មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ដឹកនាំកម្លាំង ចុះសម្របសម្រួលការងារពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញគ្រោងទីស្នាក់ការបណ្តោះអាសន្នតំបន់ប្រវត្តិសាស្ត្រយោធា តេជោ ភ្នំស្វារអិល

ខេត្តពោធិ៍សាត់៖ ថ្ងៃអាទិត្យ ១៥រោច ខែកត្តិក ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ឧត្តមសេនីយ៍ទោប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានដឹកនាំកម្លាំងចំនួន ០៨នាក់ ចុះសម្របសម្រួលការងារដែលពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញគ្រោងទីស្នាក់ការបណ្តោះអាសន្នតំបន់ប្រវត្តិសាស្ត្រយោធា តេជោ ភ្នំស្វារអិល(១៥០០ម៉ែត្រ) វាលវែង ជាមួយ ប្រធានស្នាក់ការល្បាតរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងប្រធានទីចាត់ការដែនជម្រកសត្វ ព្រៃភ្នំសំកុស និងលើកស្លាកសំគាល់ទីស្នាក់ការបណ្តោះអាសន្ន តំបន់ប្រវត្តិសាស្ត្រយោធា តេជោ ភ្នំស្វារអិល (១៥០០ម៉ែត្រ) វាលវែង នៅចំណុចជើងភ្នំស្វារអិល ផ្លូវអន្ទង់អាំង ។

វេលាម៉ោង៨.៣០នាទីព្រឹក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានចូលជួបជាមួយប្រធានស្នាក់ការល្បាតរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វ៉ាយអេត)នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ បានពិភាក្សាអំពីបញ្ហា ការកាត់បំផ្លាញគ្រោងស្នាក់ការបណ្តោះអាសន្នតំបន់ប្រវត្តិសាស្ត្រយោធា តេជោ ភ្នំស្វារអិល(១៥០០) វាលវែង ដែលកម្លាំងកងអនុសេនាធំលេខ១ ផ្នែកសឹងរងវាលវែង បានសាងសង់ តែប្រធានអង្គភាពមិននៅបានជួបតែមន្ត្រីដែលប្រចាំការនៅទីនោះ ។

មន្ត្រីប្រចាំការនៅទីនោះបានឲដឹងថា៖ លោកប្រធានស្នាក់ការមិននៅទេ គាត់ទៅផ្ទះគាត់នៅឯទីរួមស្រុកភ្នំក្រវាញ ហើយការកាត់បំផ្លាញស្នាក់ការប្រវត្តិសាស្ត្រយោធានោះ គឺលោក អាយឌី (ID)ជាជនជាតិបរទេស ប្រធានអង្គការក្រៅរដ្ឋាភិបាលមួយហៅកាត់ថា (វ៉ាយអេត) បានដឹកនាំមន្ត្រី វ៉ាយអេត ចំនួន៥ សហការជាមួយមន្ត្រីទីចាត់ការដែនជម្រកសត្វព្រៃភ្នំសំកុស ចំនួន៤នាក់ សរុបរួមចំនួន ១០នាក់ ។

បន្ទាប់មក ឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានបន្តដំណើរទៅជួបជាមួយ លោក ណុប ថេត ប្រធានស្នាក់ការល្បាតរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅផ្ទះរបស់គាត់ ហើយបានពិភាក្សាអំពីរឿងដែលក្រុមនោះកាត់បំផ្លាញទីស្នាក់ការប្រវត្តិសាស្ត្រយោធានេះ បានឲ្យដឹងថា ៖ មូលហេតុដែលពួកគាត់កាត់នេះ ព្រោះតែខាងយោធាមិនបានទំនាក់ទំនង ឬក៏បញ្ជូនឯកសារដែលពាក់ព័ន្ធទៅឲគាត់ដឹង ហើយនាមួយទីនោះជាតំបន់ដែលថ្នាក់ដឹកនាំខេត្តហាមខាតមិនអោយប្រជាពលរដ្ឋណាមួយសាងសង់ផ្ទះនៅតំបន់នោះជាដាច់ខាត ហើយយើងមិនបានលើកស្លាកសំគាល់ថាជាស្នាក់ការប្រវត្តិសាស្ត្រយោធា ហើយណាមួយទៀត អត់មានអ្នកចាំនៅទីនោះផង ទើបពួកគាត់សម្រេចចិត្តធ្វើការកាត់បំផ្លាញចោលតែម្តង ។

