មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានក្រើនរំលឹកដាស់ស្មារតីកងទ័ពប្រចាំព្រំដែនកម្ពុជា-ថៃ ឲ្យប្រកាន់ជំហរការពាររាជរដ្ឋាភិបាល និងទប់ស្កាត់រាល់ចលនាណាដែលបង្កើតឡើងដោយមិនស្របច្បាប់

ខេត្តព្រះវិហារ៖ ការដាស់ស្មារតីកងទ័ព ដែលកំពុងឈរជើង ការពារបូរណភាពទឹកដី នៅតាមបណ្តាយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្ត្រា នោះគឺបានធ្វើឡើងនៅគ្រាដែលលោកមេបញ្ជាការ បានដឹកនាំមន្ត្រីយោធាជាន់ខ្ពស់របស់សឹករងខេត្ត ចុះទៅកាន់តំបន់ព្រំដែន ដើម្បីសាកសួរសុខទុក្ខ នាំយកថវិកា និងគ្រឿងបរិភោគ ទៅឧបត្ថម្ភនាយទាហាន នាយទាហានរង និងពលទាហាន នៅចំណុចនាគបួស និងអណ្តូងរយ នៃអង្គភាពវរៈសេនាតូចលេខ១ នៅថ្ងៃទី១៣កុម្ភះម្សិលមិញ នៅមុនបុណ្យចូលឆ្នាំចិន-វៀតណាម ឈានចូលមក។

នៅក្នុងដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ របស់មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារនោះផងដែរ ក្រៅពីចូលជួបសុខទុក្ខដល់នាយទាហាន និងពលទាហាននោះរួចមក លោកមេបញ្ជាការ ក៏បានចុះទៅពិនិត្យស្ថានភាពរស់នៅ និងការសាងសង់លេនដ្ឋាន នៃមូលដ្ឋានកងទ័ព សំរាប់ទប់ទល់សត្រូវឈ្លានពានទឹកដី នៅអណ្តូងរយ របស់អង្គភាពវរៈសេនាតូចលេខ១ ដែលមានមូលដ្ឋាននៅតាមខ្សែក្រវ៉ាត់ព្រំដែន នៃជួរភ្នំដងរែកនោះផងទៀត។

នៅអំឡុងពេលចុះពិនិត្យស្ថានភាព និងសភាពការណ៍ព្រំដែនពេញ១ថ្ងៃនោះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានមានប្រសាសន៍ ដាស់ស្មារតីកងទ័ពនៅជួរមុខទាំងអស់ថា បើទោះបីជាសភាពការណ៍ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន មានសភាពល្អប្រសើរយ៉ាងណាក្តី ក្នុងនាមយើងជាកងទ័ព ដែលជាសសរស្តំការពារបូរណភាពទឹកដីដ៏រឹងមាំ មិនត្រូវធ្វេសប្រហែសសភាពការណ៍នេះជាដាច់ខាត ត្រូវតែបង្កើនការប្រុងប្រយ័ត្ន ក្នុងស្មារតីទទួលខុសខ្ពស់ជានិច្ច រីឯអាវុធយុទ្ធភ័ណ្ឌគ្រប់ប្រភេទ ត្រូវតែធ្វើការដុះខាត់ឲ្យបានជាប្រចាំ ហើយរង់ចាំស្តាប់បទបញ្ជា របស់ថ្នាក់លើប្រគល់ជូនសំរាប់អនុវត្តន៍។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្ត្រា បានប្រាប់កងទ័ពប្រចាំព្រំដែនទាំងអស់ថា ត្រូវតែប្រកាន់ជំហរឲ្យបានខ្ជាប់ខ្ជួន ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពព្រំដែនឲ្យបានល្អប្រសើរ ជាពិសេស ត្រូវតែប្រកាន់ជំហរការពាររាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ សែន ជាប្រមុខដឹកនាំ និងត្រូវធ្វើការទប់ស្កាត់ នូវគ្រប់ចលនាណា ដែលបង្កើតឡើងមិនស្របច្បាប់ និងមានបំណងផ្តួលរំលំរាជរដ្ឋាភិបាល ដែលកើតឡើងចេញពីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នាពេលកន្លងមក ឲ្យបានជាដាច់ខាត។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានជម្រុញដល់នាយទាហានប្រចាំព្រំដែន ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដែលកើតមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបាន ដូចជា ការទប់ស្កាត់ពលករលបលួចឆ្លងដែន ចូលកាប់ឈើក្រញូងដោយខុសច្បាប់ នៅក្នុងទឹកដីថៃ ការជួញដូរមនុស្ស ការបរបាញ់ និងជួញដូរសត្វព្រៃ ត្រូវទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀន។ល។ ហើយត្រូវតែត្រៀមជានិច្ច ក្នុងកិច្ចការពារបូរណភាពទឹកដី កុំឲ្យសត្រូវឈ្លានពានបានជាដាច់ខាត។

ស្របពេលជាមួយគ្នានោះផងដែរ លោកមេបញ្ជាការ បានឧបត្ថម្ភថវិកា ចំនួន៧២ម៉ឺនរៀល ដល់កងទ័ពដែលឈរជើងនៅចំណុច នាគបួស នៃអង្គភាពវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្នុងនោះថវិកាផ្ទាល់ខ្លួនលោកមេបញ្ជាការ ៤០ម៉ឺនរៀល លោកវរៈសេនីយ៍ទោ យ៉ាន់ សុធា ១៦ម៉ឺនរៀល និងលោកវរៈសេនីយ៍ត្រី ហូ សិលា ១៦ម៉ឺនរៀល ថែមពីលើនេះ លោកមេបញ្ជាការ ក៏បានប្រគល់ មី៣កេះ ទឹកក្រូច១កេះ និងត្រីខកំប៉ុង១កេះ សំរាប់ដោះស្រាយនៅក្នុងអង្គភាព នោះផងទៀត៕

Loading...