មេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែងបានដាស់តឿនដល់យោធិនទាំងអស់ឲ្យបន្តខិតខំបំពេញភារកិច្ចជូនជាតិមាតុភូមិប្រជាពលរដ្ឋនិងស្តាប់បទបញ្ជាថ្នាក់លើប្រគល់ជូន

ខេត្តស្ទឹងត្រែង៖ ការដាស់តឿននោះ ត្រូវបានធ្វើឡើងនាល្ងាចថ្ងៃ៣មេសាម្សិលមិញ នៅអង្គភាពតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង ក្នុងពិធីបំពាក់ឋានន្តរសក្តិដល់យោធិន៥៣រូប ចាប់ពីថ្នាក់អនុសរនីយ៍ឯក ដល់ថ្នាក់នាយចំណង់។ យោធិនទាំង៥៣រូបដែលទទួលបានការលើកទឹកចិត្ត និងបំពាក់សក្តិបន្ថែមនេះ ប្រធានអង្គភាពបាននិយាយថា គឺសុទ្ធសឹងតែជាអ្នកមានស្នាដៃស្ថាបនាជាតិ ទាំងគ្រាកន្លងមក និងនៅគ្រាបច្ចុប្បន្ន។

នាយការិយាល័យទី១ នៃតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង លោកវរៈសេនីយ៍ឯកជៀវ ហួន បានប្រកាសសេចក្តីសំរេចតំឡើងឋានន្តរសក្តិ របស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរៈភូមិន្ទ និងបំពាក់សក្តិដល់យោធិនតាមលំដាប់ទាំង៥៣រូប ក្នុងនោះឋានៈអនុសេនីយ៍ឯក៣រូប អនុសេនីយ៍ទោ៣រូប អនុសេនីយ៍ត្រី១៧រូប និងឋានៈនាយចំណង់៣០រូបនោះថែមទៀត។

មេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន បានមានប្រសាសន៍ ទៅកាន់យោធិនទាំងអស់ ពិសេស យោធិនដែលទើបត្រូវបានលើកទឹកចិត្តបំពាក់ឋានន្តរសក្តិនៅពេលនេះ ត្រូវបន្តខិតខំបំពេញភារកិច្ច ជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ត្រូវគោរពរាល់បទបញ្ជាថ្នាក់លើប្រគល់ជូន មានវិន័យ និងសីលធម៌ស្អាតស្អំ ធ្វើខ្លួនសក្តិសមជាកងយោធពលខេមរៈភូមិន្ទ។

លោកឧត្តមសេនីយ៍មានប្រសាសន៍ទៀតថា យោធិនគ្រប់រូបត្រូវត្រៀមលក្ខណៈ ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបំរើឲ្យបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ត្រូវហ៊ានពុះពារជំនះរាល់ការលំបាក គោរពបទបញ្ជា ដើម្បីបំពេញភារកិច្ចឲ្យបានសំរេចជូនជាតិ និងចូលរួមឲ្យបានសកម្មក្នុងការការពារសន្តិភាព និងបូរណភាពទឹកដី សក្តិសមទៅនឹងការផ្តល់កិត្តិយស និងជំនឿទុកចិត្តដែលថ្នាក់លើបានប្រគល់ជូន។

លោកបានជម្រុញដល់យោធិនទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់រៀនសូត្របន្ថែមទៀត តាំងពីកិច្ចការងាររដ្ឋបាល របៀបរបប វិន័យ សណ្តាប់ធ្នាប់ក្នុងការរស់នៅ ក្នុងនាមជាយោធា ដើម្បីបង្កើនចំណដឹង និងពង្រឹងសមត្ថភាពឲ្យកាន់តែរឹងមាំជាងនេះថែមទៀត។

លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានលើកយកព្រឹត្តការណ៍អន្តរជាតិ របស់ប្រទេសមហាអំណាចពីរ នៅអ៊ឺរ៉ុប និងអាស៊ី ដែលកំពុងតានតឹងដាក់គ្នា មកបកស្រាយជូនយោធិនទាំងអស់ បានដឹងពីព្រឹត្តការណ៍នោះទៀតផងដែរ។

តំណាងនាយទាហានទាំង៥៣រូប ដែលទទួលបានការតំឡើងឋានន្តរសក្តិ និងជានាយផ្នែកវិស្វកម្ម នៃអង្គភាពសិករងស្ទឹងត្រែង លោកអនុសេនីយ៍ឯក ជៀន ង៉ុយ បានឡើងធ្វើការប្តេជ្ញាចិត្តថា នឹងធ្វើពលីកម្ម ដើម្បីការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ សន្យាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ធ្វើពលីកម្មការពាររដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ ដែលដឹកនាំដោយ សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្តេជ្ញាគោរពច្បាប់រដ្ឋ វិន័យកងយោធពលខេមរៈភូមិន្ទ មិនប្រព្រឹត្តបទល្មើសផ្សេងៗ ពិសេស មិនចូលរួមការជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ប្តេជ្ញាអនុវត្តបទបញ្ជា របស់មេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ឲ្យសំរេចបានគ្រប់ភារកិច្ច គោរពសីលធម៌ចំពោះប្រជាជន បំពេញភារកិច្ចដើម្បីប្រជាជន សាមគ្គីភាពផ្ទៃក្នុង នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាពពេលជួបការលំបាកអ្វីមួយ និងចេះជួយទំនុកបំរុងគ្នាទៅវិញទៅមក៕

Loading...