មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បន្តចុះសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន ដើម្បីបានរស់នៅសមរម្យ និងជួយលើកកម្ពស់ជីវភាព ឲ្យកាន់តែប្រសើរឡើង !

ខេត្តព្រះវិហារ៖ កម្លាំងកងទ័ព ដែលគេដឹងថា គឺជាកម្លាំងស្នូលមួយដ៏រឹងមាំ សម្រាប់ធ្វើជាសសរទ្រូង ក្នុងកិច្ចការងារ ការពារជាតិ មាតុភូមិ និងការការពារបូរណភាពទឹកដី នៅសមរភូមិមុខនោះ កងទ័ពបានងាកមកបំពេញកិច្ចការងារ បម្រើលើវិស័យមនុស្សធម៌ សង្គមធម៌ និងការចូលរួមក្នុងបុព្វហេតុជាតិ ជាច្រើនទៀត នៅសមរភូមិក្រោយ ផងដែរ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ដែលជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ នៅថ្ងៃទី៣កុម្ភះម្សិលមិញ បានដឹកនាំក្រុមការងារ និងកម្លាំងក្រោមឱវាទគ្រប់លំដាប់ថ្នាក់ បន្តចុះសាងសង់ផ្ទះ ១ខ្នងបន្ថែមទៀត ជូនដល់គ្រួសារអតីតយុទ្ធជន ដែលគ្មានដីធ្លី ទីជម្រក និងមានជីវភាពក្រលំបាក ស្ថិតនៅក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ឲ្យដឹងថា ផ្ទះ១ខ្នងដែលទើបសង់ថ្មីនេះ នឹងត្រូវប្រគល់ជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពក្រខ្សត់ ឈ្មោះ ប៉ាត យឿន ភេទប្រុស អាយុ៦០ឆ្នាំ ជាជនពិការ ផ្ទះនេះសង់ពីឈើ ដំបូលប្រក់ស័ង្កសី មានទំហំទទឹង ៥ម៉ែត្រ និងបណ្តោយ ៦ម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាអស់ ១០លាន ៥សែនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន ហើយបានផ្តល់ដីធ្លី និងថវិកាជាបន្តបន្ទាប់ សម្រាប់សាងសង់ទីជម្រក ផ្ទះសម្បែង ក្នុងការផ្តល់ជូនអតីតយុទ្ធជន និងគ្រួសារ ដើម្បីបានរស់នៅសមរម្យ ដូចអ្នកឯទៀតៗ និងក៏ដើម្បីតបស្នង នូវគុណបំណាច់ដ៏ធំធេង ដែលអតីតយុទ្ធជន បានលះបង់សាច់ស្រស់ ឈាមស្រស់ លះបង់អាយុជីវិត និងបានធ្លាក់ខ្លួនពិការភ្នែក ពិការដៃ និងជើង ដោយសារការតស៊ូធ្វើសឹកសង្គ្រាម ការពារបូរណភាពទឹកដី នាំមកនូវសុខសន្តិភាព ជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានអំពាវនាវដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនទាំងអស់ សូមកុំជឿតាមការឃោសនា អូសទាញ និងញុះញង់ពីបក្សណា ឬក្រុមណាមួយឲ្យសោះ ដែលមានមហិច្ឆតាចង់ផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ ដែលបានប្រសូត្រចេញពីការបោះឆ្នោត ដោយសេរី យុត្តិធម៌ មានតម្លារភាព និងប្រជាធិបតេយ្យ។ ហើយទីណាមានអតីតយុទ្ធជនក្រីក្រ ទីនោះថ្នាក់ដឹកនាំសមាគមន៍អតីតយុទ្ធជនកម្ពុជា ពិសេស មានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមជួយជម្រោមជ្រែងគ្រប់ពេលវេលា។ ហើយនេះ គឺជាខ្នងផ្ទះទី៧១ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា៕

Loading...