មេៗឆ្នោតយួន ដុះស្លែនៅភ្នំពេញ ប្រើក្រុមអនាមិក វាយយកទីតាំងកត់ឆ្នោតខុសច្បាប់ឱ្យខ្លួន

ភ្នំពេញ ៖ ករណីបែបនេះអាចចាត់ទុកថា មិនមែនជារឿងថ្មីនោះ នៅក្នុងរាជធានីភ្នំពេញ ដោយមេៗឆ្នោតវៀតណាមខុសច្បាប់ បានប្រើប្រាស់ក្រុមអនាមិកប្រហែល ៤ទៅ ១០នាក់ ដើម្បីចូលទៅសម្លុត អ្នកកត់ឆ្នោតមួយណា ដែលរឹងទទឹងមិនព្រម ប្រមូលលុយឱ្យខ្លួន មានពេលខ្លះ ពួកគេអុកឡុក ធ្វើឱ្យផ្អើលនៅតំបន់នោះ និងមានពេលខ្លះ ក្រុមកាងប៉ះក្រុមកាងឆ្នោតដូចគ្នា វាយគ្នាផ្អើលអ្នកភូមិក៏មាន ។

និយាយកាន់តែងាយយល់ គឺអ្នកកត់ឆ្នោតទាំងអស់ ក្នុងរាជធានីភ្នំពេញ ខ្លះកត់ឆ្នោតវៀតណាមពេញមុខ ខ្លះទៀតកត់ឆ្នោតវៀតណាមស្ថិតក្រោមស្លាកកត់ឆ្នោតខ្មែរ ដែលមានច្បាប់ ។ អ្នកកត់ឆ្នោតទាំងនោះ មានរចនាសម្ព័ន្ធត្រឹមត្រូវ (អ្នកកាង , អ្នកចាត់ចែង ) នៅពីក្រោយខ្នង ទើបការប្រព្រឹត្តអំពើខុសច្បាប់ទាំងនោះ នៅបានសុខស្រួល គ្មានខាងណាបង្ក្រាប ។ បើគ្មានអ្នកកាងទេ មិនយូរជាង៣ថ្ងៃនោះទេ ប្រាកដជាមានការចាប់ចងភ្លាមៗ ថតបង្ហាញមុខជាសាធារណៈ ទុករាយការណ៍ជូនថ្នាក់លើទៀត ។

ពួកគេធ្វើបែបនេះ បានជោគជ័យជាបន្តបន្ទាប់ រហូតកើតជា អ្នកកត់ហូរហែរ រាប់រយរាប់ពាន់ទីតាំង ទោះនៅក្នុងផ្សារ មួយចំនួនធំក៏មានដែរ ។ មេៗទាំងនោះ ក៏ចាប់ផ្ដើមបែកគំនិត រកស៊ី កាន់តែច្រើនទៅៗ ពង្រីកបណ្ដាញ ពង្រីកសាខា និងឈានទៅដល់ វាយយកទីតាំងគ្នា ពោលអ្នកកត់នោះ មានមេកាងរួចទៅហើយ តែមេផ្សេងនេះ ទៅសម្លុតឱ្យកត់ឱ្យពួកគេវិញ ដោយប្រើមនុស្សមានធំៗពាក់អាវស៊ីវិល ខ្លះមានអាយកូម ខ្លះមានអាយឌី ពាក់ស្រោមដៃ ពាក់ម៉ាស មួកឃ្លុបជាប់រហូត មិនងាយស្គាល់មុខពួកទាំងនោះទេ ។កន្លងមក ពួកនោះធ្លាប់អះអាងថា ពួកគេជាកងកម្លាំង ប៉ុន្តែមិនបញ្ជាក់អង្គភាព ហើយពួកមានសិទ្ធហៅសមត្ថកិច្ចមកចាប់បាន បើមិនព្រមប្រមូលលុយឱ្យមេគេ ។

មេៗទាំងនោះដែលធ្លាប់ល្បីនិងកំពុងល្បីប្រចាំរាជធានី ភ្នំពេញ មានដូចជា លោកឧកញ៉ា អ៊ូ ឆាយ មេធំបំផុតដុះស្លែ , លោកផ្កាយ២នៅង៧០ ហេង ឡាលីន , ហេង សម្បត្តិគ័ង ហៅK38 ហៅV168 ( K38 គឺជាហ្គេមអនឡាញ ចំណែក V168 ជាឆ្នោតវៀតណាម) និង ឈ្មោះ ពុទ្ធ ស្រ៊ុនរស្មី មេល្បែងស៉ីសងជាច្រើនមុខទៀត ( ឈ្មោះ៣រូបនេះ គឺជាក្រុមតែមួយ ) និង ឈ្មោះ ម៉ាន់ ដេវិដ ជាមន្ត្រីកងរាជអាវុធហត្ថ លើផ្ទៃប្រទេស យីហោ «888» , និងមេៗដែលមិនសូវល្បី ឈ្មោះជាច្រើនទៀត ។

សូមរំលឹកថា ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ សម្តេចក្រឡាហោម ស ខេង បានណែនាំឲ្យ អាជ្ញាធររាជធានីភ្នំពេញ បង្ក្រាបល្បែងស៊ីសង គ្រប់ប្រភេទ ដែលកើតមាន នៅក្នុងរាជធានីភ្នំពេញ អោយខាងតែបាន។ បន្ទាប់មក ឯកឧត្ដម ឃួង ស្រេង ក៏ប្រកាសណែនាំបន្ត ឱ្យសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាប ជាពិសេសព្រមានដកប្រធានផ្សារ បើសិនជាផ្សាររបស់ខ្លួន មានកតត់ឆ្នោតខុសច្បាប់ ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់ឃើញលទ្ធផល អ្វីទាំងអស់ ៕

Loading...