មេប៉ុស្តិ៍ច្រកដាក់ដាំ បើកដៃឲ្យឈ្មួញនាំឈើចេញ និងនាំទំនិញគេចពន្ធចូល

សេចក្តីរាយការណ៍ពីមន្ត្រី និងសមត្ថកិច្ចតូចតាចនៅច្រកដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា រហូតមកដល់ពេលនេះឈ្មួញធំៗមួយចំនួននៅតែអាចដឹកជញ្ជូនឈើចេញទៅ ស្រុកយួនតាមច្រកដាក់ដាំ និងច្រករបៀងកង់ឡង់ នៅក្បែរនោះយ៉ាងពេញបន្ទុកដូចមុន ដដែល ព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានកាតទប់ស្កាត់នោះទេ ។

មេប៉ុស្តិ៍ច្រកដាក់ដាំនិងច្រកកង់ឡង់ លោក យ៉ូ សុធា ត្រូវបានគេដឹងថា ជាអ្នកឃុបឃិតជាមួយសមត្ថ កិច្ចពាក់ព័ន្ធដទៃទៀតហើយបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេងដើម្បីជាថ្នូរនឹងលុយកាក់ ផលប្រយោជន៍។ ហេតុនេះហើយទើបឈ្មួញនៅតែអាចដឹកជញ្ជូនឈើចេញទៅ ស្រុកយួនតាមច្រកទាំងពីរខាងលើយ៉ាងរលូនព្រោះមានលោក យ៉ូ សុធា និងសមត្ថកិច្ចពាក់ ព័ន្ធដទៃទៀតជាអ្នកសម្របសម្រួលបើកផ្លូវជាប្រចាំផងដែរ ។

សេចក្តីរាយការណ៍ពីមន្ត្រីអាជ្ញាធរនិងសមត្ថកិចមូលដ្ឋានក្នុងស្រុកអូររាំង ក៏បានឲ្យដឹងដែរថា ក្រៅពីឈ្មួញដឹកជញ្ជូនឈើចេញតាមច្រកដាក់ដាំ និងច្រកកង់ឡង់យ៉ាងពេញបន្ទុក គឺនៅ តាមច្រកដាក់ដាំក៏មានករណីឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ព្រមទាំង ប្រេងសាំងគេចពន្ធយ៉ាងពេញបន្ទុក និងគឃ្លើនបំផុត ។

លោក យ៉ូ សុធា មេប៉ុស្តិ៍ច្រកដាក់ដាំ ត្រូវគេរាយការណ៍ថា បានឃុបឃិតជាមួយមេគយប្រចាំច្រកនេះ ទើបឈ្មួញអាចនាំចូលទំនិញ និងប្រេងសាំងគេចពន្ធពីស្រុកយួនចូលស្រុកខ្មែរ ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ ក្នុងនាមជាមេប៉ុស្តិ៍ច្រកដាក់ដាំនិងច្រកកង់ឡង់ លោក យ៉ូ សុធា អាចប្រមូលលុយបានយ៉ាងច្រីនពីបទល្មើសព្រៃឈើ និងបទល្មើសសេដ្ឋកិច្ច ។

ប្រជាពលរដ្ឋរស់នៅក្បែរច្រកព្រំដែនដាក់ដាំ ស្រុកអូររាំង ខេត្ត មណ្ឌលគិរី បានឲ្យដឹងថា រហូតមកដល់ពេលនេះបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ចេញទៅ ស្រុកយួនតាមច្រកដាក់ដាំនិងច្រកកង់ឡង់ នៅតែកើតឡើងយ៉ាងពេញបន្ទុកដដែលដោយ ការបើកដៃពីលោក យ៉ូ សុធា និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។

ប្រភពបន្តថា ឈ្មួញយួនខ្លះអាចចូល មកប្រមូលទិញឈើក្នុងស្រុកអូររាំង ស្រុកពេជ្រាដា ស្រុកកោះញែក ស្រុកកែវសីមា ហើយដឹក ចេញទៅស្រុកយួន តាមច្រករបៀងកង់ឡង់ ក្នុងមួយយប់ៗជាច្រើនរថយន្ត ព្រោះមានអ្នក រត់ការបើកផ្លូវរួចទៅហើយ។

រឿងអាស្រូវពុករលួយរបស់លោក យ៉ូ សុធា មេប៉ុស្តិ៍ច្រកដាក់ដាំ និងច្រកកង់ឡង់ ជារឿងដែលក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរបណ្តែតបណ្តោយតទៅទៀត ទេ ព្រោះបច្ចុប្បន្នបទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួននៅតែកើតឡើងយ៉ាងពេញ បន្ទុកហើយព្រៃឈើក្នុងខេត្តមណ្ឌលគិរី កំពុងប្រឈមការហិនហោចអស់គ្មានសល់ ៕

Loading...