មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានចុះសួរសុខទុក្ខនាយទាហាន និងពលទាហាននៅតាម បណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅក្នុងឧិកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ !

ខេត្តព្រះវិហារ៖ មេបបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានដឹកនាំមន្ត្រីយោធាសំខាន់ៗ ចុះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដែលជាគោលដៅឈរជើងលើ ខ្សែត្រៀមជួរមុខ ដើម្បីសាកសួរសុខទុក្ខ និងការនាំយកអំណោយ ទៅឧបត្ថម្ភកងទ័ពនៅក្នុងអង្គភាព៣ នៃទិសជួរមុខ គឺអង្គភាពវរសេនាតូចលេខ១ , អង្គភាពវរសេនាតូចលេខ២ និងផ្នែកសឹករងជាំក្សាន្ត ដែលជា អង្គភាពចំណុះ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៃយោធភូមិភាគទី៤ កាលពីថ្ងៃទី១៤ កញ្ញាឆ្នាំ២០២០ ។
នៅក្នុងដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ អគ្គមេបញ្ជាការ នៃកងយោធពល ខេមរភូមិន្ទ, ថ្នាក់ដឹកនាំបញ្ជការដ្ឋានកងទ័ពជើងគោក, យោធភូមិភាគទី៤ និងថ្នាក់ដឹកនាំខេត្តព្រះវិហារ នៅក្នុងឧិកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ និងបាននាំយកអំណោយជាថវិការបស់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ មកប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងបំពេញបេសកកម្មការពារទឹកដី នៅទឹកដីទល់ដែនកម្ពុជា-ថៃ នោះផងទៀត ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានមានប្រសាសន៍ផ្តាំផ្ញើ ដល់នាយទាហាន និងពលទាហានទាំង អស់ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវអនុវត្តការងារទៅតាមតួនាទី និងភារកិច្ចឲ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ នៃកងយោធពលខេមរភូមិន្ទ ដែលបានដាក់ចុះឲ្យអនុវត្ត ជាពិសេស ដូចជា នៅពេលបងប្អូនប្រជាពលរដ្ឋ កំពុងមមាញឹកនៅក្នុងឧិកាស បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យប្រពៃណីជាតិនានាទៀត គឺកងកម្លាំងទាំងអស់មិនត្រូវបាន អនុញ្ញាតិឲ្យឈប់សម្រាកនោះឡើយ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបន្តទៀតថា នេះគឺជាការអនុវត្តបទបញ្ជាថ្នាក់លើ ដើម្បី ប្រមូលកម្លាំងត្រៀមរក្សាសន្តិសុខ សុវត្តិភាព ជូនជាតិ និងប្រជាពលរដ្ឋ ពិសេស គឺកងកម្លាំងដែលស្ថិតនៅ តាមខ្សែរបន្ទាត់ព្រំដែននេះតែម្តង ។ លោកឧត្តមសេនីយ៍មេបញ្ជការ បានក្រើនរំលឹក ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន នូវការពង្រឹងសាមគ្គីភាព ដែលជា កត្តាដ៏ចម្បង ហើយបើមានសាមគ្គីភាពគ្នាល្អ នោះនឹងនាំឲ្យកងកម្លាំងយើង កាន់តែមានភាពរឹងមាំថែមទៀត ។ លោកឧត្តមសេនីយ៍ បានថ្លែងដាស់ស្មារតីកងទ័ពទាំងអស់ ត្រូវដឹងគុណ និងអរគុណសន្តិភាព ដែលបាន ធ្វើឲ្យកងទ័ពរឹងមាំ និងប្រទេសជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចបានអនុវត្តយុទ្ធសាស្ត្រ នយោបាយឈ្នះ ឈ្នះ ដើម្បីបង្រួបបង្រួមជាតិ ធ្វើប្រទេសជាតិ និងប្រជាជន ទទួលបានសុខសន្តិភាព រហូតមកដល់គ្រាបច្ចុប្បន្ន ៕

Loading...