មេបញ្ជាការតំបន់ប្រតិបត្តិការសិករងព្រះវិហារបានចំណាយថវិកាជិត១០លានរៀលជួយសាងសង់ផ្ទះថ្មីមួយខ្នងជូនគ្រួសារអតីតយុទ្ធជនចូលនិវត្តន៍

ខេត្តព្រះវិហារ៖ គ្រួសារអតីតយុទ្ធជនចូលនិវត្តមួយគ្រួសារ ទទួលបានផ្ទះថ្មីមួយខ្នងដែលមានតម្លៃជិត១០លានរៀល ពីមេបញ្ជាការសិករងខេត្ត និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ដែលថវិកាទាំងនោះបានមកពីការចូលរួមបរិច្ចាគ ពីនាយទាហាន នាយទាហានរង និងពលទាហាន សប្បុរសជននានា និងជាថវិកាផ្ទាល់ខ្លួនរបស់មេបញ្ជាការតំបន់ប្រតិបត្តិការសិករងព្រះវិហារ នោះផងដែរ ។

នៅល្ងាចថ្ងៃទី១វិច្ឆិកាម្សិលមិញ មេបញ្ជាការយោធាខេត្ត និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្ត្រា បានដឹកនាំក្រុមការងារសមាគមន៍ខេត្ត ស្រុក និងក្រុមយុវជនស្ម័គ្រចិត្តជាង៨០នាក់ ចុះទៅកាន់ ភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ដើម្បីជួយសាងសង់ផ្ទះថ្មី១ខ្នង ជូនគ្រួសារអតីតយុទ្ធជន បានរស់នៅសមរម្យ គ្រាដែលផ្ទះចាស់បានរងនូវការចាស់ទ្រុឌទ្រោមអស់នោះ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសិករងព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្ត្រា បានថ្លែងឲ្យដឹងថា ដោយមើលឃើញពីការលំបាក និងចង់ជួយដោះទុក្ខធុរៈដល់អឌិតយុទ្ធជន ដែលធ្លាប់ស្មោះត្រង់ និងតស៊ូយ៉ាងប្តូរផ្តាច់ ក្នុងកិច្ចការងារការពារជាតិ នាគ្រាកន្លងមក ហើយត្រូវបានដាក់ឲ្យចូលនិវត្តនោះ រូបលោកក្នុងនាមថ្នាក់ដឹកនាំ សមាគមន៍អតីតយុទ្ធជនកម្ពុជា មានសម្តេចតេជោ ជាប្រធាន និងថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារ ចុះជួយសាងសង់ផ្ទះមួយខ្នង មានទំហំទទឹង៦ម៉ែត្រ និងបណ្តោយ៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជូនអឌិតយុទ្ធជនមួយគ្រួសារ ឈ្មោះ ស៊ុន និល អាយុ ៦៣ឆ្នាំ ជានិវត្តជន និងប្រពន្ធឈ្មោះ នួន ស៊ីនឿន អាយុ៥៣ឆ្នាំ រស់នៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ។

លោកមេបញ្ជាការបានបញ្ជាក់ថា ផ្ទះមួយខ្នងនេះចំណាយថវិកាអស់៨លាន ៨សែនរៀល ដែលថវិកាទាំងនោះបានមកពីការចូលរួមបរិច្ចាគ ប្រកបដោយមនុស្សធម៌ សប្បុរសធម៌ពីសំណាក់សប្បុរសជន អង្គការ សមាគមន៍ជាដៃគូអភិវឌ្ឍន៍ និងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ របស់អង្គភាពតំបន់ប្រតិបត្តិការសិករងខេត្ត ក្នុងនោះថវិកាផ្ទាល់ខ្លួនលោកមេបញ្ជាការ ១លាន ២សែនរៀល ទីបញ្ជាការផ្នែកសិករងស្រុកគូលែន ៧៦ម៉ឺនរៀល និងប្រការចំណាយអង្គភាពសិករងខេត្ត ១លាន ៨សែនរៀលនោះថែមទៀត ។ ក្រៅពីនោះលោកមេបញ្ជាការ បានចំណាយថវិកាផ្ទាល់ខ្លួនបន្ថែម ចំនួន៧០ម៉ឺនរៀលទៀត ដើម្បីឧបត្ថម្ភដល់ដូន និងតាចាស់ជរា១៤នាក់ ម្នាក់ៗទទួលបាន៥ម៉ឺនរៀល សារ៉ុង និងក្រមា១ សរុបនៅក្នុងការចំណាយនេះ អស់ទឹកប្រាក់១១លាន ៣សែនរៀល ។

គ្រួសារអតីតយុទ្ធជន បានសម្តែងក្តីត្រេកអររកទីបំផុតគ្មាន ចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាល និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា សម្តេចតេជោ សែន អាជ្ញាធរខេត្តព្រះវិហារលោកអ៊ុន ចាន់ដា និងប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រីច័ន្ទ សុភ័ក្ត្រា ដែលតែងបានយកចិត្តទុកដាក់ចំពោះភាពសុខទុក្ខ របស់យុទ្ធជនសមរភូមិមុខ និងគ្រួសារអតីតយុទ្ធជនទាំងអស់ ហើយបានចុះជួយទាន់ពេលវេលា គ្រាដែលពួកគាត់កំពុងជួបប្រទះនូវការលំបាក ហើយអ្វីដែលធ្វើឲ្យពួកគាត់សប្បាយចិត្តបំផុតនោះ គឺទទួលបានផ្ទះថ្មីមួយខ្នង សំរាប់រស់នៅសមរម្យ ដែលនឹកស្មានមិនដល់សោះនោះ ៕

Loading...