A woman walks past banners for the U.S and North Korean summit at the International Media Center in Hanoi, Vietnam, Monday, February 25, 2019.Photo: AP

មេដឹកនាំ ដូណាល់ ត្រាំ ទៅកាន់ហាណូយ ចូលរួមប្រជុំកំពូល​លើកទី២ ជាមួយ គីម ជុងអ៊ុនហើយ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៥ កុម្ភៈ បានចេញដំណើរតាមជើងហោះហើរ​ទៅកាន់ទីក្រុងហាណូយ ប្រទេសយួន ដើម្បីប្រជុំកំពូល​ស្តីអំពីការរំសាយអាវុធនុយក្លេអ៊ែរ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលធ្វើដំណើរតាមរយៈរថភ្លើងពាសដែក​នោះ ។

ថ្ងៃទី២៧ និងទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ជំនួបកំពូល​លើកទីពីរ​រវាងមេដឹកនាំទាំងពីរ​ នឹងប្រព្រឹត្តឡើង ដើម្បីចរចា​បញ្ហា​អាវុធនុយក្លេអ៊ែរ ហើយនិងការលុបទណ្ឌកម្មសេដ្ឋកិច្ចទៅលើរបបកូរ៉េខាងជើង ។ កាលពីខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី មេដឹកនាំទាំងពីរ បានជំនួបកំពូល​ម្តង​រួចហើយ។

លោកដូណាល់ ត្រាំ បាន​សម្តែង​ការសាទរចំពោះទំនាក់ទំនង​ដែលលោកថាជា ទំនាក់ទំនងដ៏អស្ចារ្យ ជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ លោក ត្រាំ ហ៊ានអះអាងថា កូរ៉េខាងជើង​ នឹងរីកចម្រើនជឿនលឿន ក្លាយជាមហាអំណាចសេដ្ឋកិច្ច​ ល្បីល្បាញ់គ្រប់ទីកន្លែង បើប្រទេសនេះ​ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែរ ។

លោកគីម ជុងអ៊ុន បានចេញដំណើរតាមរថភ្លើងពាសដែកបាញ់មិនធ្លុះ ពីទីក្រុងព្យុងយ៉ាង​ឆ្លងទៅប្រទេសចិន រួចចូលទៅកាន់​ប្រទេស​វៀតណាម ដែលប្រហែលជាទៅដល់​មុនលោកដូណាល់ ត្រាំ នៅថ្ងៃទី២៦ ខែកុម្ភៈ ។ អមដំណើរជាមួយលោក គីម ជុងអ៊ុន មានប្អូនស្រី និងអតីត​មេទ័ពកូរ៉េខាងជើង​ផងដែរ ។

សូមបញ្ជាក់ថា ពិភពលោក​បាននិងកំពុង​រង់ចាំស្តាប់​ព័ត៌មានស្តីអំពីជំនួប​អាមេរិក កូរ៉េខាងជើងនេះបំផុត ៕

Loading...