មេ​ឈ្មួញ គង់ ក្រឹ​ង នៅតែ​បង្ហាញ​ឥទ្ធិពល​ខ្លាំងក្លា​ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​

ខេត្តក្រចេះ៖ តាម​ការ​បង្ហើប​ពី​មន្ត្រី​យោធា​នៅក្នុង​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​២០៤ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​មេ​ឈ្មួញ គង់ ក្រឹ​ង កំពុង​បង្ហាញ​ពី​ឥទ្ធិពល​ខ្លាំងក្លា​ក្នុងការ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ច្រករបៀង​ដេ​២ ដេ​៣ និង​ដេ​៤ ក្នុងភូមិ​ត្រ​ពាំ​ស្រែ គឺ​មេ​ឈ្មួញ គង់ ក្រឹ​ង ព្រមទាំង​បក្ខពួក​បាន​ឈូសឆាយ​ធ្វើ​ផ្លូវ​មួយចំនួនទៀត​ដើម្បី​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ​។

ចំណែក​មន្ត្រី​អាជ្ញាធរ​ខេត្តក្រចេះ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង បង្កើន​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តែម្តង​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មេបញ្ជាការ​យោធា​ខេត្តក្រចេះ ក៏មាន​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ផងដែរ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ គង់ ក្រឹ​ង បាន​ឲ្យ​ដឹង​ទៀតថា ដើម្បី​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន គឺ​មេ​ឈ្មួញ គង់ ក្រឹ​ង បាន​ចំណាយលុយ​រាប់សែន​ដុល្លារ​ក្នុង​មួយខែៗ ហេតុនេះហើយ​ទើប​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ គង់ ក្រឹ​ង ដែលជា​ឧកញ៉ា​និង​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា​នោះឡើយ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ និង​លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ សុទ្ធតែជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង ដូច្នេះហើយ​ទើប​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូន្យ​នាពេល​ឆាប់ៗ​ខាងមុខ​ចៀស​មិន​ផុត​ឡើយ​។

មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញ គង់ ក្រឹ​ង មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​ធំៗ​និង​សមត្ថកិច្ច​ធំៗ​ក្នុង​ខេត្តក្រចេះ ហេតុនេះហើយ​ទើប​មេ​ឈ្មួញ គង់ ក្រឹ​ង អាច​ប្រមូល​ទិញ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១ ស្តុក​ទុក​ក្នុង​ឃ្លាំង​ខាងក្រោយ​បន្ទាយ​យោធា​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​២០៤ ដើម្បី​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ជាច្រើន​កន្លែង​យ៉ាង​គឃ្លើន​។

មន្ត្រី​យោធា​នៅក្នុង​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​២០៤ បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា ការ​ឈូសឆាយ​ធ្វើ​ផ្លូវ​ច្រករបៀង​បន្ថែម​គឺ​ដើម្បី​ងាយស្រួល​ក្នុងការ​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង ព្រមទាំង​បក្ខពួក​ព្រោះ​មានការ​ឃុបឃិត​ពី​ក្រុមមន្ត្រី​ពុករលួយ​។

សកម្មភាព​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង បង្ហាញ​យ៉ាងច្បាស់​ថា បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ចេញ​ក្រៅប្រទេស គឺជា​រឿង​ឥតន័យ​ព្រោះ​បច្ចុប្បន្ន​មេ​ឈ្មួញ គង់ ក្រឹ​ង និង​បក្ខពួក​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​៕

Loading...