មេបញ្ជាការកងទ័ពជើងគោក៖ យោធិនគ្រប់ថ្នាក់ និងគ្រប់តួនាទី គឺមានភារកិច្ច និងកាតព្វកិច្ចនៅក្នុងការចូលរួមថែរក្សាបូរណភាពទឹកដី និងបម្រើប្រជាពលរដ្ឋ

(បន្ទាយមានជ័យ)៖ ថ្លែងទៅកាន់ នាយ នាយរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៥១ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក លើកឡើងថា ក្នុងនាមជាកងយោធពលខេមរភូមិន្ទ យោធិនគ្រប់ថ្នាក់ និងគ្រប់តួនាទី គឺមានភារកិច្ច និងកាតព្វកិច្ចនៅក្នុងការចូលរួមថែរក្សាបូរណភាពទឹកដី និងបម្រើប្រជាពលរដ្ឋ។ ដើម្បីសម្រេចភារកិច្ចនេះបាន ទាមទារឱ្យអង្គភាពខ្លាំង ដើម្បីអង្គភាពខ្លាំង សំខាន់បំផុត អង្គភាពត្រូវតែជាធ្លុងនៃសាមគ្គីភាពមួយ។ ធ្លុងនៃសាមគ្គីភាព អាចកើតមានគឺអាស្រ័យលើមេបញ្ជាការ និងនាយសេនាធិការដែលជាក្បាលម៉ាស៊ីនដឹកនាំ។ ដូច្នេះ ការពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុង គឺជាកិច្ចការសំខាន់សម្រាប់មេបញ្ជាការ និងនាយសេនាធិការ ដែលទទួលបានការតែងតាំងថ្មី និងដែលត្រូវបានជ្រើសរើសតាមការវាយតម្លៃផ្អែកលើលក្ខណៈសម្បត្តិបុគ្គល ជាមួយនឹងកត្តាតុល្យភាពនៃការដឹកនាំ និងប្រសិទ្ធភាពរបស់អង្គភាពទៅមុខ ដើម្បីធានានូវនិរន្តរភាព។ យ៉ាងណាក៏ដោយ យោធិនគ្រប់រូបក៏សុទ្ធតែមានតួនាទីសំខាន់នៅក្នុងការជំរុញអង្គភាព ដោយម្នាក់ៗមានតម្លៃស្មើគ្នានៅក្នុងការចូលរួមអនុវត្តកិច្ចការរបស់អង្គភាព។ ដូច្នេះ ការរក្សាបាននូវសាមគ្គីឯកភាពផ្ទៃក្នុងល្អ ក៏ត្រូវមានការចូលរួមសកម្ម និងប្រកបដោយការទទួលខុសត្រូវរបស់យោធិនយើងម្នាក់ៗផងដែរ។ លោកមេបញ្ជាការ បានថ្លែងបែបនេះ ធ្វើឡើង ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន កងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ឯកមានប្រសាសន៍ថា ដើម្បីធានាបាននូវភាពសកម្មចូលរួមរបស់យោធិនក្រោមបង្គាប់ មេបញ្ជាការ និងនាយសេនាធិការ ត្រូវកំណត់គោលការណ៍ឱ្យច្បាស់លាស់ថា ការដឹកនាំ គឺជាការដឹកនាំរួមដោយផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍រួមរបស់អង្គភាព ហើយត្រូវរៀបចំឱ្យមានការបែងចែកភារកិច្ចឱ្យបានច្បាស់លាស់ ដោយម្នាក់ៗត្រូវគោរពឋានានុក្រម និងតួនាទីរៀងៗខ្លួន ក្នុងគោលដៅ និងគោលបំណងរួម គឺពង្រឹងអង្គភាពដើម្បីការពារជាតិ ការពារផលប្រយោជន៍រួមរបស់ជាតិ និងប្រជាជន។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ក្រៅពីកត្តាសាមគ្គីឯកភាពផ្ទៃក្នុង គឺនូវមានគោលគំនិតដឹកនាំមួយចំនួន ដូចជា៖ រក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក។ – គោរពឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងលក្ខន្តិកៈទូទៅ និងបទវិន័យទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ។

