មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាំយកអាវរងាររបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី មកចែកជូននាយទាហាន និងពលទាហាន មកពីគ្រប់អង្គភាពចំណុះ សម្រាប់ប្រើប្រាស់នៅក្នុងរដូវចុះត្រជាក់នេះ!

 

ខេត្តព្រះវិហារ៖ អាវរងារជិត ៨០០អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ សែន នាយករដ្ឋមន្រ្តី ត្រូវបានមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នាំយកមកចែកជូននាយទាហាន នាយទាហានរង និងពលទាហាន មកគ្រប់កងឯកភាពចំណុះទាំងអស់ ជាពិសេស អង្គភាពជួរមុខដែលស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ បន្ទាប់ពីទទួលបានដោយផ្ទាល់ពី អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នោះរួចមក។ ពិធីចែកអាវរងារនាគ្រានោះ បានធ្វើឡើងនៅទីបញ្ជាការវរៈសេនាតូចលេខ១ ចាស់ ស្ថិតនៅក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាល្ងាចថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ថា អាវរងារដែលមានចំនួន ៧៧៧អាវ ត្រូវបាននាំយកមកចែកជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន មកគ្រប់បណ្តាអង្គភាពចំណុះ អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារទាំងអស់ នៅក្នុងពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើគោលរបបរបស់កងទ័ព តាមរយៈ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោក ដែលបានផ្តល់ជូនអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាព្រឹកថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ មេបញ្ជាការតំបន់សឹក បានមានប្រសាសន៍ទៀតថា សម្តេចតេជោ បានផ្តាំផ្ញើ កូនច្បងរបស់សម្តេច គឺ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើយ៉ាងណាត្រូវនាំយកអាវរងារទាំងនេះ ទៅចែកជូនឲ្យដល់ដៃកងទ័ពទាំងអស់ ជាពិសេស កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដែលកងកម្លាំងទាំងអស់ ចាំបាច់ត្រូវការប្រើប្រាស់នៅក្នុងរដូវចុះត្រជាក់នេះ ដើម្បីទប់ទល់នឹងភាពរងារ ក្នុងក្របខណ្ឌការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋនៃយើង។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍បន្តថា បន្ទាប់ពីទទួលបានអាវរងារពីសម្តេចប្រមុខរាជរដ្ឋាភិបាល នោះមក លោកឧត្តមសេនីយ៍ បានប្រញាប់នាំយកអាវរងារទាំងនេះ មកចែកជូនដល់កម្លាំងប្រតិបត្តិការសឹក មកគ្រប់អង្គភាពចំណុះទាំងអស់ ដោយមិនហានបង្អង់យូរឡើយ។ លោកឧត្តមសេនីយ៍មេបញ្ជាការ បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវមានចិត្តស្មោះត្រង់ ការពារឲ្យបានដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ត្រូវការពារនូវសន្តិភាព ប្រសិនបើគ្មានសន្តិភាពនោះទេ ក៏គ្មានការអភិវឌ្ឍន៍ប្រទេស និងក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ ដូច្នេះ កងទ័ពទាំងអស់ ត្រូវថែរក្សាការពារសន្តិភាពនេះ ឲ្យបានដាច់ខាត ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានណែនាំដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវបន្តចូលរួមអនុវត្ត តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាលកម្ពុជា ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ដែលកំពុងតែផ្ទុះឡើងសារជាថ្មីម្តងទៀត នៅកម្ពុជា ដូច្នេះ នៅពេលធ្វើដំណើរទៅទីជិត ឬទីឆ្ងាយ ឬក៏ស្ថិតនៅទីប្រជុំជន ត្រូវពាក់ម៉ាស ឬក្រម៉ា ត្រូវរក្សាគម្លាតយ៉ាងហោច ១ម៉ែត្រកន្លះ ត្រូវឧស្សាលាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ អាល់កុល ឬជែល ឲ្យបានជាប់ជាប្រចាំ ជៀសវាងការចម្លងពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត និងការចម្លងពីក្រុមគ្រួសារ ចូលទៅក្នុងនៅក្នុងសហគមន៍ទាំងមូល៕

 

 

Loading...