មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បន្តចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍តាមបណ្តាគោលដៅ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ចូលសហគមន៍។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានដាក់បទបញ្ជា ដល់កងកម្លាំង គ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់ រឹតបណ្តឹង និងល្បាត ត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង មិនឲ្យមានប្រជាពលរដ្ឋឆ្លងដែនចូលមក ដោយមិនបានធ្វើចត្តាឡីស័កជាដាច់ខាត គ្រប់បណ្តាគោលដៅដែលបានកំណត់។

លោកមេបញ្ជាការកងពល បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដល់កងកម្លាំងជួរមុខដែលកំពុងបំពេញបេសកម្មប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះទប់ស្កាត់ ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ ពិសេសសូមឲ្យប្អូនទាំងអស់គ្នាយកចិត្តទុកដាក់ថែទាំសុខភាព ហើយកម្លាំងជួរមុខនេះនៅពេលខាងមុខ និងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩មុនគេ។

លោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ក៏សូមអរគុណជូនចំពោះថ្នាក់ដឹកនាំ អាជីវករ និងប្រជាពលរដ្ឋ នៅជិតព្រំដែន ដែលតែងតែយកចិត្តទុកដាក់និងលើកទឹកចិត្ត ដល់កងកម្លាំង ដោយបាននាំយកនូវគ្រឿងឧបភោគបរិភោគ ម៉ាស់ អាល់កុលនិងជែល សម្រាប់កងកម្លាំងកំពុងប្រតិបត្តិការ ដើម្បីការពារប្រជាជន និងជាតិមាតុភូមិ៕

Loading...