មេ​ប៉ុស្ដិ៍​ច្រក​ខ្លាធំ លោក មិន ផុន និង​ប្រពន្ធ​ឈ្មោះ វ៉ាន់ ចា​ន្នី ហៅ​ច្រឹប កំពុង​សម្រុក​កាប់​ឈើ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​

ខេត្តរតនគិរី៖ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​យួន ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក មិន ផុន ជា​មេ​ប៉ុស្ដិ៍​ច្រក​ខ្លាធំ និង​ប្រពន្ធ​ឈ្មោះ វ៉ាន់ ចា​ន្នី ហៅ​ច្រឹប កំពុង​បង្កើន​សកម្មភាព​កាប់​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក មិន ផុន មិន​ត្រឹមតែ​ធ្វើ​សកម្មភាព​កាប់​ឈើ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ឃុបឃិត​ជាមួយ​លោក ងួន សុ​វណ្ណា មេ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​រាលដាល​តែម្តង​។

សកម្មភាព​របស់លោក មិន ផុន និង​ប្រពន្ធ​ឈ្មោះ ច្រឹប ក្នុងការ​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ គឺ​មានតែ​ឃុបឃិត​បើកដៃ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​។

តាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក មិន ផុន មេ​ប៉ុស្ដិ៍​ច្រក​ខ្លាធំ និង​លោក ងួន សុ​វណ្ណា មេ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ បាន​ឃុបឃិត​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញពី​ទឹកដី​ខ្មែរ​យ៉ាង​គគ្រឹកគគ្រេង​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ជនជាតិ​យួន​ប្រើប្រាស់​រថយន្ត​កែច្នៃ​ធុន​ធំ​ចំនួន​៥​គ្រឿង​ចូលមក​តាម​តំបន់​ព្រំដែន​ប៉ុស្ដិ៍​ច្រក​ខ្លាធំ គ្រប់គ្រង​ដោយ​លោក មិន ផុន ហើយ​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តែម្តង​។

បញ្ហា​នេះ​លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ព្រមទាំង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក មិន ផុន និង​ប្រពន្ធ​ឈ្មោះ ច្រឹប បន្ត​បំផ្លាញ​ព្រៃឈើ​តាម​ព្រំដែន​ក្នុងស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី យ៉ាង​មហន្តរាយ​គ្មាន​ញញើត​អ្វី​ឡើយ​។

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ប្ដី​ជា​មេ​ប៉ុស្ដិ៍​ច្រក​ខ្លាធំ ទើប​ឈ្មួញ​ឈ្មោះ វ៉ាន់ ចា​ន្នី ហៅ​ចែ​ច្រឹប សម្រុក​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​ភូមិ​សមុទ្រ​លើ ឃុំ​សេ​ដា ស្រុក​លំផាត់ ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​តែម្តង​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ជនជាតិ​យួន​ចូលមក​កាប់​ឈើ​ដឹក​ចេញ​តាម​ច្រក​ប៉ុស្ដិ៍​ខ្លាធំ​យ៉ាង​ពេញបន្ទុក ព្រោះ​លោក ងួន សុ​វណ្ណា មេ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ហើយ​បណ្ដោយ​ឲ្យ​លោក មិន ផុន និង​ប្រពន្ធ​ឈ្មោះ ច្រឹប ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​។

ជាក់ស្ដែង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​លោក មិន ផុន និង​ប្រពន្ធ​ឈ្មោះ ច្រឹប ដែលមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ងួន សុ​វណ្ណា មេ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ កំពុង​បង្កើន​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ក្រអឺតក្រទម ហើយ​រត់ការ​បើកផ្លូវ​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​ដឹក​ចេញពី​ទឹកដី​ខ្មែរ​តាម​ប៉ុស្ដិ៍​ច្រក​ខ្លាធំ ទាំងយប់​ទាំង​ថ្ងៃ​៕

Loading...