– ត្រូវយកចិត្តទុកដាក់ជាចាំបាច់លើការងារអប់រំចិត្តសាស្ត្រ និងស្វែងយល់អំពីសភាពការណ៍ថ្មីៗ ដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ។ នេះ គឺជាកិច្ចការ ដែលត្រូវធ្វើជាប់ជាប្រចាំ ដើម្បីធានាបាននូវភាពនឹងនរនៃស្មារតីប្តេជ្ញាចិត្តរបស់កងទ័ពរបស់យើងនៅក្នុងការការពារសុខសន្តិភាព ចៀសវាងការលង់ជឿលើឧបាយកលកៀរគរ និងបំភ័ន្តអូសទាញផ្សេង បើយើងមិនប្រុងប្រយ័ត្ននិងត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងកម្លាំងឱ្យបានល្អ និងប្រើប្រាស់ធនធានមនុស្សដោយប្រសិទ្ធភាព។

– ត្រូវបង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺន និងសកម្មចូលរួមរៀនសូត្រឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ដោយគោរពឲ្យបានខ្ជាប់ខ្ជួន និងយកអស់កម្លាំងកាយចិត្តហ្វឹកហាត់គ្រប់ជំនាញ។

– ត្រូវយកចិត្តទុកដាក់ប្រមូលផ្តុំ រៀបចំទុកដាក់ ជួសជុល ថែបំប៉នបច្ចេកទេសអាវុធ យុទ្ធភណ្ឌ គ្រាប់រំសេវ គ្រឿងយន្ត គ្រឿងចក្រ យុទ្ធោបករណ៍ ធានាបានសុវត្ថិភាព និងលក្ខការណ៍បច្ចេកទេស។

– ត្រូវបន្តអនុវត្តកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចូលរួមពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ រួមចំណែកក្នុងការកសាងភូមិ-ឃុំ មានសុវត្ថិភាព ក៏ដូចជាកិច្ចសហការល្អជាមួយភាគីមិត្តនៅក្នុងការថែរក្សាស្ថិរភាពនៅតាមបណ្តោយព្រំដែន និងនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ។

– ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាក្នុងការលើកស្ទួយជីវភាពរស់នៅ និងសុខមាលភាពរបស់កងទ័ព។ ជាពិសេសក្នុងសម័យកាលជំងឺកូវីដ-១៩នេះ ត្រូវយកចិត្តទុកដាក់ចាត់វិធានាការផ្សេងៗ ដើម្បីការពារការឆ្លងរាលដាលនៅក្នុងអង្គភាព ក៏ដូចជាដើម្បីជួយទប់ស្កាត់ការឆ្លងនៅក្នុងសហគមន៍គ្រួសារកងទ័ព និងគ្រួសារប្រជាពលរដ្ឋយើង។

– យកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយ និងចូលរួមជួយបង្កបង្កើនផលដល់ប្រជាពលរដ្ឋដែលនៅជិតទីតាំងឈរជើងរបស់ខ្លួន។

ក្នុងឱកាសនោះលោកមេបញ្ជាការ សម្តែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងយោធិនទាំងអស់របស់កងពលតូចថ្មើរជើងលេខ៥១ ដែលបានយកចិត្តទុកដាក់បំពេញគ្រប់ភារកិច្ចយ៉ាងម៉ឺងម៉ាត់ ដោយសម្រេចបាននូវការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ជាអំណោយផលដល់ការអនុវត្តភារកិច្ចស្នូលរបស់អង្គភាព ក្នុងនាមជាកម្លាំងចល័តអន្តរាគមន៍ ធានាបាននូវប្រៀបការពារជាតិ បូរណភាពទឹកដី សន្តិភាព ស្ថិរភាព បង្កលក្ខណៈដល់ដំណើរការកសាង និងអភិវឌ្ឍជាតិនិងសូមខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបន្តនិរន្តរភាព និងជំរុញសក្តានុពលឱ្យកាន់តែខ្លាំងក្លាឡើង៕

Loading...