មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ ចូលសហគមន៍ តាមព្រំដែនខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ របស់កងពល សហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ដែលកំពុងឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺឆ្លងកូវីដ-១៩។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានដាក់បទបញ្ជា ដល់កងកម្លាំង គ្រប់បណ្តាគោលដៅ យកចិត្ដទុកដាក់ ល្បាត ត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង ករណីចាំបាច់ ជួបប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ ត្រូវពន្យល់ណែនាំ អំពីផលប៉ះពាល់នៃជម្ងឺឆ្លងកូវីដ១៩ ចំពោះបុគ្គល គ្រួសារ និងសហគមន៍ ដោយរក្សាគម្លាតសុវត្ថិភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាយការណ៍តាមឋានានុក្រម ជាបន្ទាន់ ដើម្បីឲ្យជំនាញដឹកជញ្ជូនយកមកធ្វើចត្តាឡីស័កតាមបណ្តាគោលដៅដែលបានកំណត់។

សូមបញ្ជាក់ថា ស្ថិតនៅក្នុងពេលចុះត្រួតពិនិត្យ តាមគោលដៅក៏បានជួបប្រជាពលរដ្ឋឆ្លងដែន ចំនួន៣នាក់ ក្នុងនោះដែរលោកមេបញ្ជាការបានណែនាំដល់ប្រជាពលរដ្ឋ សុំឲ្យចូលរួមសហការធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

Loading...