មេបញ្ជាការយោធភូមិភាគទី៤ ក្រើនរំលឹកដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវគោរពវិន័យ និងបទបញ្ជាថ្នាក់លើឲ្យបានម៉ឹងម៉ាត់ ដើម្បីត្រៀមទប់ទល់កម្ចាត់គ្រប់ចលនាឧទ្ទាមខុសច្បាប់ ដែលប៉ុនប៉ង បង្កើតបដិវត្តន៍ពណ៌ បំផ្លាញសុខសន្តិភាពនៅកម្ពុជា!

ខេត្តព្រះវិហារ៖ ប្រសាសន៍ លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានលើកឡើង ក្នុងគ្រាដែលលោកឧត្តមសេនីយ៍ បានអញ្ជើញជា អធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពយោធាឆ្នាំ២០២០ នៅទីបញ្ជាការវរៈសេនាតូចលេខ១ ចំណុះអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាថ្ងៃឈប់សម្រាកចុងសប្តាហ៍ ក្នុងខែតុលា ឆ្នាំ២០២០ នេះ ស្ថិតនៅក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

 

ពិធីបើកវគ្គហ្វឹកហ្វឺននេះ ក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មន្ត្រីយោធាជាន់ខ្ពស់ នៃយោធភូមិភាគទី៤ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការមកពីគ្រប់កងឯកភាព ចំណុះ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ គ្រូយោធាចារ្យ នាយទាហាន និងពលទាហាន ដែលជាសិក្ខាកាម ១១០នាក់។ ហើយវគ្គហ្វឹកហ្វឹននេះ នឹងធ្វើឡើងក្នុងរយះពេល ៩១ថ្ងៃ ចាប់ពីថ្ងៃ ទី១០តុលាឆ្នាំ២០២០ ដល់ថ្ងៃទី៨មករាឆ្នាំ២០២១។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា ពិធី បើកវគ្គហ្វឹកហ្វឺនពង្រឹងយោធាឆ្នាំ២០២០នេះ បានធ្វើឡើងតាមសច្ចាប័ន ស្តីពី ការងារហ្វឹកហ្វឺនយោធភូមិ ភាគទី៤ ឆ្នាំ២០២០ និងអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ផងដែរ។ លោកឧត្តមសេនីយ៍ បានបន្តថា អង្គភាពបានបញ្ចូលខ្លឹមសារសម្រាប់វគ្គហ្វឹកហ្វឺននេះ រួមមាន៖ យោធា អប់រំចិត្តសាស្ត្រ «ខ្លឹមសារ ១០ចំណុចរបស់សម្តេចតេជោ ៥ភាគរយ» យោធារួម «ការងារគ្រប់គ្រងទ័ព ៥ភាគរយ» ហ្វឹកហ្វឺនជាក់ស្តែង យុទ្ធដំណើរទ័ព ទ្រឹស្តីមេរៀនក្នុងថ្នាក់ ការអនុវត្តន៍ជាក់ស្តែងនៅទីលាន និងច្បាប់ផ្សេងៗ របស់ប្រទេស ថែមទៀតផង។ លោកថា វគ្គហ្វឹកហ្វឺននេះ អាចដំណើរការទៅបាន អាស្រ័យដោយមានការជ្រោមជ្រែង គិតគូ និងយកចិត្តទុកដាក់ឧបត្ថម្ភទាំងស្មារតី សម្ភារៈ និងថវិកា ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃកងយោធពល ខេមរភូមិន្ទ ថ្នាក់ដឹកនាំខេត្ត ជាពិសេស ពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា។

អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី បានមានប្រសាសន៍ កោតសរសើរ ដល់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ គ្រប់ថ្នាក់ មេបញ្ជាការយោធភូមិភាគទី៤ និងអង្គភាពតំបន់ប្រតិបត្តិការសឹករង ព្រះវិហារ ក្នុងកិច្ចខិតខំប្រឹងប្រែងរៀបចំ នូវវគ្គហ្វឹកហ្វឺននេះឡើង។ លោកបានបន្តថា វគ្គហ្វឹកហ្វឺននេះពិតជា មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរួមចំណែក កសាងធនធានមនុស្ស ដើម្បីពង្រឹង និងពង្រីកសមត្ថភាព ក្នុងក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ ធ្វើឲ្យសិក្ខាកាមទាំងអស់ បានយល់ដឹងកាន់តែច្បាស់ នូវយុទ្ធវិធី និងជំនាញពិតប្រាកដ ដើម្បីយកចំណេះដឹងទាំងនោះ ទៅអនុវត្តឲ្យមានប្រសិទ្ធភាព ក្នុងបេសកម្មការពារ ជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ កងទ័ពជើងគោក និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។ លោកស៊ូ សិរី បានផ្តាំផ្ញើ ដល់សិក្ខា កាមយោធាទាំងអស់ ត្រូវខិតខំត្រងត្រាប់ស្តាប់ការបង្ហាត់បង្រៀន និងការពន្យល់ របស់គ្រូយោធាចារ្យ ឲ្យបានម៉ត់ហ្មង ដើម្បីគ្រេបយកចំណេះដឹងទាំងនេះ ទៅបម្រើឲ្យបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។

មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ឯក ពៅ ហេង បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចបានយកចិត្តទុកដាក់ ដោះស្រាយរាល់ការលំបាក ខ្វះខាត ជូនដល់កងយោធពលខេមរភូមិន្ទ និង ចាត់ទុកវិស័យការពារជាតិ ជាវិស័យអាទិភាពមួយ ក្នុងការងារការពារសន្តិសុខ សុវត្ថិភាព ស្ថិរភាពជូនប្រជា ពលរដ្ឋ និងប្រទេសជាតិ។

លោកឧត្តមសេនីយ៍មេបញ្ជាការយោធភូមិភាគ៤ បានបន្តថា ដើម្បីពង្រឹងលើវិស័យការពារជាតិ សម្តេចតេជោ បានយកចិត្តទុកដាក់បំផុត ដល់ការងារហ្វឹកហ្វឺនកងទ័ពគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ ជាពិ សេស សម្តេចបានផ្តល់ថវិកា ម្នាក់៣ពាន់រៀលក្នុង១ថ្ងៃ ដើម្បីដំណើរហ្វឹកហ្វឺន ធានាបាននូវគុណភាព និងប្រ សិទ្ធភាព ក្នុងការប្រយុទ្ធការពារបូរណៈភាពទឹកដី និងមានការយកចិត្តទុកដាក់ ពីក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការដ្ឋានកងទ័ពជើងគោក លើការងារហ្វឹកហ្វឺន កងយោធពលខេមរភូមិន្ទ ឆ្នាំ២០២០នេះ។

លោកឧត្តមសេនីយ៍ឯក ពៅ ហេង បានថ្លែងដាស់ស្មារតីនាយទាហាន និងពលទាហាន ទាំងអស់ថា ដើម្បីធានាបានគុណភាពក្នុងដំណើរការហ្វឹកហ្វឺនក្នុងវគ្គសិក្សានេះ សូមអស់លោកកម្មសិក្សាការីទាំងអស់ ត្រូវយកចិត្តទុកដាក់ និងស្មោះត្រង់ដាច់ខាតចំពោះ រដ្ឋធម្មនុញ្ញា ជាតិ សាសនា ព្រះមហាក្សត្រ និងរាជ រដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត និងគោរព អនុវត្តទៅតាមបទបញ្ជារបស់ក្រសួង ការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក ដែលបានប្រគល់ឲ្យអនុវត្តច្បាប់ ស្តីពី លក្ខខន្តិកៈ ទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងច្បាប់រដ្ឋផ្សេងៗទៀត ត្រូវយកចិត្តទុកដាក់ចាំបាច់ នឹងការងារអប់រំចិត្តសាស្ត្រ និងផ្សព្វផ្សាយ អប់រំ ពីច្បាប់រដ្ឋបវេណីកងទ័ព និងបទដ្ឋានគតិយុត្តិផ្សេងៗ ដែលពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល និងត្រូវបង្កើនការយកចិត្តទុកដាក់ហ្វឹក ហាត់ជំនាញឲ្យបានល្អប្រសើរ។

