មេដឹកនាំកូរ៉េខាងជើង និងខាងត្បូងជួបពិភាក្សាគ្នា២ម៉ោងស្តីអំពីជំនូបកំពូលរវាងគីម ជុងអ៊ុន ដូណាល់ ត្រាំ

ក្រុមមន្ត្រីកូរ៉េខាងត្បូងបានប្រកាសថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានជួបប្រជុំគួរឱ្យភ្ញាក់ផ្អើលជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន កាលពីថ្ងៃសៅរ៍ទី២៦ ខែឧសភា ដើម្បីធានាថា ជំនួបកំពូលរវាងលោក គីម ជុងអ៊ុន នឹងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងកើតឡើងតាមការគ្រោងទុកប្រកបដោយជោគជ័យ ។

នេះគឺជាសញ្ញាច្បាស់លាស់មួយបញ្ជាក់ថាកិច្ចប្រជុំកំពូលជាថ្មីម្តងទៀតរវាងលោក Trump នឹងលោកគីម ទំនងជានឹងត្រូវបានធ្វើឡើងដូចដែលបានយល់ស្របកាលពីដំបូង នៅក្នុងប្រទេសសិង្ហបុរី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ។

កិច្ចប្រជុំពេលនេះមិនបានប្រកាសប្រាប់ជាមុននោះឡើយ ស្ថិតនៅភូមិព្រំដែនកូរ៉េទាំងពីរ ភូមិសន្តិភាព Panmunjom ។ ជំនួបរវាងលោក Moon នឹងលោក គីម ពេលនេះកើតឡើង បានមួយខែ ក្រោយមេដឹកនាំទាំងពីរបានជួបប្រជុំកំពូលអន្តរកូរ៉េជាលើកដំបូងនៅក្នុងរយៈពេលជាងមួយទសវត្សរ៍ នៅទីកន្លែងដដែលនេះ ដោយបានប្រកាសថា នឹងឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េដែលគ្មានអាវុធនុយក្លេអ៊ែរ ។

ប្រភពព័ត៌មានពីវិមានពណ៌ខៀវរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជាក់ថា មេដឹកនាំទាំងពីរបានធ្វើកិច្ចចរចារយៈពេលពីរម៉ោង ។

វិមានពណ៌ខៀវបានប្រកាសទៀតថា “មេដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នា និងពិភាក្សាការអនុវត្តសេចក្តីថ្លែងការណ៍ Panmunjom ដើម្បីធានាឲ្យបាននូវជំនួបកំពូលអាម៉េរិក – កូរ៉េខាងជើងទទួលជោគជ័យ” ។ ប្រភពបន្ថែមថា ព័ត៌មានលម្អិតបន្ថែមទៀត នឹងចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យ ។

ជួប ឬមិនជួបប្រជុំគ្នា?

ជំនួបរវាងមេដឹកនាំទាំងពីរនៅពេលនេះបានកើតឡើង បន្ទាប់ពីលោកដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសបញ្ឈប់កិច្ចប្រជុំកំពូលខែមិថុនាដូចដែលបានគ្រោងទុកនោះ ជាមួយលោកគីម ជុងអ៊ុន នៅក្នុងប្រទេសសិង្ហបុរី ដោយបន្ទោសថា ជា “ការបំពានដោយបើកចំហរ” ពីសំណាក់កូរ៉េខាងជើង និងបានព្រមានទីក្រុងព្យុងយ៉ាងផងដែរ ប្រឆាំង “ទង្វើល្ងង់ខ្លៅ ឬមិនប្រុងប្រយ័ត្ន” ។

នៅក្នុងលិខិតមួយផ្ញើទៅកាន់លោកគីម ជុងអ៊ុន, លោក ដូណាល់ ត្រាំ បានសរសេរថា លោកនឹងមិនទៅប្រជុំជាមួយនឹងអ្វីដែលសេតវិមានហៅថា “ផ្លូវនៃការសន្យាខុសឆ្គង” ដោយកូរ៉េខាងជើង នោះឡើយ ។

កូរ៉េខាងជើងកាលពីសប្តាហ៍មុនបានទាត់ចោលមិនចូលរួមកិច្ចប្រជុំជាមួយនឹងក្រុមមន្ត្រីសហរដ្ឋអាមេរិក ដើម្បីត្រៀមលក្ខណៈផ្នែកភស្តុភារសម្រាប់កិច្ចប្រជុំកំពូលអាមេរិក កូរ៉េខាងជើងនោះ ។

ទីក្រុងព្យុងយ៉ាងបានហៅការសម្រេចចិត្តនេះ ថាជាការ”គួរឱ្យសោកស្តាយបំផុត” ប៉ុន្តែបានប្រកាសថា ខ្លួននៅតែមានឆន្ទៈចង់ពិភាក្សាជាមួយលោកដូណាល់ ត្រាំ ដដែល ។

ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ ក៏បានកត់សម្គាល់ផងដែរកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងមានកិច្ចចរចាប្រកបដោយផ្លែផ្កា អំពីការផ្លាស់ប្តូរកិច្ចប្រជុំកំពូលកាលពីថ្ងៃទី១២ ខែមិថុនា ជាមួយលោក គីម ជុងអ៊ុន និងបានបង្ហាញថា កិច្ចប្រជុំនេះអាចត្រូវបានសង្គ្រោះឲ្យកើតឡើង ។

ទស្សនាវដ្តី Politico បានផ្សាយផងដែរថា ក្រុមការងាររបស់សេតវិមាន និងមន្រ្តីក្រសួងការបរទេសប្រមាណ៣០នាក់កំពុងត្រៀមលក្ខណៈចេញទៅប្រទេសសិង្ហបុរីនៅចុងសប្តាហ៍នេះ ៕

Loading...