មេ​ឈ្មួញ ហ៊​ន ផានី បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​រលូន​

ខេត្តពោធិ៍សាត់៖ ប្រ​ភ​ពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ បាន​បង្ហើប​ឲ្យ​ដឹងថា ទោះបី​កន្លងមក​មេ​ឈ្មួញ ហ៊​ន ផានី មាន​សំណុំរឿង​ក្នុង​សាលាដំបូង​ខេត្តពោធិ៍សាត់ យ៉ាងណាក៏ដោយ ក៏​បច្ចុប្បន្ន​ឈ្មួញ​ម្នាក់នេះ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ដដែល​។ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ លោក សួស សុ​ផានិត ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត​ឲ្យ​មេ​ឈ្មួញ ហ៊​ន ផានី ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ភ្នំក្រវាញ ចូល​ក្រុង​ពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​ក្រអឺតក្រទម​។ ការដែល​លោក សួស សុ​ផានិត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​ផងដែរ​។
ថ្មីៗ​នេះ​ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ ហ៊​ន ផានី បាន​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​រូបនេះ​ហ៊ាន​បន្ត​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​រាលដាល​គឺ​ដោយសារ​អាង​មាន​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ជា​បង្អែក​ដ៏​រឹងមាំ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​មេ​ឈ្មួញ ហ៊​ន ផានី មិនអាច​បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះឡើយ ព្រោះ​ឈ្មួញ​ម្នាក់នេះ​មាន​សំណុំរឿង​ក្នុង​តុលាការ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​រួចទៅហើយ​។ ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា លោក សួស សុ​ផានិត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ ក៏ដូចជា​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ បានចាត់ទុក​មេ​ឈ្មួញ ហ៊​ន ផានី ជា​ប្រភព​ចំណូល​របស់​ពួកគេ​ទើប​ពួកគេ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ ហ៊​ន ផានី បន្ត​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន​។

គួរ​រំ​ឡឹ​ក​ដែរ​ថា​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៧ សាលាដំបូង​ខេត្តពោធិ៍សាត់ ធ្លាប់​ចាត់វិធានការ​តាមច្បាប់​ទៅលើ​មេ​ឈ្មួញ ហ៊​ន ផានី ដែល​ល្បីល្បាញ​ខាង​បន្ត​កាប់​ឈើ​និង​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​គឃ្លើន​។ ប៉ុន្តែ​មួយរយៈ​ចុង​ក្រោយនេះ​ស្រាប់តែ​មេ​ឈ្មួញ ហ៊​ន ផានី បន្តធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ដដែល ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ ក្នុងនោះ​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ឃុបឃិត​ឲ្យ​មេ​ឈ្មួញ ហ៊​ន ផានី ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក កែវ អូ​មាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម មិនគួរ​មើលរំលង​តទៅទៀត ព្រោះ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​មេ​ឈ្មួញ ហ៊​ន ផានី បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៧ លោក ហ៊ន ផានី ត្រូវបានសាលាដំបូងខេត្តពោធិ៍សាត់សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ពីបទ៖ កាប់ ប្រមូល និងកែច្នៃឈើប្រណិតគ្រប់ប្រភេទ ហើយប្រភពព័ត៌មាននានាខ្សឹបខ្សៀវនៅតាមតុកាហ្វេ និងដាក់ជាបញ្ហាសួរថា កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ថ្មីៗនេះ ឮថាស្ថាប័នច្បាប់នៃសាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចឃុំខ្លួនលោក ហ៊ន ផានី នៅពន្ធនាគារខេត្តពោធិសាត់ ក្រោយពីធ្វើការសាកសួរអស់ជាច្រើនម៉ោងនៅក្នុងបន្ទប់ ១នៃសាលាដំបូងខេត្តពោធិ៍សាត់ ដោយជាប់ចោទក្នុងករណីជាប់ពាក់ព័ន្ធ កាប់ ប្រមូល និងកែច្នៃឈើប្រណិតគ្រប់ប្រភេទ ព្រមទាំងឈានដល់ការឆែកឆេលំនៅដ្ឋានលោក ហ៊ន ផានី ទៀតផង។

ប្រភពព័ត៌មានខាងលើបន្តថា ការឃាត់ និងឃុំខ្លួនលោក ហ៊ន ផានី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅពន្ធនាគារខេត្តពោធិ៍សាត់ខាងលើ គឺអនុវត្តឡើងតាម(ដីកាបង្គាប់ឲ្យចូលខ្លួន)លេខ ១៣៧១ ពស ១៧ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បី៖ មកសាកសួរយកចម្លើយ ពីដំណើររឿង៖ កាប់ ប្រមូល និងកែច្នៃឈើប្រណិតគ្រប់ប្រភេទ ប៉ុន្តែគេមិនដឹងចម្លើយលោក ហ៊ន ផានី ឆ្លើយសារភាពឬយ៉ាងនោះទេ ទើបឈានដល់ដាក់ចូលឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តពោធិ៍សាត់នោះ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ពាក់ព័ន្ធទៅនឹងករណីសាលាដំបូងខេត្តពោធិ៍សាត់ឃុំខ្លួន លោក ហ៊ន ផានី នៅពន្ធនាគារខេត្តពោធិ៍សាត់ ដោយជាប់ពាក់ព័ន្ធក្នុងករណី(កាប់ ប្រមូល និងកែច្នៃឈើប្រណិតគ្រប់ប្រភេទ)នេះ មិនមែនត្រឹមតែលោក ហ៊ន ផានី ម្នាក់នោះទេ គឺមានរហូតដល់ទៅចំនួន ៣នាក់ឯណោះក្នុងថ្ងៃខែឆ្នាំជាមួយគ្នាហ្នឹង ហើយសាច់រឿងក៍មិនខុសគ្នាប៉ុន្មាននោះដែរ ប៉ុន្តែទំនងអ្នក ២នាក់ផ្សេងទៀតអាចដឹងខ្លួនមុនក៍គេចខ្លួនសិនទៅ។

ប្រភពព័ត៌មានដដែលខាងលើបញ្ជាក់បន្ថែមបន្តទៀតថា ក្រោយឃុំខ្លួនលោក ហ៊ន ផានី នៅរសៀលថ្ងៃដដែល គឺថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងចំរុះចុះឆែកឆេលំដ្ឋាន លោក ហ៊ន ផានី ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប៉ុន្តែរកមិនឃើញមានវត្ថុតាងអ្វីនោះទេ ដោយឡែក៖ ក្នុងកិច្ចប្រតិបត្តិការនោះកម្លាំងបានរកឃើញឈើប្រភេទប្រណិត(ក្រញូង)ចំនួន ៣៧០ដុំ មានទម្ងន់ចំនួន ៥៦០គីឡូក្រាម ស្មើរនឹងចំនួន ០,៤៦៦ម៉ែត្រត្រីគុណ នៅផ្ទះឈ្មោះ សឿន យ៉ាន ភេទស្រី ជាប់របងផ្ទះលោក ហ៊ន ផានី ស្ថិតក្នុងភូមិ.ឃុំខាងលើ៕

Loading...