មេបញ្ជាការតំបន់ប្រតិបត្តិការសិករងព្រះវិហារបានដឹកនាំមន្ត្រីក្រោមឧិវាទជិត៨០នាក់ចុះជួយសាងសង់លំនៅដ្ឋានជូនអតីតយុទ្ធជនពីរគ្រួសារនិងឧបត្ថម្ភថវិកាមួយចំនួនទៀតផងដែរ

ខេត្តព្រះវិហារ៖ អតីតយុទ្ធជនពីរគ្រួសារ ទទួលបានផ្ទះពីរខ្នង ពីមេបញ្ជាការតំបន់ប្រតិ បត្តិការសិករងព្រះវិហារ នៅគ្រាដែលផ្ទះរបស់គ្រួសារអតីតយុទ្ធជនទាំងពីរនោះ កំពុងរងនូវការទ្រុឌទ្រោមខ្លាំង និងមានជីវភាពខ្វះខាត ។

ការចុះជួយសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជននោះ ត្រូវបានធ្វើឡើងនៅរយះពេលពីរថ្ងៃបន្តបន្ទាប់គ្នា នាថ្ងៃចុងសប្តាហ៍មុននេះ ដឹកនាំដោយមេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភក្រ្តា ក្រោមការចូលរួមពីមន្ត្រីក្រោមឧិវាទ សមត្ថកិច្ច អង្គភាពពាក់ព័ន្ធ ប្រមាណ៨០នាក់ នៅក្នុងស្រុករវៀង និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសិករងព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ថា លោកបានដឹកនាំក្រុមការងារចុះជួយសាងសង់ផ្ទះ ជូនគ្រួសារអតីតយុទ្ធជន ដែលរយះកាលកន្លងមកពួកគាត់បានលះបង់អស់កម្លាំងកាយ និងចិត្ត ដើម្បីការពារបុព្វហេតុជាតិ មាតិភូមិ និងប្រជាពលរដ្ឋ ។

លោកមេបញ្ជាការបានមានប្រសាសន៍ទៀតថា អតីតយុទ្ធទាំងពីរគ្រួសារ ដែលទទួលបានផ្ទះនៅពេលនេះមានពីរនាក់ ម្នាក់ឈ្មោះ ស្វាយ ខៀន ភេទប្រុស អាយុ ៤៥ឆ្នាំ ជានិវត្តជន រស់នៅភូមិត្នោតម្លូរ ឃុំរបៀប ស្រុករវៀង ផ្ទះមានទំហំទទឹង ៦ម៉ែត្រ និងបណ្តោយ៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ដោយចំណាយថវិកាអស់ចំនួន៨លាន ៥សែន ៥ម៉ឺនរៀល និងក្រៅពីនោះ លោកមេបញ្ជាការបានចំណាយថវិកាផ្ទាល់ខ្លួន ២លានរៀល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ឧបត្ថម្ភ ស័ង្កសី ២០សន្លឹក ចំណាយថវិកាអស់ ៣៥ម៉ឺនរៀល មេបញ្ជាការងតំបន់សឹករងព្រះវិហារ លោកវរសេនីយ៍ឯក នូ ប៊ុនថារ៉ុម ឧបត្ថម្ភថវិកា២៥ម៉ឺនរៀល អធិការនគរបាលស្រុករវៀង លោកវរសេនីទោ សាយ ដេតឧបត្ថម្ភថវិកា ៣០ម៉ឺនរៀល លោកវរសេនីយ៍ទោ សោម កុសល់ ២០ម៉ឺនរៀល និងអង្គភាពផ្នែកសិករងស្រុករវៀង ១៤ម៉ឺនរៀលនោះថែមទៀត។ ចំណែក គ្រួសារអតីតយុទ្ធជនម្នាក់ទៀត ឈ្មោះ ប្រាក់ សៅ ភេទប្រុស អាយុ ៤៩ឆ្នាំ ជាជនពិការ ប្រពន្ធឈ្មោះ ងុយ សំណាង អាយុ ៤២ឆ្នាំ រស់នៅភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ផ្ទះមានទំហំទទឺង ៦ម៉ែត្រ និងបណ្តោយ៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ដោយចំណាយថវិកាអស់ ៨លាន ៥សែន ៥ម៉ឺនរៀល ក្នុងនោះលោកមេបញ្ជាការតំបន់សិករងព្រះវិហារ ចំណាយថវិកាផ្ទាល់ខ្លួន ២លានរៀល និងលោកវរសេនីយ៍ទោ ភឹម ប៊ុនធឿន ៦៥ម៉ឺន ៥ពាន់រៀលនោះថែមទៀត ដើម្បីឧបត្ថម្ភដល់គ្រួសារយុទ្ធជន ដែលកំពុងជួបប្រទះនូវការលំបាក ។

គ្រួសារអតីតយុទ្ធជនទាំងពីរ បានថ្លែងអំណរគុណ ទៅដល់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសិករងព្រះវិហារ ក៏ដូចជាថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនទាំងអស់ ដែលតែងបានគិតគូពីភាពសុខទុក្ខរបស់អឌិតយុទ្ធជន ដែលកំពុងខ្វះខាតផ្នែកជីវភាពរស់នៅ ៕

Loading...