មេបញ្ជាការតំបន់ប្រតិបត្តិការសិករងព្រះវិហារចុះសួរសុខទុក្ខកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃគ្រាកំពុងរងនូវភាពត្រជាក់ 

ខេត្តព្រះវិហារ៖ កម្ពុជា នៅរយះពេលច្រើនថ្ងៃមកនេះ ត្រូវគេឃើញ បានគ្របដណ្តប់ទៅដោយភាពត្រជាក់ខ្លាំង ជាពិសេស នៅតាមតំបន់ខ្ពង់រាប និងជួរភ្នំ ជាប់ព្រំដែនកម្ពុជា ថៃ ឡាវ និងវៀតណាម ដែលអាចធ្វើឲ្យយុទ្ធជនព្រំដែនទាំងអស់ មានបញ្ហាប្រឈមនឹងសុខភាព បង្កពីការប្រែប្រួលអាកាសធាតុនេះ ។

នៅរយះពេលពីរថ្ងៃកន្លងមកនេះ ដោយចង់ដឹងពីភាពសុខទុក្ខ និងការរស់នៅរបស់យុទ្ធជនជួរមុខនោះ មេបញ្ជាការតំបន់ប្រតិបត្តិការសិករងព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភក្ត្រា បានដឹកនាំមន្ត្រីសិករងខេត្ត ចុះជួបសួរសុខទុក្ខ និងបានឧត្ថម្ភថវិកាមួយចំនួន ដល់យុទ្ធជនព្រំដែន ទុកប្រើប្រាស់ទៅតាមតម្រូវការ ។

នៅក្នុងដំណើរទៅកាន់ព្រំដែនកម្ពុជា-ថៃ របស់ឧត្តមសេនីយ៍ ច័ន្ទ សុភក្ត្រា លោកមេបញ្ជាការបានចុះទៅដល់ទីតាំងជួរមុខ ដើម្បីពិនិត្យពីសភាពការណ៍ព្រំដែន លេណដ្ឋានឈរជើងកងទ័ព ពិនិត្យអាវុធយុទ្ធភ័ណ្ឌគ្រប់ប្រភេទ និងពិនិត្យពីកន្លែងរស់នៅ របស់យុទ្ធជននោះថែមទៀត ។

ស្របពេលជាមួយគ្នា និងការពិនិត្យលេណដ្ឋាន ត្រៀមប្រយុទ្ធរបស់កងទ័ពជួរមុខនោះ លោកឧត្តមសេនីយ៍ ក៏បានធ្វើការផ្តាំផ្ញើដល់យុទ្ធជនទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច បើទោះបីជាសភាពការណ៍ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន មានសភាពស្ងប់ស្ងាត់នោះយ៉ាងណាក្តី ។

លោកឧត្តមសេនីយ៍ បានក្រើនរំលឹកដល់យុទ្ធជន ត្រូវថែទាំងសុខភាពឲ្យបានល្អ ត្រូវពាក់អាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានចែកជូននាពេលកន្លងមក នៅខណៈអាកាសធាតុបានគ្រប់ដណ្តប់ ទៅដោយភាពត្រជាក់ខ្លាំង ធ្លាក់មកនៅកម្រិត១៣អង្សាសេ ដែលអាចបង្កឲ្យមានជំងឺ នៅក្នុងចន្លោះពេលដែលភាពត្រជាក់នេះ នៅមិនទាន់បានថមថយនោះ ។

បន្ទាប់មក លោកមេបញ្ជាការ ក៏បានប្រគល់ថវិកាចំនួន២លានរៀល ដល់យុទ្ធជនព្រំដែន និងថវិកា៧០ម៉ឺនរៀលទៀត ប្រគល់ឲ្យអង្គភាពផ្នែកសិករងស្រុកគូលែន ទុកដោះស្រាយនៅក្នុងអង្គភាពទៅតាមតម្រូវការ ។

សូមជម្រាបថា នៅថ្ងៃព្រហស្បតិ៍ ៤ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ធ្នូ២០១៧នេះ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញនូវស្ថានភាពសីតុណ្ហភាពអប្បបរមា នៅតាមបណ្តារាជធានី-ខេត្តរបស់កម្ពុជា ឲ្យដឹងថា ខេត្តដែលរងនូវភាពត្រជាក់ជាងគេ គឺខេត្តមណ្ឌលគិរី ១៣.៩អង្សាសេ ខេត្តរតនគិរី បន្ទាយមានជ័យ និងឧត្តរមានជ័យ ១៤អង្សាសេ ។ ដោយឡែក ប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ និងប្រាសាទព្រះវិហារ ក្នុងខេត្តព្រះវិហារ ត្រជាក់រហូតដល់១២អង្សាសេ ។

ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស កងទ័ពទិសជួរមុខទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពីការធ្លាក់ចុះនៃភាពត្រជាក់នេះ ៕

Loading...