មេបញ្ជាការកងរាជអាវុធហត្ថខេត្តប្រជុំដាក់ផែនការឱ្យអាវុធហត្ថក្រោមបង្គាប់ស្រាវជ្រាវស្វែងរកបង្រ្កាបសំបុកគ្រឿងញៀន

ខេត្តបាត់ដំបង៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រីប៉ោ វណ្ណៈ បានដាក់ផែនការជម្រុញឱ្យមេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថក្រោមបង្គាប់ទូទាំងស្រុកក្រុង ១៤នៃខេត្តបាត់ដំបង ត្រូវចេញប្រតិបត្តិការព្រមគ្នាស្វែងរកបង្រ្កាបទីតាំងសំបុកគ្រឿងញៀន ទន្ទឹមនៅរាជធានីភ្នំពេញប្រតិបត្តិការបង្រ្កាបសំបុកគ្រឿងញៀនដ៏ធំមួយនៅបឹងឈូក សមត្ថកិច្ចចូលទៅបង្រ្កាបបានជោគជ័យនោះហើយ។ ការដាក់បទបញ្ជាឱ្យមានវិធានការបង្រ្កាបសំបុកគ្រឿងញៀន គ្រាដែលលោកទទួលព័ត៌មានមកថាគ្រឿងញៀនបាននិងកំពុងមានសកម្មភាពកើតមានឡើងដល់តំបន់ដាច់ស្រយ៉ាលនៅតាមមូលដ្ឋានក្នុងស្រុកក្រុងនៃខេត្តបាត់ដំបង។

លោកចោទជាសំណួរថាហេតុអ្វីមេបញ្ជាការតាមស្រុកខ្លះចេញអនុវត្តបង្រ្កាបបានគ្រឿងញៀនចំណែកស្រុកដែលគ្មានសកម្មភាពបង្រ្កាបគ្រឿងញៀនតើ អស់លោកធ្វើអ្វីដែរ?។ លោកក៏បានប្រមានថាបើមេបញ្ជាការមូលដ្ឋានស្រុកក្រុងណាមួយគ្មានសកម្មភាពចេញបង្ក្រាបគ្រឿងញៀននោះទេ និងប្រឈមផ្លាស់ប្តូរមុខតំណែង។

លោកមើលឃើញថាក្នុងតំណាក់កាលដែលយុទ្ធនាការប្រយុទ្ធប្រឆាំគ្រឿងញៀនទ្រង់ទ្រាយធំបានកំពុងអនុវត្តនៅបណ្តាស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង មេបញ្ជាការតាមស្រុកខ្លះមិនមានសកម្មភាពដឹកនាំកម្លាំងចេញបង្រ្កាបគ្រឿងញៀនទទួលបានលទ្ធផលនៅឡើយនោះទេ។

ការថ្លែងបែបនោះពីសំណាក់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អាវុធហត្ថខេត្តបាត់ដំបង​ប្រចាំខែកុម្ភៈ ដំណើរការទៅកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង។

សូមបញ្ជាក់ថាការដោះស្រាយបញ្ហាគ្រឿងញៀន ក្នុងតំណាក់កាលដែលរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទ្រង់ទ្រាយធំទូទាំងប្រទេសចាប់តាំងពីដើមខែមករា រហូតដល់ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៧​ សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យគ្រឿងញៀនជាង៤ពាន់នោះហើយបានរងការបង្រ្កាបចាប់ឃាត់ខ្លួនដោយកម្លាំងនគរបាលជាតិនិងកម្លាំងអាវុធហត្ថ ។

ដោយឡែកនៅខេត្តបាត់ដំបងជាពិសេសសម្រាប់កងកម្លាំងអាវុធហត្ថខេត្តបាត់ដំបងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ បានចេញប្រតិបត្តិការបង្រ្កាបគ្រឿងញៀនចាប់តាំងពីថ្ងៃទី១ មករា រហូតដល់ថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១៧ សរុបចំនួន៤៨លើក ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន៧៧នាក់ វត្ថុតាងគ្រឿងញៀន មេតំហ្វេតាមីនទឹកកក៥៣២.៧៤ក្រាម ,ថ្នាំញៀនមេតំហ្វេតាមីនWY ៣១៧គ្រាប់ និងមធ្យោបាយម៉ូតូ២២គ្រឿង៕ ពាយព្យ

Loading...