មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងព្រមានដកមន្ត្រីមូលដ្ឋានរបស់ខ្លួន បើសិនបំពេញការងារមិនបានល

ខេត្តស្ទឹងត្រែងៈ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តស្ទឹងត្រែងព្រមានដកមន្ត្រីមូលដ្ឋានរបស់ខ្លួន បើសិនបំពេញការងារមិនបានល្អ។

ការព្រមាននោះ គឺបានធ្វើឡើងនាព្រឹកថ្ងៃ៥ មេសានេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារៈកិច្ច និងការងារកងរាជអាវុធហត្ថខេត្ត ប្រចាំត្រីមាសទី១ និងលើកទិសដៅត្រីមាស ទី២ឆ្នាំ២០១៧ និងការបែងចែកភារៈកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការ លើការងារផែន ជំនាញនីមួយៗ។

យោងរបាយការណ៍ក្នុងឆមាសទី១ ឆ្នាំ២០១៧ របស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត បានបង្ហាញឲ្យឃើញថា លទ្ធផលដែលសំរេចបាននាពេល កន្លងមកនោះ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសចំនួន ២៨លើក ក្នុងនោះបង្ក្រាបបាន២៤លើក មានដូចជា បទល្មើសឧក្រិដ្ឋ៧លើក និងបទល្មើស មជ្ឈិម១៧លើក បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន៥លើក បទល្មើសប៉ុនប៉ងឃាតកម្ម ១លើក ករណីឃាតកម្ម១លើក បង្ខាំងមនុស្សខុសច្បាប់១លើក ក្មេងទំនើង១លើក អំពើចោរកម្ម១លើក និងការបង្ក្រាបបទល្មើសព្រៃឈើ១៤លើកនោះថែមទៀត។

របាយការណ៍បានបង្ហាញទៀតថា នៅរាល់ការអនុវត្តបង្ក្រាបបទល្មើសនោះ កម្លាំងកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនមនុស្ស២៦នាក់បញ្ជូនទៅតុលាការ និងជនគ្មានការពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសចំនួន៣នាក់ ត្រូវបានឲ្យវិលត្រឡប់ទៅ កាន់លំនៅដ្ឋានវិញ។

កម្លាំងអាវុធហត្ថខេត្ត បានដកហូតបានវត្ថុតាងមួយចំនួន រួមមាន រថយន្ត១១គ្រឿង ទោចក្រយានយន្ត៩គ្រឿង ទូរស័ព្ទ៨គ្រឿង រណាយន្ត១គ្រឿង ទូក១គ្រឿង ញញួរ១ លុយខ្មែរចំនួន៨០ម៉ឺន៨ពាន់៧៩០រៀល (៨០.៨៧៩០រៀល) លុយបរទេស ១០២ដុល្លារ កូនកាំបិត៣ កាំបិតផ្គាក់២ សោរអក្សតេ១ ដែកសសៃ១ ដែកស្បែង១ ពូថៅ១ ឈើចំនួន២៣,៤០៤ម៉ែត្រគូបត្រីគុណ ក្នុងនោះដែរ មានឈើក្រញូងចំនួន៨១ដុំ ស្មើរ០,៧៦៤ម៉ែត្រគូបត្រីគុណ ឈើធ្នង់ចំនួន៩០៩ដុំស្មើនឹង២០,១៦៦ម៉ែត្រត្រីគុណ និងឈើធ្នង់ចំនួន១៨៣ដុំទៀត មិនទាន់ធ្វើការវាស់វែង ឈើប្រភេទលេខ១ និងលេខ២ ផ្ចិក ឈើទាល ត្រាច កកោះ ស្មើនឹង ២,៤៧៤ម៉ែត្រគូប និង៥២ដុំមិនទាន់ធ្វើការវាស់វែង។

ដោយឡែកថ្នាំញៀនដកហូតពីជនសង្ស័យ បានចំនួន១៦កញ្ចប់តូចស្មើរ៦៣,១៨ក្រាម ជាប្រភេទម្សៅក្រាមពណ៌សថ្លា ព្រមទាំងប្រដាប់ប្រើប្រាស់ជក់មួយចំនួនទៀតផងដែរ។

អង្គភាពកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានលើកទិសដៅផែនការអនុវត្តសកម្មភាព បន្តត្រីមាសទី២ ឆ្នាំ២០១៧ គឺធ្វើយុទ្ធនាការទ្រង់ទ្រាយធំ ស្រាវជ្រាវបង្ក្រាបបទល្មើស ព្រហ្មទណ្ឌ គ្រឿងញៀន ទប់ស្កាត់ និងបង្ក្រាបធនធានធម្មជាតិ ជលផល។ល។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានថ្លែងកោតសរសើរ នូវកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញទាំងអស់ ដែលបានខិតខំ យកចិត្តទុកដាក់ បំពេញតួនាទី និងភារកិច្ចបានល្អនៅគ្រាកន្លងមក។
ប៉ុន្តែ លោកបានព្រមានចំពោះមន្ត្រីកងរាជងាវុធហត្ថស្រុក និងស្នាក់ការសន្តិសុខណា ដែលមានភាពអសកម្មនឹងការងារ អាចប្រឈមនឹងផ្លាស់តួនាទី ភារកិច្ច និងទីតាំងឈរជើង នោះថែមទៀត។

លោកថា ពីនេះតទៅ ប្រសិនបើមេស្រុក មេស្នាក់ការ ឬមន្ត្រីណានៅតែមានខ្ចឹលច្រអូស មិនកែខ្លួនឲ្យបានទាន់ពេលវេលានោះទេ លោកនឹងធ្វើការផ្លាស់ប្តូរភ្លាម ដើម្បីកាត់បន្ថយភាពស្ពឹកស្រពន់ និងអសកម្មការងារ៕

Loading...