មេ​ឈ្មួញ សឹង សំអុល បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី ចេញទៅ​ស្រុក​យួន​យ៉ាង​ក្រអឺតក្រទម​

បើទោះបី​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បានគេច​ប្រជុំ​ដាក់ចេញ​នូវ​ផែន​ការណ៍​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី យ៉ាងណាក៏ដោយ​ក៏​ជាក់ស្ដែង​មេ​ឈ្មួញ សឹង សំអុល នៅតែ​អាច​កាប់​ឈើ​ក្នុងស្រុក​កោះ​ញែក ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រការនេះ​បង្ហាញ​យ៉ាងច្បាស់​ថា បទបញ្ជា​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី កំពុង​ក្លាយទៅជា​រឿង​ឥតន័យ ព្រោះ​មេ​ឈ្មួញ សឹង សំអុល និង​ឈ្មួញ​ដទៃទៀត​នៅតែ​បន្តសកម្មភាព​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​ពេញបន្ទុក​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន ក្នុង​ខេត្តមណ្ឌលគិរី មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ សឹង សំអុល នោះទេ​ព្រោះ​ដឹងថា​ឧកញ៉ា​ជា​មន្ត្រី​អាវុធហត្ថ​រូបនេះ មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

ថ្មីៗ​នេះ​មន្ត្រីជាន់ខ្ពស់​ក្នុង​ស្ថាប័ន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានដាក់​ចេញ​នូវ​បទបញ្ជា​ទប់ស្កាត់​សកម្មភាព​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ និង​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ប៉ុន្តែ​ករណី​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តមណ្ឌលគិរី នៅតែ​ប្រព្រឹត្តទៅ​យ៉ាង​រលូន​។ សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​កត់សម្គាល់ថា មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី រួមទាំង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ សឹង សំអុល ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នោះឡើយ​។ ដូច្នេះហើយ​ទើប​មេ​ឈ្មួញ សឹង សំអុល បន្តសកម្មភាព​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី យ៉ាង​មហន្តរាយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​មន្ត្រី​ធំៗ​ក្នុង​ខេត្តមណ្ឌលគិរី គិតតែ​ពី​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​នៅ​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​មេ​ឈ្មួញ សឹង សំអុល នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ទន្ទឹមនឹងនេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​មេ​ឈ្មួញ សឹង សំអុល នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ជាច្រើន​កន្លែង​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ព្រោះ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ និង​សមត្ថកិច្ច​ខេត្ត​នេះ មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ សឹង សំអុល ដែលមាន​ខ្នងបង្អែក​ជា​មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នោះទេ​។ សកម្មភាព​របស់​មេ​ឈ្មួញ សឹង សំអុល ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តមណ្ឌលគិរី ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​សាបសូន្យ​នោះឡើយ​៕

 
Loading...