច្ចតូចតាចសង្ឃឹមថា លោកឈៀង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធានបង្ក្រាបថ្នាក់ជាតិមេត្តាជួយពិនិត្យមើលសមន្ត្រីថ្នាក់ក្រោមដែលមិនអនុវត្តន៍តាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីបណ្តោយអោយមេឈ្មួញខាងលើរកស៊ីបំផ្លិចបំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យបែបនេះ៕ ច្បារមន

 

Loading...