លោកឧត្តមសេនីយ៍ បានរំលឹកដល់គ្រូយោធាចារ្យ ត្រូវខិតខំស្រាវជ្រាវសិក្សា រៀនសូត្របន្ថែមទៀត ក្នុងការបង្កើនសមត្ថភាពជំនាញរបស់ខ្លួនឲ្យកាន់តែរីកចម្រើន ដើម្បីបង្ហាត់ បង្រៀន ផ្ទេរចំណេះដឹង ចំណេះ ធ្វើ និងបទពិសោធន៍ល្អៗ ដល់កម្មសិក្សាការី ,ត្រូវបន្តអនុវត្តសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ អង្គភាពសម្ព័ន្ធមេត្រីភាព និងជាមួយប្រជាពលរដ្ឋ នៅក្នុងតំបន់នីមួយៗ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់អង្គភាព ត្រូវអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង ៩ចំណុច ,អង្គភាពសឹករងទាំងអស់ ត្រូវសហការឲ្យបានស្អិតរមួតជាមួយនឹងប៉ូលិសប៉ុស្តិ៍ កងរាជអាវុធហត្ថ ត្រូវក្តាប់ឲ្យ ជាប់នូវសភាពការនានា ,ត្រូវយកចិត្តទុកដាក់លើកស្ទួយជីវភាពរស់នៅ សុខមាលភាពរបស់កងទ័ព និង គ្រួសារកងទ័ព ហើយកងទ័ពទាំងអស់ ត្រូវមានសាមគ្គីភាព មានសីលធម៌ គុណធម៌ ត្រូវគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងកងទ័ពឲ្យបានម៉ឹងម៉ាត់ និងត្រៀមកំចាត់គ្រប់ឧបាយកល កលល្បិច និងការប៉ុនប៉ងណា មួយ ពីក្រុមឧទ្ទាមក្រៅច្បាប់ ក្នុងការបង្កើតបដិវត្តពណ៌ ដើម្បីបំផ្លាញសុខសន្តិភាពនៅកម្ពុជា ឲ្យខាងតែបាន ដាច់ខាត ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

លោកឧត្តមសេនីយ៍ឯក បានក្រើនរំលឹក បន្ថែមថា កងទ័ពទាំងអស់ ត្រូវឈរលើស្មារតីប្រុងប្រយ័ត្ន ខ្ពស់ជានិច្ច និងត្រូវបង្កើនការដើរយាមល្បាត នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដែលស្ថិតក្នុងដែន សមត្ថកិច្ចគ្រប់គ្រងរបស់អង្គភាព ត្រូវពង្រឹងលើការងារទំនាក់ទំនង រឹតចំណងសាមគ្គីភាព រវាងកងកម្លាំង ប្រទេសជាប់ព្រំដែន ,ត្រូវគោរពតាមអនុសាសន៍ ១០ចំណុច ក្នុងឧិកាសដែលសម្តេចតេជោ អញ្ជើញជា អធិបតី ខួបទី២០ ថ្ងៃកំណើតកងទ័ពជើងគោក នាថ្ងៃទី២៤មករា២០១៩ និងអភិក្រមទាំង៥ ឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល និងវះកាត់ឲ្យខាងតែបាន ។ លោកឧត្តមសេនីយ៍ ឯក ពៅ ហេង បានថ្លែង ដោយសង្ឃឹម យ៉ាងមុតមាំថា នាយទាហាន និងពលទាហាន ជាសិក្ខាកាមទាំងអស់ នឹងគោរពវិន័យក្នុងពេលសិក្សា គោរព ពេលវេលារៀនសូត្រ ត្រង់ត្រាប់ស្តាប់គ្រូយោធាចារ្យបង្រៀន មានសីលធម៌ គុណធម៌ និងសាមគ្គីឯកភាពល្អ សក្តិសមជាកងយោធពលខេមរភូមិន្ទ ដើម្បីធ្វើឲ្យវគ្គហ្វឹកហ្វឺននេះ បញ្ចប់ទៅដោយជោគជ័យ។

សូមជម្រាបថា នៅក្នុងវគ្គហ្វឹកហ្វឺននេះ មេបញ្ជាការយោធភូមិភាគទី៤ និងថ្នាក់ដឹកនាំខេត្តព្រះវិហារ បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន មកឧបត្ថម្ភបន្ថែម ពីលើគោលរបបហ្វឹកហ្វឺន ជូនដល់យោធិនដែលជាសិក្ខាកាម នៅក្នុងដំណើរការរៀនសូត្រនេះ ផងដែរ៕

 

Loading...