មេបញ្ជាការយោធាការពារព្រំដែនកម្ពុជា-ឡាវម្នាក់ និងក្រុមគ្រួសារ ព្រមទាំងសិក្ខាកាមម្នាក់ នៃសាលាពលទាហានទី១ នៅក្នុងខេត្តស្ទឹងត្រែង បានជួបគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យរងរបួសជាទម្ងន់ និងបាត់បងជីវិត នៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនកន្លងទៅនេះ

ខេត្តស្ទឹងត្រែង៖ យ៉ាងហោចណាស់ ក៏មានមនុស្ស៨នាក់ បានជួបគ្រោះថ្នាក់ចរាចរ បង្កឲ្យរបួសធ្ងន់ស្រាល៦ឲ៧នាក់ និងម្នាក់ទៀត បានបាត់បង់ជីវិតនៅលើដងផ្លូវ នៅក្នុងថ្ងៃតែមួយ នាថ្ងៃសែនចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម នៅក្នុងខេត្តស្ទឹងត្រែង។

ហេតុការណ៍នោះ បានកើតឡើងនៅពីរទីតាំង និងពេលវេលាពីរខុសគ្នា គឺមេបញ្ជាការយោធាការពារព្រំដែន បានជួបគ្រោះថ្នាក់ នៅថ្ងៃត្រង់ថ្ងៃទី១៧កុម្ភះកន្លងទៅ នៅលើកំណាត់ផ្លូវក្រាលគ្រួសក្រហម១ខ្សែ តភ្ជាប់ចេញដីក្រុងស្ទឹងត្រែង ចូលទៅទីរួមស្រុកសៀមប៉ាង ស្ថិតនៅក្នុងភូមិខិៈថ្មី ឃុំព្រែកមាស។ និងយុទ្ធជនដែលជាសិក្ខាកាមថ្មីម្នាក់ទៀត បានជួបគ្រោះថ្នាក់ នៅផ្លូវបំបែកប្រលានយន្តហោះ ចូលទៅឃុំកំភុន ស្រុកសេសាន្ត ស្ថិតនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងរយះពេល៣ថ្ងៃ នៃពិធីចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ចាប់ពីថ្ងៃទី១៦កុម្ភះ ដល់ថ្ងៃទី១៨កុម្ភះ២០១៨ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរនៅក្នុងខេត្តស្ទឹងត្រែង បានកើតឡើងជាច្រើនករណីផ្សេងៗពីគ្នា ធ្វើឲ្យអ្នកដំណើរជាច្រើននាក់បានរងរបួសធ្ងន់ និស្រាល។ ប៉ុន្តែ នៅក្នុងនោះមានពីរករណីធ្ងន់ធ្ងរ ធ្វើឲ្យមនុស្ស៨នាក់ ក្នុងនោះក៏មានកុមារីម្នាក់ផងនោះដែរ បានរងរបួសធ្ងន់ និងស្រាល ហើយមានពលទាហានថ្មីម្នាក់ បានបាត់បង់ជីវិតភ្លាមៗ ក្រោយពីជិះម៉ូតូបុកជាមួយរថយន្ត ដែលកំពុងបើកបរនៅលើដងផ្លូវ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា នៅក្នុងស្រុកសៀមប៉ាងនោះ មេបញ្ជាការវរៈសេនាតូចលេខ១០១ ការពារព្រំដែនកម្ពុជា-ឡាវ ចំណុះអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នៃយោធភូមិភាគទី១ លោកវរៈសេនីយ៍ឯក មី ប៊ុនប៉ន រួមជាមួយក្រុមគ្រួសារ និងកងការពារផងនោះទៀត មានគ្នា៦នាក់ បានជិះរថយន្តឡង់គ្រីស៊័រ១គ្រឿង ចេញពីទីរួមខេត្តស្ទឹងត្រែង ក្នុងបំណងឆ្ពោះចូលទៅកាន់ ទីរួមស្រុកសៀមប៉ាង ពេលមកដល់ទីកើតហេតុខាងលើ រថយន្តនោះក៏បានក្រឡាប់ជាច្រើនត្រឡប់ ធ្លាក់ពីលើទ្រូងផ្លូវចូលទៅក្នុងស្នាមភ្លោះ បង្កឡើងដោយខ្លួនឯង ឯលោកមេបញ្ជាការវរៈ អ្នកបើកបររថយន្ត ក្រុមគ្រួសារ និងកុមារីម្នាក់នៅក្នុងនោះ បានប៉ើងខ្ទាតចេញពីក្នុងរថយន្ត បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរបំផុត។ ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង៦នាក់ ត្រូវបានគេបញ្ជូនមកសង្គ្រោះជីវិត នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ ហើយរហូតមកទល់នឹងពេលនេះ អ្នកទាំង៦បានរួចផុតពីគ្រោះភ័យនោះហើយ។ ចំណែក ពលទាហាន ដែលជាសិក្ខាកាមថ្មីម្នាក់ និងអ្នករួមដំណើរម្នាក់ទៀត បានស្លាប់ និងរងរបួសធ្ងន់ កាលពីព្រលប់ថ្ងៃទី១៧កុម្ភះ២០១៨ នៅថ្ងៃទី២ចូលឆ្នាំចិន-វៀតណាម នៅផ្លូវបំបែកប្រលានយន្តហោះ ក្រុងស្ទឹងត្រែង ចូលទៅឃុំកំភុនឃុំកំភុន ស្រុកសេសាន្ត ស្ថិតនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។

មន្ត្រីប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ស្រះឬស្សី បាននិយាយថា គ្រោះថ្នាក់ដែលបណ្តាលឲ្យពលទាហានម្នាក់ បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់នោះ គឺនៅក្រោយពីរថយន្តប្រភេទទេសចរ ផ្ទុកចំណុះ៤៥កៅអី១គ្រឿង បានបើកបរក្នុងគោលដៅពីលិចទៅកើត។ ឯជនរងគ្រោះបានជិះម៉ូតូឌុបគ្នាពីរនាក់ បើកបរពីកើតមកលិច ក្នុងទិសដីផ្ទុយគ្នា។ លោកថា នៅគ្រានោះ អ្នកបើកម៉ូតូបានជិះម៉ូតូមកដល់ចំណុចផ្លូវបំបែក ហើយបានបើកហួសគំនូសពុះទ្រូងផ្លូវ និងបានជ្រុលចង្កូត មកបុករថយន្តទេសចរនោះយ៉ាងពេញទំហ៊ឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់។ ក្រោយជួបគ្រោះថ្នាក់នោះមក តៃកុងរថយន្តបានភាសខ្លួនចេញពីទីកើតហេតុ ឯជនរងរបួសត្រូវគេបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង។ ចំណែក សាកសពពលទាហាននោះ ត្រូវបានមន្ត្រីបគរបាល ប្រគល់ទៅឲ្យក្រុមគ្រួសារនៃសព យកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

 

Loading...