មេបញ្ជាការកងពលតូចលេខ៧០សម្ដែងនូវការដឹងគុណ ចំពោះយោធិនសោធននិវត្តន៍និងពិការ កន្លងមកដែលបានពលិកម្មយ៉ាងធំធេងក្នុងបុព្វហេតុរំដោះប្រទេសជាតិ

(ភ្នំពេញ )៖ ថ្លែងក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនយោធិនសោធននិវត្តន៍ និងពិការ ចំណុះកងពល ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលរយៈពេលកន្លងមកបានធ្វើពលិកម្មយ៉ាងធំធេងក្នុងបុព្វហេតុរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទប់ស្កាត់ការប៉ុនប៉ងត្រឡប់មកវិញ នៃរបបព្រៃផ្សៃយង់ឃ្នងនោះ ចូលរួមយ៉ាងសកម្មក្នុងចលនាបង្រួបបង្រួមជាតិផ្សះផ្សាជាតិ និងជាកម្លាំងស្នូលក្នុងការអនុវត្តននូវយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពពេញលេញនៅ កម្ពុជា ក៏ដូចជាបានចូលរួមចំណែកថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រ។

លោកមេបញ្ជាការបានបន្ត ថាការអនុវត្តគោលនយោបាយចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាការយកចិត្តទុកដាក់អនុវត្តន៍នូវគោលនយោបាយចំពោះយោធិនពលី ពិការ មរណៈ បាត់បង់សមត្ថភាពការងារ យោធិនចូលនិវត្តន៍ អតីតយុទ្ធជន និងគ្រួសារ ដោយការគោរពដឹងគុណចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់បងប្អូនចំពោះជាតិមាតុភូមិ និងប្រជាជន ដោយយកចិត្តទុកដាក់ដោះស្រាយជីវភាពរស់នៅ ទាំងស្មារតី សម្ភារ: និងថវិកាជាបន្តបន្ទាប់ ជាក់ស្ដែងនាពេលនេះ យើងបានអនុវត្តន៍នូវគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើការបំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរយស បន្ថែមមួយថ្នាក់ជូនយោធិនចូលនិវត្តន៍ និងយោធិនពិការ ដែលបានត្រូវផ្ទេរចេញពីក្របខ័ណ្ឌ ក្រសួងការពារជាតិ របស់អង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកក្នុងឆ្នាំ២០២០នេះមានចំនួនសរុប ២៦រូប នារីចំនួន០១រូប។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នៅទីបញ្ជាការដ្ឋានកងពលតូចលេខ៧០បានរៀបចំពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និង បំពាក់គ្រឿងឥស្សរិយយសជូនយោធិនសោធននិវត្តន៍ និងពិការ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកព្រមទាំងមានការអញ្ជើញចូលរួមពី តំណាងការិយាល័យទី១កងទ័ពជើងគោក មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងពលជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះផងដែរ យោធិនសោធននិវត្តន៍ និងពិការចំនួន២៦នាក់ ក៏បានទទួលថវិកាលើកទឹកចិត្តបន្ថែម ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១២០០,០០០៛ ក្នុងនោះថវិកាចំនួន២០០,០០០៛ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី និងថវិកាចំនួន១០០,០០០៛ ជាអំណោយរបស់បញ្ជាការដ្ឋានកងពលតូចលេខ៧០និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ៕

 

Loading...