មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារបានជម្រុញដល់មេទ័ពប្រចាំព្រំដែនត្រូវបន្តរឹតបន្តឹងទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនពីថៃចូលមកកម្ពុជា

ខេត្តព្រះវិហារ៖ ការជម្រុញរបស់មេបញ្ជាការយោធា ខេត្តព្រះវិហារ ខាងលើនោះ គឺបានធ្វើឡើងនៅទីបញ្ជាការវរៈសេនាតូចលេខ៤០៥ នៃតំបន់បុសស្បូវ ជាប់ព្រំដែនកម្ពុជា-ថៃ នៅល្ងាចថ្ងៃ៧ធ្នូម្សិលមិញ បន្ទាប់ពីសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ប្រធានអង្គភាពវរៈសេនាតូចលេខ៤០៥ បានបើកដៃ និងទារលុយពីពលករខ្មែរ ឆ្លងដែនចូលទៅកាប់ឈើក្រញូងដោយខុសច្បាប់នៅក្នុងទឹកដីថៃ ហើយនាំយកមកលក់ឲ្យឈ្មួញនៅក្នុង ខេត្តព្រះវិហារ ប្រទេ សកម្ពុជា នោះរួចមក។

ក្រោយទទួលបានដំណឹងនោះភ្លាម មេបញ្ជាការយោធាខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភក្ត្រា បានប្រញាប់ចុះទៅកាន់តំបន់ព្រំដែន ដែលជាកន្លែងឈរជើងការពារទឹកដី របស់អង្គភាពវរៈសេនាតូចលេខ៤០៥ ដើម្បីជួបប្រជុំដាក់ផែនការ ដល់មេៗទ័ពដែលគ្រប់គ្រងកងកម្លាំងនៅទីនោះ ត្រូវតែចាត់វិធានការចុះទប់ស្កាត់ និងបញ្ឈប់ទង្វើរបស់ខ្លួនជាបន្ទាន់ ប្រសិនបើសកម្មភាពឆ្លងដែនរបស់ពលករខ្មែរ និងការប្រព្រឹត្តរបស់ប្រធានអង្គភាព៤០៥ កើតមាន ដូចការចុះផ្សាយព័ត៌មានមួយចំនួន មែននោះ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ លោកបានកោះហៅមេៗទ័ព នៅអង្គភាពវរៈសេនាតូចលេខ៤០៥ ឲ្យមករាយការណ៍ ជុំវិញសភាពការណ៍នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន នៃតំបន់គ្រប់គ្រងរបស់ខ្លួន និងជុំវិញការចុះផ្សាយព័ត៌មាន ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ អង្គភាពតំបន់ប្រតិបត្តិការសិករងខេត្ត ពិសេស ប៉ះពាល់កិត្តិយសទៅដល់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរៈភូមិន្ទ ក៏ដូចក្រសួងការពារជាតិ និងអគ្គបញ្ជាការកងទ័ព នោះជាដើម ។

លោកមេបញ្ជាការបានព្រមានថា ប្រសិនបើសកម្មភាពពលករខ្មែរនៅតែលួចឆ្លងដែនបាន ពីកម្ពុជាចូលទៅរកកាប់ឈើក្រញូង នៅក្នុងទឹកដីថៃ នៅតែបន្តកើតមាននៅក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួន «អង្គភាព៤០៥» បាននោះទៀត នោះមន្ត្រីយោធាមួយចំនួន អាចនឹងប្រឈមដាក់ពិន័យទណ្ឌកម្ម ឬក៏ត្រូវដកសក្តិ បណ្តេញចេញពីជួរកងទ័ព ក៏អាចថាបាន ។ ដូច្នេះ ត្រូវតែធ្វើការរឹតបន្តឹង និងតាមឃ្លាំមើលគ្រប់សកម្មភាព របស់ពលករខ្មែរឆ្លងដែន ហើយត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន មានដូចជាការនាំឈើក្រញូង គ្រឿងញៀន និងបទល្មើសនានាជាច្រើនទៀត មិនត្រូវឲ្យកើតមាននៅក្នុងតំបន់គ្រប់គ្រង របស់ខ្លួនបានជាដាច់ខាត ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានជម្រុញដល់មេៗទ័ព នៅក្នុងអង្គភាពវរៈសេនាតូចលេខ៤០៥ ការពារព្រំដែនកម្ពុជា-ថៃ ទាំងអស់ឲ្យបន្តយកចិត្តទុកដាក់ និងធ្វើសហប្រតិបត្តិការជាមួយអង្គភាព ស្ថាប័នឯទៀត រួមទាំងអាជ្ញាធរមានសមត្ថកិច្ចផងនោះទៀត ឲ្យបានខ្លាំងក្លាជាងពេលនេះ ដើម្បីឈានទៅទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ឲ្យមានប្រសិទ្ធភាព ។ ចំណែក មេៗទ័ពទាំងអស់បានបដិសេធថា មិនមានពលករខ្មែរឆ្លងដែនចូលទៅក្នុងទឹកដីថៃ ក្នុង១ថ្ងៃចាប់ពី៦០នាក់ទៅ៨០នាក់ ដូចការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន មួយចំនួននៅពីរបីថ្ងៃបន្តបន្ទាប់គ្នានោះទេ រូបភាពដែលគេយកមកចុះផ្សាយ គឺជារូបភាពចាស់ច្រើនខែកន្លងមកហើយ និងនៅពេលបចច្ចុប្បន្ននេះ មិនមានពលករខ្មែរឆ្លងដែន នៅក្នុងតំបន់កាន់កាប់របស់ខ្លួននោះឡើយ ។ មេៗទ័ពទាំងអស់បានប្តេជ្ញាថា នឹងគោរពតាមបទបញ្ជារបស់ថ្នាក់លើគ្រប់លំដាប់ថ្នាក់ ក្នុងការរក្សាសន្តិសុខព្រំដែននេះ ឲ្យបានល្អប្រសើរ ។

បន្ទាប់មកលោកមេបញ្ជាការ ក៏បានប្រគល់ថវិកាផ្ទាល់ខ្លួន ចំនួន ៧០០ដុល្លារអាមេរិក ជូនដល់អង្គភាពវរៈសេនាតូចលេខ៤០៥ សំរាប់យកទៅកសាងអង្គភាព ដូចជាចាក់ក្រាលបេតុងសាលប្រជុំ ធ្វើកញ្ចុះយាម និងទិញពីដុងទឹក សំរាប់ដាក់ទឹកយកទៅចែកជូនកងទ័ព ដែលឈរជើងនៅតាមគោលដៅនានា លើខ្សែបន្ទាត់ព្រំដែននោះជាដើម ៕

Loading...