មេយោធាខេត្តស្ទឹងត្រែងក្រើនរំលឹកដល់យុទ្ធជនព្រំដែនកុំយកខ្លួនទៅជាប់ពាក់ព័ន្ធក្នុងអំពើរត់ពន្ធគ្រឿងញៀន និងត្រូវត្រៀមខ្លួនឈរលើភាពអង់អាចក្លាហានការពារបូរណភាពទឹកដី

ខេត្តស្ទឹងត្រែង៖ ការដាស់តឿនក្រើនរំលឹក ដល់យុទ្ធជនព្រំដែនទាំងនោះ គឺបានធ្វើឡើងគ្រាដែលថ្នាក់ដឹកនាំយោធាខេត្ត បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខាប្រើប្រាស់ ថវិកា និងការបំពាក់ឋានន្តរសក្តិ ជាការលើកទឹកចិត្តជូន នាយទាហាន ការពារព្រំដែនកម្ពុជា-ឡាវ ជិត៣០នាក់ នៅមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឈានចូលមកដល់ នៅទីបញ្ជាការស្រាល សមរភូមិមុខ អូរគរ២ «អូរតាឡាវ» នាថ្ងៃ៩មេសាម្សិលមិញនេះ នៅក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

នៅក្នុងដំណើរនាំយកគ្រឿងបរិភោគ និងថវិកាទៅឧបត្ថម្ភយុទ្ធជនព្រំដែននោះ ឈ្លាតក្នុងឧិកាសដ៏មមាញឹក និងមានតម្លៃនោះ មេយាធាខេត្តស្ទឹងត្រែង បានលើកទឹកចិត្តដោយបំពាក់ឋានន្តរស័ក្តិ ដល់នាយទាហាន២៨រូប ក្នុងនោះឋាន:អនុសេនីយ៍ឯក ២រូប អនុសេនីយ៍ត្រី១៤រូប និងថ្នាក់នាយចំណង់១២រូប។ ការបំពាក់ឋានន្តរស័ក្តិ ដល់នាយទាហានព្រំដែនទាំង២៨រូបនោះ ត្រូវបានមេយោធាខេត្តស្ទឹងត្រែង ថ្លែងបញ្ជាក់ថា គឺជាការផ្តល់កិត្តិយសមួយឲ្យសក្តិសមទៅនឹងការខិតខំបំពេញកាតព្វកិច្ច ការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ របស់នាយទហានព្រំដែនទាំងនោះ ពីសំណាក់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរៈភូមិន្ទ ក្រសួងការពារជាតិ ពិសេស មានការគិតគូខ្ពស់ពី ប្រមុខដឹកនាំ រាជរដ្ឋាភិបាល ។

អំណោយដែលត្រូវចែកជូនយុទ្ធជនការពារព្រំដែន នៅគ្រានោះ រួមមាន សាច់ជ្រូក១០០គីឡូក្រាម ទឹកសៀង១០០គីឡូក្រាម ឆៃប៉ូវ៦០គីឡូក្រាម ស្ពៃក្តោប៥០គីឡូក្រាម មី២០កេះ ទឹកក្រូច២០កេះ ស្រាបៀរ២០កេះ ព្រមទាំងថវិកា ១លានរៀលទៀតផងដែរ។

នាយការិយាល័យទី៥ នៃអង្គភាពតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង លោកវរៈសេនីយ៍ទោ ខេង សុធី បានឡើងអានច្បាប់ផ្សព្វផ្សាយ ពីផលប៉ះពាល់គ្រឿងញៀន ជូនដល់នាយទាហាន និងពលទាហានព្រំដែនទាំងអស់ បានជ្រួតជ្រាប ពីការសេព ប្រើប្រាស់ និងការជួញដូរគ្រឿងញៀន ដោយតម្រូវឲ្យប្រជាពលរដ្ឋ ពិសេស កងកម្លាំងប្រដាប់អាវុធ ត្រូវតែដកខ្លួនចេញឲ្យពីផុត ពីការប្រព្រឹត្តអំពើផ្ទុយពីច្បាប់រដ្ឋនេះ។

មេបញ្ជាការរង តំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី វ៉ាន់ តារ៉ាសិដ្ឋ បានថ្លែងពាំនាំផ្តាំផ្ញើការសាកសួរសុខទុក្ខ ដល់នាយទហាន និងយុទ្ធជនព្រំដែនទាំងអស់ ថាលោកឧត្តមសេនីយ៍ស្វាយ ញ៉ន មេបញ្ជាការតំបន់សិករងខេត្ត នៅតែយកចិត្តទុកដាក់ ចំពោះបងប្អូនដែលជាកម្លាំងការពារព្រំដែន កម្ពុជា-ឡាវ នូវគ្រប់ពេលវេលា។ លោកមេបញ្ជាការ បានជូនពរយុទ្ធជនការពារព្រំដែន ពីសមរភូមិក្រោយ ឲ្យជួបប្រសព្វតែនឹងសេចក្តីជ័យជំនះគ្រប់ភារកិច្ចនៅចំពោះមុខ ដែលថ្នាក់លើបានប្រគល់ជូន។

មេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង នៅគ្រាកន្លងមក លោកធ្លាប់បានក្រើនរំលឹកចំពោះនាយទាហាន នាយតាហានរង និងពលទាហានទាំអស់ សូមកុំយកខ្លួនទៅប្រព្រឹត្តបទល្មើស ដែលជាទង្វើមួយសង្គមស្អប់ខ្ពើម ហើយផ្ទុយពីច្បាប់ ជាពិសេស មិនត្រូវសេព ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀននោះជាដាច់ខាត។ ប៉ុន្តែ យុទ្ធជនទាំងអស់ត្រូវធ្វើអំពើល្អជាមួយប្រជាជន ព្រោះពួកគាត់គឺជាឪពុកម្តាយរបស់កងទ័ព ហើយត្រូវដុះខាត់ចិត្តឲ្យបានរឹងមាំ ឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីត្រៀមប្រយុទ្ធជាមួយសត្រូវ ដែលមានមហិច្ឆតាឈ្លានពានទឹកដី ៕

Loading...