មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងល្បីខ្លាំងខាងកាត់ប្រាក់ខែកូនចៅ​

ខេត្តស្ទឹងត្រែង៖ មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ លោកឧត្តមសេនីយ៍​ត្រី អៀង វ៉ាន់ឌី ត្រូវបានប្រភពព័ត៌មានចុះផ្សាយ​កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា កំពុងតែប្រព្រឹត្តនូវអំពើ​សង្កត់សង្កិន កាត់ប្រាក់បៀវត្សរ៍ម​ន្ត្រីកងរាជអាវុធហត្ថ​ក្រោមឱវាទរបស់ខ្លួនមិនដឹងទិសតំបន់ ក៏ដូចជាការស៊ីដាច់ថវិកាដែលជាអំណោយរបស់ថ្នាក់ដឹកនាំប្រទេស​សម្រាប់ផ្តល់ជូន​កម្លាំងកងរាជអាវុធ​ហត្ថ​ផងដែរ ។ ទង្វើដ៏ស្មោគគ្រោក ស្រេកឃ្លានកម្លាំងញើសឈាម​មន្ត្រីក្រោមឱវាទរបស់ខ្លួនពីសំណាក់​មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្តបែបនេះ បានធ្វើឲ្យមន្ត្រីតូចតាច​ដែលទទួលរងនូវអំពើអយុត្តិធម៌នេះ​​ស្អិតទ្រូង បៀបទុក្ខ ដេកមិនលក់បក់មិនល្ហើយ ខ្សឹបខ្សៀវ និងទម្លាយ​អាថ៌កំបាំង​ប្រាប់ដល់​អ្នកសារព័ត៌មាន​ចុះផ្សាយជាសាធារណៈ ។

តាមការចេញផ្សាយរបស់ប្រភពព័ត៌មាន​បញ្ជាក់ថា ការប្រព្រឹត្ត​អំពើមិនគប្បី​ ក្បត់តួនាទី​របស់ខ្លួន​ជា​មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនេះ គឺគេបានធ្វើឡើងរយៈពេល​ជិត​៨ឆ្នាំកន្លងមកហើយ ហើយក្នុងនោះ​មានដូចជាកាត់ប្រាក់​ពីមេបញ្ជាការកងរាជអាវុធហត្ថ​ស្រុក-ក្រុង​ទាំង​៦​ចំណុះ​ខេត្តស្ទឹងត្រែង ក្នុងម្នាក់ៗ​៤០ម៉ឺនរៀល ។ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រាប់កូនចៅថា ប្រាក់បៀវត្សរ៍ដែលកាត់យកនោះ គឺ២០ម៉ឺនរៀល ទុកប្រគល់ឱ្យខាងហិរញ្ញវត្ថុលើផ្ទៃប្រទេស រីឯ២០ម៉ឺនរៀលទៀត សម្រាប់មូលនិធិតូរ្យតន្រ្តី របស់នាយឧត្តមសេនីយ៍ សៅ សុខា ។

មន្ត្រីក្រោមឱវាទបានបង្ហើបថា កន្លងមក ពាក់ព័ន្ធជាមួយអំពើចោរកម្ម​ ចោរលួចក្របីនៅស្រុកថាឡាបរិវ៉ាត​ មេបញ្ជាការកងរាជអាវុធហត្ថ​រូបនេះ​បានចាប់យកវត្ថុតាង​ទៅរក្សាទុកនៅបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្ត ហើយបញ្ជាកូនចៅឲ្យទៅចាប់យកក្របីពលរដ្ឋមករក្សាទុក បើទោះបីជាវាមិនបានពាក់ព័ន្ធនឹងអំពើល្មើស​​ចោរកម្មយ៉ាងណាក៏ដោយ ។ រឿងអាស្រូវច្រើន​គគោកទៀតរបស់​លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មានដូចជាការចុះបង្ក្រាបបនល្បែងស៊ីសង​របស់ឈ្មោះ កែវ ម៉េងជា, ការបង្ក្រាបនោះ​គេបានចាប់យកអ្នកញៀនល្បែង និងវត្ថុតាងម៉ូតូ និងរថយន្តរបស់ពួកគេ​ជាច្រើនគ្រឿង ។ ការដោះលែង​អ្នកញៀនល្បែង ប្រគល់ម៉ូតូ ឡាន​ឲ្យត្រឡប់ទៅវិញនោះ សុទ្ធតែត្រូវ​បង់ប្រាក់​ជាមុន ។ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ក៏ល្បីខាងមានប្រពន្ធច្រើន​ផងដែរ រហូតដល់​៣នាក់ឯណោះ ។

មិនអាចស្វែងរកការបំភ្លឺបន្ថែមបានទេពីលោកឧត្តមសេនីយ៍​ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ជុំវិញ​ការផ្សព្វផ្សាយ​ដែលថា គាត់បានកាត់ប្រាក់ខែកូនចៅ​ ។ គេហទំព័រយើងរង់ចាំការបំភ្លឺបកស្រាយណាមួយដោយសោមនស្សរីករាយ​ដើម្បីធ្វើឲ្យមានសមតុល្យ​ទាំងអស់គ្នា ៕

Loading...