បន្ទាប់មកទៀត ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានបន្តដំណើរទៅទីរួមស្រុកវាលវែង បានចូលទៅទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុស ដើម្បីជួបប្រធានទីចាត់ការ សួរនាំពីរឿងកាត់បំផ្លាញគ្រឿងផ្ទះ ដែលគ្រោងសាងសង់ស្នាក់ការបណ្តោះអាសន្ន តំបន់ប្រវត្តិសាស្ត្រយោធា តេជោ ភ្នំស្វារអិល (១៥០០ម៉ែត្រ) វាលវែង និងរកបញ្ជីវត្តមានដែលថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ចង់បាន របស់ក្រុមវ៉ាយអែត និងក្រុមដែនជំរកសត្វព្រៃភ្នំសំកុស សហការគ្នាចុះកាត់បំផ្លាញគ្រឿងផ្ទះនោះ តែប្រធានទីចាត់ការមិននៅ បានជួបតែមន្ត្រីដែលប្រចាំការនៅទីនោះ សួរនាំទៅគាត់មិនដឹងរឿងនោះទេ ដោយសារតែគាត់ទើបតែមកពីបេសកកម្មនៅថ្មសំលៀង ឃុំក្រពើពីរ ស្រុកវាលវែង ហើយបញ្ជីវត្តមានក៏មិនបានយកដែរ ដោយសារតែក្រុមនោះចុះបេសកកម្មទៀតទើបមិនបានជួប រងចាំម៉ោង១៥:០០នាទីទើបពួកគេមកពីបេសកកម្មវិញ ។

នៅវេលាម៉ោង ១៤:០០នាទី ឯកឧត្តម មេបញ្ជាការ បានធ្វើដំណើរមកដល់ទីកន្លែងដែលក្រុមវ៉ាយអែត និងក្រុមដែនជំរកសត្វព្រៃភ្នំសំកុស កាត់បំផ្លាញគ្រឿងផ្ទះគ្រោងសាងសង់ទីស្នាក់ការ បណ្តោះអាសន្ន តំបន់ប្រវត្តិសាស្ត្រយោធា តេជោ ភ្នំស្វារអិល (១៥០០ម៉ែត្រ) វាលវែង បានឃើញកំណាត់ឈើដែលក្រុមនោះកាត់បំផ្លាញដាក់ចោលនៅទីនោះពិតប្រាកដមែន អ្វីដែលគួរឲ្យសោកស្ដាយនោះ គឺជាការខិតខំប្រឹងប្រែងរបស់ពួកយើង ជិតនឹងបានសម្រេចហើយ តែជាអ្វីដែលរំពឹងទុកនោះត្រូវក្រុមនោះកាត់បំផ្លាញចោលទាំងស្រុងគ្នាសល់ ។

ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានចាត់អោយកម្លាំងកងអនុសេនាធំលេខ១ ផ្នែកសឹងរងវាលវែង លើកស្លាកសំគាល់នៅទីនោះ បញ្ជាក់ថាជាទីស្នាក់ការបណ្តោះអាសន្ន តំបន់ប្រវត្តិសាស្ត្រ យោធា តេជោ ភ្នំស្វារអិល (១៥០០ម៉ែត្រ) និងខិតខំសាងសង់បន្តទាល់តែបានសម្រេចបានតាមផែនការរបស់ថ្នាក់លើ និងបានថតរូបអនុស្សាវរីយ៍ផងដែរ ។

ដំណើរចុះធ្វើការរបស់ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ចប់សព្វគ្រប់នៅម៉ោង១៥:៣០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ៕

 

Loading...